Twitter ថា កិច្ចព្រមព្រៀង​ទិញដូរ​ជាមួយ​មហាសេដ្ឋី Elon Musk នៅមាន​សុពលភាព ក្រោយពី​ម្ចាស់ Tesla ប្រកាស​ឈប់​ទិញ

បណ្ដាញ​សង្គម Twitter បាន​ស្នើឱ្យ​មហាសេដ្ឋី Elon Musk និង​ភាគី​ដែល​ពាក់ព័ន្ធ គោរព​តាម​កិច្ចព្រមព្រៀង ក្នុងនោះ​មាន​កាតព្វកិច្ច​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​សម្រេច​បានការ​ទិញដូរ​ទៅតាម​ការសន្យា។

កាលពី​ថ្ងៃទី ១១ កក្កដា បណ្ដាញ​សង្គម Twitter បាន​អះអាងថា ខ្លួន​មិនបាន​រំលោភ​លើ​កាតព្វកិច្ច​ណាមួយ​នៅក្នុង​កិច្ចព្រមព្រៀង​ជាមួយ​លោក Elon Musk ស្ដីពី​ការទិញ​ដូរ​បណ្ដាញ​សង្គម​នេះ និង​បាន​ស្នើឱ្យ​ម្ចាស់ Tesla បង្ហើយ​កិច្ចព្រមព្រៀង​នេះ​ផងដែរ។

មុន​នោះ កាលពី​ថ្ងៃទី ៨ កក្កដា លោក Elon Musk បានប្រកាស​លុបចោល​កិច្ចព្រមព្រៀង​ទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់​លាន​ដុល្លារ ដោយបាន​ចោទ​ភាគី​បណ្ដាញ​សង្គម​ថា បាន​រំលោភ​លើ​កិច្ចព្រមព្រៀង។

ក៏ប៉ុន្តែ នៅក្នុង​លិខិត​ចុះ​ថ្ងៃទី ១០ កក្កដា ដែល​បាន​ផ្ញើ​ទៅកាន់​លោក Elon Musk ភាគី​ខាង Twitter បាន​បញ្ជាក់ថា ក្រុមហ៊ុន​មិនបាន​បំពាន​លក្ខខណ្ឌ​ណាមួយ​នៅក្នុង​កិច្ចព្រមព្រៀង​នេះឡើយ។ ជាង​នេះ Twitter ថែមទាំង​បាន​ចោទថា លោក Musk មានបំណង​រំលោភ​លើ​កិច្ចព្រមព្រៀង។

បណ្ដាញ​សង្គម Twitter បាន​ស្នើឱ្យ​មហាសេដ្ឋី Elon Musk និង​ភាគី​ដែល​ពាក់ព័ន្ធ គោរព​កិច្ចព្រមព្រៀង ក្នុងនោះ​មាន​កាតព្វកិច្ច​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​សម្រេច​បានការ​ទិញដូរ​ទៅតាម​ការសន្យា។ Twitter អះអាងថា កិច្ចព្រមព្រៀង​នៅតែមាន​សុពលភាព ហើយ​ក្រុមហ៊ុន​នៅតែ​បន្ត​អនុវត្តតាមជំហានៗដើម្បី​បង្ហើយការ​ទិញដូរ​នេះ។

Twitter មាន​គម្រោង​ដាក់ពាក្យ​ប្ដឹង បង្ខំ​ឱ្យ​លោក Musk បង្ហើយ​កិច្ចការ​ទិញដូរ​ទៅតាម​កិច្ចព្រមព្រៀង។ ប្រភពព័ត៌មាន​មួយ​បាន​បញ្ជាក់ថា Twitter មានបំណង​ដាក់ពាក្យ​បណ្ដឹង​ឡើងទៅ​កាន់​តុលាការ​មួយ​នៅ Delaware នៅ​ដើម​សប្ដាហ៍​នេះ។

លោក Musk ព្រមាន​ថា ការប្ដឹង​ផ្ដល់​នឹង​នាំឱ្យ Twitter ត្រូវ​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ស្ដីពី​គណនី​ក្លែងក្លាយ និង​គណនី​សំរាម​នៅក្នុង​បណ្ដាញ​សង្គម Twitter ជា​សាធារណៈ ទៅតាម​សំណើ​របស់លោក។

កាលពី​ម្សិលមិញ ភាគហ៊ុន Twitter បាន​ធ្លាក់​ថ្លៃ ១១.៣% មក​នៅត្រឹម ៣២.៦៥ ដុល្លារ/ហ៊ុន ថយចុះ ៤០% ធៀប​នឹង​តម្លៃ​ដែល​បានកំណត់​នៅក្នុងពេល​លោក Musk យល់ព្រម​ទិញ​បណ្ដាញ​សង្គម​នេះ។ ប៉ុន្តែ ក្នុងការ​ជួញដូរ​ក្រៅ​ម៉ោង​ធ្វើការ ភាគហ៊ុន Twitter បាន​ងើបឡើង​ជិត ១%។ ដោយឡែក ភាគហ៊ុន Tesla របស់លោក Musk ក៏បាន​ដាំ​ក្បាល​ចុះ ៧%៕

Advertisement