ចិន ចាប់ខ្លួន​អតីត​ប្រធាន​ក្រុមហ៊ុន​ផលិត​អាវុធ​ក្នុងស្រុក

លោក​ Yin Jiaxu អតីតប្រធាន​ក្រុម​ហ៊ុន​ផលិត​អាវុធ​ចិន​ Norinco

អាជ្ញាធរ​ចិន បានសម្រេច​ចិត្ត​ចាប់ខ្លួន Yin Jiaxu អតីត​ប្រធាន​របស់ Norinco ដែលជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​បំផុត​នៅ ប្រទេស​ចិន។

ការចាប់ខ្លួន Yin Jiaxu អាយុ 65 ឆ្នាំនេះ ត្រូវបាន​ធ្វើឡើង​ក្រោម​បទ​ចោទ «សង្ស័យថា​បាន​ប្រព្រឹត្ត​អំពើ​ស៊ីសំណូក ផ្ដល់​ផលប្រយោជន៍​ដោយ​ខុសច្បាប់​ទៅឱ្យ​សាច់ញាតិ និង​មិត្តភក្ដិ»។

អតីត​ប្រធាន​ក្រុមហ៊ុន​ឧស្សាហក្ម​ភាគ​ខាងជើង​ប្រទេស (Norinco) ត្រូវបាន​គណៈកម្មការ​ជាតិ​អធិការកិច្ច និង​វិន័យ (Central Commission for Discipline Inspection/CCDI) ស៊ើបអង្កេត​រយៈពេល 7 ឆ្នាំ​មកហើយ ទាក់ទិន​នឹង «ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​វិន័យ និង​ច្បាប់» (ឃ្លា​ដែល​តែង​ត្រូវបាន​គេ​ប្រើប្រាស់​ជំនួស​ពាក្យ​ពុករលួយ នៅ ប្រទេស​ចិន) មុនពេល​ត្រូវបាន​ចាប់ខ្លួន។

លោក Yin Jiaxu ធ្លាប់ជា​លេខា​បក្ស និង​ជា​ប្រធាន​ក្រុមហ៊ុន Norinco រហូតដល់​ឆ្នាំ 2018។ លោក​ត្រូវ​បានប្រគល់​ខ្លួន​ទៅឱ្យ​តុលាការ​កាលពី​ថ្ងៃទី 30 កញ្ញា ឆ្នាំ 2021 បន្ទាប់ពី​ត្រូវ​បណ្ដេញ​ពី​បក្ស និង​ដកហូត​រាល់​មុខ​តំណាង និង​អត្ថប្រយោជន៍។

CCDI បាន​ចោទ​លោក Yin ថា បានទទួល​សំណូក​ជា​ទឹកប្រាក់ និង​អំណោយ​យ៉ាងច្រើន ព្រមទាំង​ប្រើ​តួនាទី​ទាញយក​ផលប្រយោជន៍​ជួយ​ដល់​អ្នកផ្សេង និង​ចែករំលែក​សកម្មភាព​ជំនួញ​ឱ្យទៅ​សាច់ញាតិ និង​មិត្តភក្ដិ ដែលនាំឱ្យ​ជាតិ​មានការ​ខាតបង់​ច្រើន។

មុនពេល​បាន​ឡើងកាន់តំណែង​ខ្ពស់បំផុត​នៅ Norinco ក្នុង​ពី​ឆ្នាំ 2013 លោក Yin ធ្លាប់បាន​ធ្វើការ​រយៈពេល 14 ឆ្នាំ​នៅក្នុង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Norinco ដែលមាន​ជំនាញ​ខាង​ផលិត​រថយន្ត​ទេសចរណ៍ រថយន្ត​ដឹកទំនិញ​ខ្នាតតូច និង​រថយន្ត​ដឹកទំនិញ​ពាណិជ្ជកម្ម។ លោក ត្រូវបាន​គេ​ចាត់ទុកថា​ជា​កូនសោ​សំខាន់​ដែល​ជួយ​ឱ្យ​ក្រុមហ៊ុន Norinco បាន​ចាក​ផុតពី​ហានិភ័យ​នៃ​ការ​ក្ស័យធន​កាលពី​ឆ្នាំ 1998។

លោក Yin គឺជា​ប្រធាន​ជាន់ខ្ពស់​ទី​ពីរ​របស់ Norinco ដែល​បាន​ប្រឈម​នឹង​តុលាការ ចាប់តាំងពី​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ផ្ដួចផ្ដើម​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​កាលពី 9 ឆ្នាំមុន៕

Advertisement