ធ្លាប់​ត្រូវ​រិះគន់ថា​អាក្រក់ ពេលនេះ Tesla Cybertruck ដំឡើង​មិនទាន់​ពេល​ឱ្យ​អតិថិជន

កាលពី​ត្រីមាស​ទី​ពីរ ឆ្នាំ 2021 ក្រុមហ៊ុន Tesla នៅមាន​ភាព​ជឿជាក់ថា រថយន្ត Cybertruck នឹង​ឈានដល់​ដំណាក់កាល​ដំឡើង​នៅក្នុង​រោងចក្រ Austin រដ្ឋ Texas ក្រោយពី​ខ្សែ​ច្រវាក់​ផលិតកម្ម​សម្រាប់​ស៊េរី Tesla Model Y បានចាប់ផ្ដើម​ដំណើរការ។ ប៉ុន្តែ ពេលនេះ Tesla បាន​ខក​សន្យា​ម្ដង​ទៀតហើយ។

ថ្មីៗនេះ Tesla Cybertruck បាន​ជូនដំណឹង​ដល់​អតិថិជន​របស់​ពួកគេ​ថា រថយន្ត​នេះ​នឹងត្រូវ​បាន​ផលិត​ចាប់ពី​ឆ្នាំ 2022។ មនុស្ស​ជាច្រើន​មិន​ជឿថា Tesla អាចធ្វើ​បាន​តាម​ការសន្យា​នេះឡើយ។

Tesla Cybertruck ដែលជា​រថយន្ត​ប្រភេទ​ភី​ក​អាប់ ត្រូវបាន​ឧទ្ទេសនាម​កាលពី​ខែវិច្ឆិកា ឆ្នាំ 2019 ហើយ​ត្រូវបាន​គេ​ចាប់អារម្មណ៍​ជាខ្លាំង ដោយសារតែ​រូបរាង​ដ៏​ចម្លែក​របស់​វា ព្រោះ​មិនមាន​ចំនុច​ណា​ដែល​ដូច​ទៅនឹង​ផលិតផល​របស់​ក្រុមហ៊ុន​ដទៃ។ ក៏ប៉ុន្តែ 2 ឆ្នាំ​កន្លង​ទៅហើយ Tesla នៅតែ​មិនទាន់​ធ្វើបាន​សម្រេច​តាម​ផែនការ ខណៈ Ford F-150 ដែល «ចេញដំណើរ​ក្រោយ» ប៉ុន្តែ «បាន​ដល់​គោលដៅ​មុន»។

ក្នុង​រយៈពេល​កន្លង មាន​ព័ត៌មាន​ជាច្រើន​អះអាងថា Tesla Cybertruck ទទួលបាន​ការបញ្ជាទិញ​រហូតដល់​ជិត 1.25 លាន​នាក់ ប៉ុន្តែ ជោគជ័យ​របស់ Tesla ត្រកូល​ភី​ក​អាប់​មួយ​នេះ នៅតែ​ត្រូវគេ​សង្ស័យ ក្រោយពី CEO លោក Elon Musk ទទួលស្គាល់​នៅលើ Twitter ថា រថយន្ត​នេះ​ប្រហែល​អាច​ក្លាយជា​ផលិត​ដែល​មិនសូវ​ជោគជ័យ ដោយសារ​វា​មាន​កត្តា​ជាច្រើន​ដែល​បង្កឱ្យមាន​ភាពចម្រូងចម្រាស ពិសេស​គឺ​ជុំវិញ​រឿង​រូបរាង​មហា​សែន​ចម្លែក​របស់​វា៕

Advertisement