AstraZeneca ឈប់​លក់​វ៉ាក់សាំង COVID-19 ក្នុង «តម្លៃ​ដើម» ដល់​បណ្ដា​ប្រទេស

ក្រុមហ៊ុន AstraZeneca គ្រោង​នឹង​ប្រមូល «ប្រាក់ចំណេញ​តិចតួច» ពី​កិច្ចសន្យា​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ COVID-19 ថ្មី ជំនួស​ឱ្យ​ការរក្សា​រូបមន្ត «មិន​ស្វែងរក​ប្រាក់ចំណេញ»។

ក្នុង​សេចក្ដីប្រកាស​កាលពី​ថ្ងៃទី 12 វិច្ចិកា ក្រុមហ៊ុន​ផលិត​ឱសថ​របស់ អង់គ្លេស-ស៊ុយអែត AstraZeneca បានឱ្យដឹងថា ពួកគេ​កំពុងមាន​គម្រោង​ផ្លាស់ប្ដូរបណ្ដើរៗដើម្បី​រកប្រាក់​ចំណេញ​តិចតួច​នៅពេល​ទទួល​ការបញ្ជាទិញ​វ៉ាក់សាំង​ថ្មី»។ ពួកគេ​បន្តថា ខ្ទង់​ប្រាក់ចំណេញ​តិចតួច​ដែល​បានមកពី​ការលក់​វ៉ាក់សាំង​ក្នុង​ត្រីមាស​ទី​បួន នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ប៉ះប៉ូវ​លើ​ខ្ទង់ចំណាយ​ទាក់ទង​នឹង​សមាសធាតុ​នៃ​អង្គ​ប​ដិ​ប្រាណ​ដែល​ត្រូវបាន​អភិវឌ្ឍ​សម្រាប់​ការទប់ស្កាត់ និង​ព្យាបាល​ជំងឺ COVID-19។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន AstraZeneca លោក Pascal Soriot ​បាន​បញ្ជាក់ថា ពួកគេ​កំពុង​លើកឡើង​នូវ​តម្លៃ​ទាប​សមរម្យ និង​ទៅតាម​កម្រិតផ្សេងៗ អាស្រ័យទៅលើ​លទ្ធភាព​ចំណាយ​របស់​ប្រទេសនីមួយ។ លោក​ថា ប្រភេទ​វ៉ាក់សាំង​បង្ការ COVID-19 ដែល AstraZeneca សហការ​អភិវឌ្ឍ និង​ផលិត​ជាមួយ​សាកលវិទ្យាល័យ Oxford របស់ អង់គ្លេស នឹងមិន​ក្លាយជា «ប្រភព​ចំណូល​ធំ​នោះទេ»។

ប្រាក់ចំណូល​ពី​វ៉ាក់សាំង​បង្ការ COVID-19 របស់ AstraZeneca ក្នុង​ត្រីមាស​ទី​បី​គឺ 1.1 ពាន់​លាន​ដុល្លារ ទាប​ជាង​ឆ្ងាយ​ធៀប​នឹង 13 ពាន់​លាន​ដុល្លារ​របស់ Pfizer និង 4.8 ពាន់​លាន​ដុល្លារ​របស់ Moderna។ ក្រុមហ៊ុន​នេះ​ថែមទាំង​បានប្រកាស​អំពី​ខ្ទង់​ខាតបង់ 1.65 ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​បី ធៀប​នឹង​ខ្ទង់​ចំណេញ​ក្រោយ​ពន្ធ 651 លាន​ដុល្លារ​ក្នុងដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយសារតែ​ការបង្កើន​ចំណាយ​ទៅលើ​កម្មវិធី​ស្រាវជ្រាវ និង​អភិវឌ្ឍ​ជាច្រើន រួមទាំង​វិធីសាស្ត្រ​ព្យាបាល​ជំងឺ COVID-19 ផងដែរ។

AstraZeneca បាន​សន្យា​លក់​វ៉ាក់សាំង​ក្នុងតម្លៃ​ដើម​សម្រាប់​អំឡុង COVID-19 រាតត្បាត​សកល និង​កំពុង​គិតថ្លៃ​ប្រហែល 5 ដុល្លារ​ក្នុង​មួយ​ដូ​ស។ ប៉ុន្តែ លោក Soriot យល់ថា គ្រប់គ្នា​ត្រូវ​ទទួលស្គាល់ថា COVID-19 កំពុងតែ​ក្លាយទៅជា​ជំងឺ​តាម​តំបន់។ យើង​នឹងត្រូវ​រៀន​រស់នៅ​ជាមួយ​ជំងឺ​នេះ មានន័យថា ត្រូវ​ការចាក់​វ៉ាក់សាំង​រំលឹក​ឱ្យបាន​ទៀងទាត់» CEO របស់​ក្រុម​ហ៊ុន​ AstraZeneca ថ្លែង​ដូច្នេះ។

គិត​ត្រឹម​ចុងខែ​កញ្ញា AstraZeneca បាន​ផ្គត់ផ្គង់​វ៉ាក់សាំង COVID-19 ជាង 145 លាន​ដូ​ស ដល់​បណ្ដា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម តាមរយៈ​យន្តការ COVAX របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ពោលគឺ​ស្មើនឹង​​ពាក់​កណ្ដាល​​នៃ​ប្រភព​វ៉ាក់សាំង​របស់ COVAX។ តួលេខ​នេះ​នឹង​កើន​ឡើងដល់ 250 លាន​ដូ​ស​នៅ​ចុងឆ្នាំ​នេះ។

ទោះជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន AstraZeneca ក៏​នៅតែ​សន្យាថា ផ្គត់ផ្គង់​វ៉ាក់សាំង​ក្នុងតម្លៃ​ដើម ដល់​បណ្ដា​ប្រទេស​ក្រីក្រ​បំផុត៕

Advertisement