ឆេះ​រោងចក្រ Foxconn របស់ តៃវ៉ាន់ នៅ​ប្រទេស​ចិន ក្រោយ​ស្ថាបនិក​ក្រុមហ៊ុន​នេះ ស្នើ​ទិញ​វ៉ាក់សាំង Covid-19 ជូន​កោះ​តៃវ៉ាន់

រោងចក្រ​មួយ​របស់ Foxconn ដែលជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក និង​កុំព្យូទ័រ ធំជាងគេ​ក្នុង​ពិភពលោក របស់​អ្នកជំនួញ តៃវ៉ាន់ នៅ​ប្រទេស​ចិន រងគ្រោះ​អគ្គិភ័យ​នៅ​ថ្ងៃទី2 ខែមិថុនា​នេះ។

រោងចក្រ​ដែល​រងគ្រោះ​អគ្គិភ័យ​នេះ ស្ថិតនៅក្នុង​ទីក្រុង Shenzhen ខេត្ត Guangdong ភាគខាងត្បូង​ប្រទេស​ចិន។ កម្លាំង​ពន្លត់​អគ្គិភ័យ បាន​ទៅដល់​កន្លែងកើតហេតុ និង​បាន​គ្រប់គ្រង​ស្ថានការណ៍​ទាន់ពេល។

ហេតុការណ៍​នេះ មិនបាន​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត ឬ​ប៉ះពាល់​ដល់​ផ្នែក​ផលិតកម្ម​នោះដែរ។ នេះ​បើតាម​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Foxconn។ ក្រុមមន្ត្រី​មាន​សមត្ថកិច្ច កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ករណីនេះ។

Foxconn បច្ចុប្បន្ន គឺជា​អ្នក​ផលិត​ឧបករណ៍​អេឡិចត្រូនិក​ទៅតាម​ការបញ្ជាទិញ ធំ​បំផុត​ក្នុង​ពិភពលោក។ ក្រុមហ៊ុន​នេះ មាន​ទីស្នាក់ការ​កណ្ដាល​នៅ​កោះ​តៃវ៉ាន់។

គួររំលឹកថា កាលពី​ថ្ងៃទី1 ខែមិថុនា កន្លងទៅ មហាសេដ្ឋី​តៃវ៉ាន់ លោក Terry Gou ដែលជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Foxconn បានដាក់​ពាក្យសុំច្បាប់​នាំចូល​កោះ​តៃវ៉ាន់ នូវ​វ៉ាក់សាំង​បង្ការ Covid-19 BioNTech របស់ អាល្លឺម៉ង់ ចំនួន 5លាន​ដូ​ស ដើម្បី​ចាក់​ជូន​ពលរដ្ឋ​កោះ។ អាជ្ញាធរ​កោះ​តៃវ៉ាន់ កំពុង​ពិនិត្យ​សំណើរ​នេះ៕

ប្រភព៖ Global Times, Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement