មហាសេដ្ឋី និង​ជា​ស្ថាបនិក​របស់​ផ្សារ​អន​ឡាញ Pinduoduo លាលែង​ពី​តំណែង

មហាសេដ្ឋី Colin Huang

មហាសេដ្ឋី Colin Huang លាលែង​ពី​តំណែង​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់ Pinduoduo បន្ទាប់ពី​ផ្សារ​អន​ឡាញ​នេះ​បាន​យកឈ្នះ​លើ​ក្រុមហ៊ុន​យក្ស Alibaba និង JD.com បើ​គិត​ទៅលើ​តួលេខ​អ្នកប្រើប្រាស់​សរុប។

Chen Lei ដែលជា​មិត្ត​រួម​ថ្នាក់​កាលពី​នៅ​រៀន និង​ជា​អ្នក​ធ្លាប់​ទទួល​តំណែង CEO ជំនួស Colin Huang ចាប់ពី​ខែកក្កដា ឆ្នាំ2020 នឹង​ឡើងកាន់តំណែង​ប្រធាន​របស់​ក្រុមហ៊ុន Pinduoduo។ នៅក្នុង​លិខិត​មួយ​ដែល​បាន​ផ្ញើ​ទៅកាន់​ម្ចាស់​ហ៊ុន​ទាំងអស់​កាលពីពេលថ្មីៗនេះ លោក Huang យល់ថា លោក​មាន​ភាពសមស្រប​ដើម្បី​ចាកចេញ​ពី​តំបន់​សុវត្ថិភាព និង​ចាប់ផ្ដើម​ដំណើរ​ផ្សងព្រេង​ថ្មី។ ទន្ទឹមនឹងនេះ មហាសេដ្ឋី​ចិន​រូបនេះ​ក៏បាន​ឱ្យដឹងថា Pinduoduo កំពុង​ឈានចូល​ដល់​ដំណាក់កាល​ពេញវ័យ ដូច្នេះ ការដែល​លោក​ចាកចេញ​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​រីកចម្រើន​ដោយ​ឯករាជ្យ​ជាង​មុន។

សេចក្ដីប្រកាស​ថ្មី​ដែល​ទើប​ត្រូវបាន​ក្រុមហ៊ុន Pinduoduo លើកឡើង​នាពេលថ្មីៗនេះ បាន​បញ្ជាក់ថា លោក Huang នឹង​ផ្ដោត​ការយកចិត្តទុកដាក់ និង​ស្រាវជ្រាវ​លើ​ផ្នែក​វិទ្យាសាស្ត្រ​ទាក់ទិន​នឹង​ការរស់នៅ ជា​វិស័យ​ដែល​អាច​បង្កើតបាន​ប្រការថ្មីៗដែល​ជួយ​ជំរុញ​វិស័យ​កសិកម្ម​នៅ​ប្រទេស​ចិន ឱ្យបាន​រីកចម្រើន​ជាង​បច្ចុប្បន្ន។ យោងតាម Wall Street Journal លោក Huang បាន​ទាក់ទង​ទៅកាន់​សាកលវិទ្យាល័យ​ជាច្រើន​ដើម្បី​បង្កើត​បន្ទប់ពិសោធន៍ សិក្សា​ស្រាវជ្រាវ​បច្ចេកវិទ្យា​ជីវសាស្ត្រ។

មហា​សេដ្ឋី​វ័យ​ 41​ឆ្នាំ លោក​Colin Huang កាន់​កាប់​ភាគ​ហ៊ុន​ 29​%​ នៅ​ក្នុង​ក្រុម​ហ៊ុន Pinduoduo

តម្លៃ​មូលធន​ទីផ្សារ​របស់ Pinduoduo បាន​ធ្លាក់ចុះ​ជិត 8% បន្ទាប់ពី​ព័ត៌មាន​ស្ដីអំពី​ការលាលែង​របស់លោក Huang ត្រូវបាន​ប្រកាស។ ទ្រព្យ​របស់​មហាសេដ្ឋី​វ័យ 41ឆ្នាំ​រូបនេះ​ក៏ត្រូវ​បាត់បង់​ប្រមាណ 4ពាន់​លាន​ដុល្លារ ព្រោះតែ​ការសម្រេចចិត្ត​របស់លោក។ ថ្វីបើ​បាត់បង់​សិទ្ធិ​ក្នុងការ​បោះឆ្នោត និង​អំណាច​ក្នុងការ​សម្រេចចិត្ត​ចុងក្រោយ​នៅក្នុង​ក្រុមប្រឹក្សាភិបាល បន្ទាប់ពី​ចាកចេញ​ពី​តំណែង​ចំនួន​ពីរ (នាយក​ប្រតិបត្តិ និង​ប្រធាន​ក្រុមប្រឹក្សាភិបាល) លោក Huang នៅតែ​ជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ​របស់ Pinduoduo ដោយ​កាន់កាប់​ភាគហ៊ុន​ចំនួន 29%។

ជាមួយនឹង​អ្នកប្រើប្រាស់​ចំនួន 788លាន​នាក់ Pinduoduo បច្ចុប្បន្ន​គឺជា​គូប្រជែង​ធំ​របស់​ផ្សារ​អន​ឡាញ Alibaba និង JD.com។ ជោគជ័យ​របស់ Pinduoduo មួយ​ភាគ​ធំ​គឺ​បានមកពី​រូបមន្ត «ទិញ​ជា​ក្រុម» នៅពេល​ក្រុមហ៊ុន​នេះ​លើកទឹកចិត្ត​ឱ្យ​អ្នកប្រើប្រាស់​ចែករំលែក​តំណ​ភ្ជាប់​អំពី​ផលិតផល​មួយ​មុខ ដើម្បី​អញ្ជើញ​មិត្តភក្ដិ​ចូលរួម​ទិញ​ជា​ក្រុម ក្នុង​បំណង​ទទួលបាន​តម្លៃ​ទាប​បំផុត។

ផ្សារ​អនឡាញ​ Pinduoduo

ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ Pinduoduo បានចាប់ផ្ដើម​វិនិយោគ​ច្រើន​ទៅលើ​វិស័យ​ដែល​ទាក់ទង​នឹង​កសិកម្ម ការសិក្សា​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​ថ្មី ដើម្បី​អាច​ក្លាយជា​បណ្ដាញ​​ផ្សារ​​ចាប​ហួយ​​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក។ ផ្សារ​​លក់​ទំនិញ​​ចាប​ហួយ​​អន​ឡាញ Duo Duo Grocery របស់​ក្រុមហ៊ុន​នេះ​ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​អតិថិជន​ជា​មេផ្ទះ ដោយសារ​មាន​លក់ និង​ដឹកជញ្ជូន​ដល់ដៃ​អ្នកប្រើប្រាស់​នូវ​ផលិតផល​ជា​គ្រឿងទេស។ ក្នុង​ឆ្នាំ2020 តម្លៃ​សរុប​នៃ​ផលិតផល​កសិកម្ម​ដែល​ត្រូវបាន​លក់​នៅលើ​ផ្សារ Pinduoduo បាន​កើន​ដល់ 270ពាន់​លាន​យុន (41,338,755,000ដុល្លារ​អាមេរិក) កើន​ទ្វេដង​បើ​ធៀប​នឹង​ឆ្នាំ2019 នាំឱ្យ Pinduoduo ក្លាយជា​ផ្សា​រលក់​ផលិតផល​កសិកម្ម​ធំជាងគេ​នៅ​ប្រទេស​ចិន៕

ប្រភព៖ CNBC, SCMP
ប្រែ​សម្រួល៖ បុត្រា

Advertisement