លោក​ Elon Musk កំពុង​ត្រៀម​ខ្លួន​​លក់​ភាគហ៊ុន​តម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ នៅ Tesla ក្រោយ​ការស្ទង់មតិ​​លើ​​ Twitter

លទ្ធផល​នៃ​ការស្ទង់មតិ​បានបង្ហាញ​ថា 58% ក្នុងចំណោម​អ្នក​បាន​ចូលរួម​បញ្ចេញយោបល់ បាន​គាំទ្រ​ឱ្យ​មហាសេដ្ឋី Elon Musk លក់​ភាគហ៊ុន Tesla។

កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​កន្លងទៅ មហាសេដ្ឋី​លំដាប់​ទីមួយ​ក្នុង​ពិភពលោក Elon Musk បានធ្វើ​ការស្ទង់មតិ​មួយ​នៅលើ​បណ្ដាញ​សង្គម Twitter ស្ដីពី​ការដែល​ថា លោក​គួរតែ​លក់​ភាគហ៊ុន 10% របស់ខ្លួន នៅក្នុង​ក្រុមហ៊ុន Tesla ឬ​អត់។ យោងតាម​លទ្ធផល​នៃ​ការស្ទង់មតិ​ដែល​បានបញ្ចប់​កាលពីរ​ល្ងាច​ថ្ងៃអាទិត្យ (ម៉ោង​នៅ​ទីក្រុង​នី​វ​យ៉​ក) 58% ក្នុងចំណោម 3.5 លាន​នាក់​ដែល​បាន​ចូលរួម​បញ្ចេញយោបល់ បាន​គាំទ្រ​ឱ្យ​លោក Elon Musk លក់​ភាគហ៊ុន​នេះ។

យោងតាម​សារព័ត៌មាន Bloomberg មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ បច្ចុប្បន្ន​កាន់កាប់​ភាគហ៊ុន Tesla ចំនួន 170.5 លាន​ហ៊ុន។ បើសិនជា​លក់ 10% ក្នុងចំណោម​នេះ លោក Musk នឹង​រកបាន 21 ពាន់​លាន​ដុល្លារ​បន្ថែមទៀត។

«ខ្ញុំ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ទទួលយក​លទ្ធផល» លោក Musk បង្ហោះ​សារ​នៅលើ Twitter ដូច្នេះ ក្រោយពី​ការស្ទង់មតិ​បានបញ្ចប់។

ឥរិយាបថ​នេះ​របស់ Elon Musk ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល សហរដ្ឋ​អាម៉េរិក កំពុងមាន​ការជជែក​អំពី​ការយកពន្ធ​លើ​ខ្ទង់​ចំណេញ​មិនទាន់​ទទួលបាន ដូចជា​មូល​ប​ត្រ​ជាដើម។ CEO របស់ Tesla ក៏​ធ្លាប់បាន​អះអាងថា លោក​មិន​បានទទួល​ប្រាក់បៀវត្ស ឬ​ប្រាក់រង្វាន់​ពី​ក្រុមហ៊ុន​ណាមួយ​ឡើយ។

«ខ្ញុំ​មានតែ​មូល​ប​ត្រ។ ដូច្នេះ​ហើយ​ មាន​​វិធី​តែ​មួយគត់​ដែល​អនុញ្ញាតឱ្យ​ខ្ញុំ​បង់ពន្ធ​លើ​ប្រាក់ចំណូល​រូបវ័ន្ត​បុគ្គល (Personal Income) នោះ​គឺ​ការលក់​មូល​ប​ត្រ» លោក Elon Musk និយាយ​ដូច្នេះ។

Dan Ives អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន Wedbush Securities អះអាងថា ការដែល​ភាគ​ហ៊ុ​និក​លក់​ភាគហ៊ុន​ដ៏​ច្រើន តែង​ត្រូវបាន​គេ​ចាត់ទុកជា​សញ្ញា​អវិជ្ជមាន។ ប៉ុន្តែ ក្នុងករណី​របស់​មហា​សេដ្ឋី Elon Musk នេះ​វិញ នឹងមិន​ប៉ះពាល់​ខ្លាំង​ដល់ Tesla ទេ ព្រោះថា ទាំង​ក្រុម​អ្នកវិនិយោគ​ដែលមាន​អង្គការ​ចាត់តាំង ទាំង​អ្នកវិនិយោគ​លក្ខណៈ​បុគ្គល នៅតែ​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ៕

Advertisement