ថៃ​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​សាច់មាន់​ធំ​ជាង​គេ​លំដាប់​ទីបី​លើ​ពិភពលោក

ប្រទេស​ថៃ​បាន​នាំចេញ​សាច់​មាន់​ជាង 100,000 តោន​ ដែល​ស្មើ​នឹង​ជាង 100 ពាន់​លាន​បាត​ (ប្រហែល​នឹង 2.78 ពាន់​លាន​ដុល្លារ​អាម៉េរិក​) នៅ​ក្នុង​ឆ្នាំ 2023​។

លោក​ស្រី Chaweewan Kampa ប្រធាន​សមាគម​ជំរុញ​បសុបក្សី​ថៃ ឱ្យ​ដឹង​ថា លំដាប់​ថ្នាក់​របស់​ថៃ​បាន​ប្រសើរ​ឡើង​មួយ​ថ្នាក់​ បើ​ធៀប​នឹង​ចំណាត់ថ្នាក់​ទី​បួន​របស់​ឆ្នាំ 2022​។

លោក​ស្រី​បាន​កោត​សរសើរ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​មាន​វិធាន​ការ​ជំរុញ​ការ​នាំចេញ​ ក៏ដូច​ជា​សម្រេច​ចិត្ត​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​ពន្យារ​ពេល​សម្រាប់​​ការ​នាំ​ចូល​ម្សៅ​សណ្ដែក​សៀង​ ទៅ​តាម​​កិច្ច​ព្រម​ព្រៀង​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) ថែម​មួយ​ឆ្នាំ​ទៀត​ ដែលនេះ​នឹង​​​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ និង​បញ្ហា​ឡើង​ថ្លៃ​របស់​ចំណី​សត្វ​។

ក្រុម​អ្នក​ចិញ្ចឹម​សត្វ​នៅ​ប្រទេស​ថៃ បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​លទ្ធភាព​ពន្យារ​ពេល​សម្រាប់​ការ​នាំ​ចូល​ចំណី​សត្វ​បន្ថែម​ទៀត​ ទន្ទឹម​នឹង​ការ​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ចុះ​អត្រា​ពន្ធ​នាំចូល​ចំណី​សត្វ​ ដើម្បីរួម​ចំណែក​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​ផលិត​៕

Advertisement