ឧកញ៉ា​ម្នាក់​ចូលខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល ក្រោយ​មាន​ដីកាចាប់ខ្លួន

ឧកញ៉ា លី សាយ​ឃាង បាន​ចូលខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប តាម​ដីកាចាប់ខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​នេះ​បើតាម​នគរបាល​ជាន់ខ្ពស់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2021 បានចេញ​ដីកាចាប់ខ្លួន​ឧកញ៉ា លី សាយ​ឃាង ពាក់ព័ន្ធ​បទល្មើស​រំលោភ​លើ​ទំនុកចិត្ត និង​បរិហារកេរ្តិ៍​ជា​សាធារណៈ។

ជន​ត្រូវ​ចោទ​ឈ្មោះ លី សាយ​ឃាង ភេទ​ប្រុស អាយុ 58 ឆ្នាំ ជា​ជនជាតិខ្មែរ និង​មាន​មុខរបរ​អ្នកជំនួញ​នេះ មាន​ស្រុកកំណើត​នៅ​ឃុំ​ថ្ម​ស ស្រុក​គិរីសាគរ ខេត្តកោះកុង និង​មាន​ទីលំនៅ​ផ្ទះ​លេខ 53 ផ្លូវ​លេខ 184 សង្កាត់​ផ្សារ​ថ្មី 3 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

យោងតាម​ដីកាចាប់ខ្លួន លោក​ឧកញ៉ា លី សាយ​ឃាង ត្រូវបាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ករណី រំលោភ​លើ​ទំនុកចិត្ត និង​បរិហារកេរ្តិ៍​ជា​សាធារណៈ ប្រព្រឹត្ត​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ , សង្កាត់​និមិត្ត និង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​អំឡុង​ឆ្នាំ 2018 និង​អំឡុង​ឆ្នាំ 2017៕

Advertisement