Saudi Aramco បាត់បង់​តំណែង «ក្រុមហ៊ុន​រកបាន​ប្រាក់ចំណេញ​ច្រើនជាងគេ​ក្នុង​ពិភពលោក» ទៅលើ​ដៃ Apple

Saudi Aramco ដែលជា​ក្រុមហ៊ុន​ប្រេង​ជាតិ​ដ៏​ធំ​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត លែង​ជា​ក្រុមហ៊ុន​ដែល​រកបាន​ប្រាក់ចំណេញ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក​ទៀតហើយ ដោយ​តំណែង​នេះ​បាន​ធ្លាក់​ទៅលើ​ដៃ​ក្រុមហ៊ុន Apple។

ក្រុមហ៊ុន Saudi Aramco បាន​ជួប​បញ្ហា​នេះ បន្ទាប់ពី Covid-19 បានធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ប្រេង​បាន​ធ្លាក់ចុះ​ខ្លាំង​ក្នុង​ឆ្នាំ2020។ យោងតាម CNN Business កាលពី​ថ្ងៃទី21 មីនា 2021 ក្រុមហ៊ុន Aramco បានប្រកាស​​​លទ្ធផល​នៃ​ការរកស៊ី​ក្នុង​ឆ្នាំ2020 ឱ្យដឹងថា ប្រាក់ចំណេញ​បាន​ធ្លាក់ចុះ44% ពោលគឺ​ចំណេញ​បាន​តែ​49​ពាន់​​លាន​ដុល្លារ​អាមេរិក។

តម្រូវការ​លើ​ការប្រើប្រាស់​ប្រេង​របស់​ពិភពលោក ទទួលរង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ2020 នៅពេលដែល​ប្រទេស​​នានា​បានដាក់​បំរាម​គោចរ​ដើម្បី​ទប់ស្កាត់ Covid-19 បណ្ដាលឱ្យ​សកម្មភាព​ចរាចរណ៍​ទូទាំង​ពិភពលោក​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន។ កាល​ពី​​ឆ្នាំ​2020 មានពេលខ្លះ​តម្លៃ​ប្រេង​បាន​ធ្លាក់​ដល់​ក្រោម​សូន្យ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដោយសារតែ​មិន​មាន​​តុល្យ​ភាព​​រវាង​តម្រូវការ​ជាមួយនឹង​ការផ្គត់ផ្គង់ នាំឱ្យ​ឃ្លាំង​ដាក់​ប្រេង​សល់ ស្ទើរតែ​អស់ពី​ទីផ្សារ។

Aramco ឱ្យដឹងថា លទ្ធផល​ជំនួញ​ដែល​បាន​ធ្លាក់ចុះ​គឺ​កើតឡើង​ដោយសារ​កត្តា​ជាច្រើន រួមមាន តម្លៃ​ប្រេង​ធ្លាក់​ថ្លៃ បរិមាណ​ប្រេង​ដែល​បាន​លក់​ចេញ​ថយចុះ ក៏ដូចជា​អត្រា​ចំណេញ​ថយចុះ​នៅតាម​ផ្នែក​ចម្រាញ់​គីមី​ប្រេង​ផង​ដែរ។

បញ្ហា​ខាងលើនេះ​មានន័យថា ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក Apple ដណ្ដើមបាន​តំណែង​ជា​ក្រុមហ៊ុន​រកបាន​ប្រាក់ចំណេញ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក ពី​ក្រុមហ៊ុន​ប្រេង Aramco។ ពេញ​មួយឆ្នាំ2020 Apple រកបាន​ប្រាក់​ចំណេញ​​ចំនួន​59​ពាន់​លាន​ដុល្លារ។ ក៏ប៉ុន្តែ តំណែង​នេះ​ទំនងជា​មិនអាច​នៅ​ជាមួយ Apple បានយូរ​ឡើយ ព្រោះថា តម្លៃ​ប្រេង​ពិភពលោក​បានចាប់ផ្ដើម​ងើប​ឡើងវិញ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ ឆ្នាំ2019 មុនពេល Covid-19 ក្លាយជា​មហា​រោគរាតត្បាត ក្រុមហ៊ុន​ប្រេង Aramco រកបាន​ប្រាក់ចំណេញ 88ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ៕

ប្រភព៖ CNN Business
ប្រែសម្រួល​៖ បុត្រា

Advertisement