ក្រុមហ៊ុន​បច្ចេក​វិទ្យា​ចិន បង្ហាញ​​ឆ្កែ​យន្ត CyberDog ស្រដៀង​នឹង Boston Dynamics Spot តែ​តម្លៃ​ទាប​ជាង​ឆ្ងាយ

CyberDog ប្រើប្រាស់​ឧបករណ៍​ដូច​ទៅនឹង Boston Dynamics Spot និង​មាន​សមត្ថភាព​អាច​រត់​ក្នុង​ល្បឿន 3.2 ម៉ែត្រ/វិនាទី អាចឆ្លើយតប​នឹង​សំឡេង​បញ្ជា និង​ដើរ​តាម​ម្ចាស់។

ឆ្កែ​យន្ត​ថ្មី​ដែល​ត្រូវបាន​ក្រុមហ៊ុន​ចិន Xiaomi ហៅថា ម៉ាស៊ីន open source សម្រាប់​ពិសោធន៍​នេះ មិនត្រូវ​បាន​គេ​ដឹង​ច្បាស់​អំពី​គោលបំណង​នៃ​ការអភិវឌ្ឍ​នៅឡើយ ប៉ុន្តែ Xiaomi បាន​បង្ហើប​ឱ្យដឹងថា CyberDog នេះ​គឺ​សម្រាប់​អ្នកគាំទ្រ​របស់ Xiaomi, វិស្វករ និង​ក្រុមមនុស្ស​ដែល​ចូលចិត្ត​រ៉ូ​បូត។

ផលិតផល CyberDog នេះ មានតម្លៃ 9,999 យុន (1,543 ដុល្លារ​អាមេរិក / 6,279,000 រៀល) ថោក​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​តម្លៃ​ដំបូង 74.000 ដុល្លារ​របស់​ឆ្កែ​យន្ត Boston Dynamics Spot។ ប៉ុន្តែ CyberDog នឹងត្រូវ​បាន​ផលិត​ត្រឹមតែ 1,000 គ្រឿង​ប៉ុណ្ណោះ។

CyberDog ត្រូវបាន​ក្រុមហ៊ុន Xiaomi អះអាងថា មាន​លក្ខណៈ​ដូច​ទៅនឹង​សត្វ​ចិញ្ចឹម ដោយសារ​វា​អាច​ប្រតិកម្ម​តប​នឹង​សំឡេង​បញ្ជា ឬ​ដើរ​តាម​ម្ចាស់។ CyberDog មាន​រូបរាង​ដូចជា​ឧបករណ៍​ដែល​មកពី​អនាគតកាល ស្រដៀង​នឹង​តួអង្គ​ក្នុង​ខ្សែភាពយន្ត​វិទ្យាសាស្ត្រ។

ក្រុមហ៊ុន Xiaomi និយាយថា CyberDog អាច​លោត​ត្រលប់​ខ្លួន​ទៅក្រោយ​ដូច​អ្នកចេះ​ក្បាច់គុន អាច​រត់​ក្នុង​ល្បឿន 3.2 ម៉ែត្រ/វិនាទី និង​មាន​ទម្ងន់ 3 គីឡូក្រាម។ ឆ្កែ​យន្ត​នេះ ប្រើប្រាស់​បច្ចេកវិទ្យា Jetson Xavier AI របស់ Nvidia និង​មាន​ឧបករណ៍​បច្ចេកវិទ្យា​ជាច្រើន ដូចជា កាមេរ៉ា អង្គ​ញាណ និង​ឧបករណ៍​កំណត់​ទិស GPS ។ល។

CyberDog អាច​វិភាគ​បរិយាកាស​ជុំវិញ បង្កើត​ផែនដី កំណត់​គោលដៅ និង​គេច​ពី​ឧបសគ្គ។ ឆ្កែ​យន្ត​នេះ នឹង​តាមដាន​ម្ចាស់​របស់​វា​ដោយ​ការសង្កេតមើល​កាយវិការ និង​ស្កេ​ន​ផ្ទៃមុខ។ ផលិតផល​នេះ​ក៏​អាច​ត្រូវបាន​បញ្ជា​ដោយ​ទូរស័ព្ទ​ឆ្លាត​វៃ ស្គាល់​ឃ្លាឃ្លោង​ដែលជា​បញ្ជា​របស់​ម្ចាស់។ល។

CyberDog មាន​រន្ធ USB-C ចំនួន 3, រន្ធ HDMI ចំនួន 1 ដែល​ត្រូវបាន​ប្រើ​ដើម្បី​បញ្ជា​ទៅលើ​គ្រឿង​ម៉ាស៊ីន​ខាងក្នុង។ CyberDog ក៏​អាច​បំពាក់​បន្ថែម​នូវ​អង្គ​ញាណ lidar, កាមេរ៉ា​មើលឃើញ​គ្រប់​ទិស (panoramic camera) ឬ ពិល​សម្រាប់​ស្វែងរក។ល។

Advertisement