Tesla មានឈ្មោះ​ក្នុង​ក្លឹប​នៃ​បណ្ដា​ក្រុមហ៊ុន​តម្លៃ​លាន​លាន​ដុល្លារ ខណៈ Elon Musk រកបាន​រាប់សិប​ពាន់​លាន​ដុល្លារ​កាលពី​ម្សិលមិញ

មូល​ប​ត្រ Tesla បាន​កើនឡើង 13% កាលពី​ម្សិលមិញ (25/តុលា) ដែល​ជា​ការ​ឡើង​ថ្លៃ​​ខ្ពស់បំផុត​រាប់​ចាប់​តាំង​ពី​ដើមខែ​មីនា ឆ្នាំ​ 2021​ ជួយ​ឱ្យ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក នេះ បាន​កើនឡើង​លើសពី 1 លាន​លាន (ទ្រី​លាន/1000,000,000,000) ដុល្លារ​អាម៉េរិក។

យោងតាម​សារ​ព័ត៌មាន​ Bloomberg ក្រុមហ៊ុន Tesla គឺជា​ក្រុមហ៊ុន​ដែល​សម្រេចបាន​គោលដៅ​នៃ​មូលធន​ទីផ្សារ 1 លាន​លាន​ដុល្លារ លឿន​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក​បន្ទាប់ពី Facebook ដោយ​ចំណាយពេល​តែ​ជាង 11 ឆ្នាំ រាប់​ចាប់​ពីថ្ងៃ​ធ្វើ IPO ក្នុង​ខែមិថុនា ឆ្នាំ 2010។ ដូច្នេះ ក្លឹប​នៃ​ក្រុមហ៊ុន​ដែលមាន​មូលធន​ទីផ្សារ 1 លាន​លាន​ដុល្លារ​បច្ចុប្បន្ន រួមមាន ក្រុមហ៊ុន Facebook, Amazon, Microsoft, Alphabet និង Tesla ដែល​សុទ្ធតែជា​ក្រុមហ៊ុន​របស់ អាម៉េរិក។

មូល​ប​ត្រ Tesla បាន​ឡើងថ្លៃ​ខ្លាំង​បន្ទាប់ពី​ក្រុម​ហ៊ុន​ Hertz Global Holdings បាន​បញ្ជា​ទិញ​រថយន្ត​ចំនួន 100,000 គ្រឿង។ នេះ​គឺជា​ជំហាន​ដំបូង​នៅក្នុង​គម្រោង​ប្រកបដោយ​មហិច្ឆតា​ដើម្បី​ក្ដោប​ក្ដាប់​ទីផ្សារ​រថយន្ត​អគ្គិសនី​សម្រាប់​ជួល​របស់ Hertz Global Holdings។

មហាសេដ្ឋី Elon Musk

នេះ​អាចជា​ការជួញដូរ​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក ហើយ​វា​នាំមក​នូវ​ចំណូល 4.2 ពាន់​លាន​ដុល្លារ​ដល់ Tesla។ នេះ​បើតាម​ប្រភពព័ត៌មាន​របស់ Bloomberg។

គ្រាន់តែ​ក្នុង​ថ្ងៃ​ម្សិលមិញ មហាសេដ្ឋី Elon Musk ដែលជា CEO របស់​ក្រុម​ហ៊ុន​ Tesla ក៏​រកបាន​ប្រាក់​ចំនួន 36.2 ពាន់​លាន​ដុល្លារ។ Bloomberg ឱ្យដឹងថា បច្ចុប្បន្ន មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ មានទ្រព្យ​ចំនួន 288.6 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

Advertisement