កម្ពុជា​ នឹង​ខ្វះ​អង្ករ​នាំ​ចេញនៅ​ដើម​ឆ្នាំ​ក្រោយ មុន​នឹង​ងើប​ឡើង​វិញ​នៅ​ត្រីមាស​ទីពីរ​

យោង​តាម​សហព័ន្ធ​​ស្រូវ​អង្ករ​កម្ពុជា ឆ្នាំ 2023 កម្ពុជា​នាំ​ចេញ​អង្ករ​ប្រមាណ​ 670,000 តោន​ ប៉ុន្តែ​អាច​នឹង​ខ្វះ​អង្ករ​សម្រាប់​ការ​​នាំចេញ​នៅ​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​ 2024​។

ឧកញ៉ា សុង​ សារ៉ន ប្រធាន​ក្រុម​ប្រឹក្សាភិបាលសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឱ្យ​ដឹង​ថា​ ឆ្នាំ 2023 កម្ពុជា​នាំ​ចេញ​អង្ករ​ប្រមាណ 670,000 តោន ដែល​កើន​ពី 5 ទៅ 10% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​ 2022​។ ប៉ុន្តែ លោក​ឧកញ៉ាបាន​សង្កត់​ធ្ងន់​ថា បើ​ទោះ​ជា​ការ​នាំ​ចេញ​កើន​ឡើង​បន្តិច ប៉ុន្តែ​តម្លៃ​អង្ករ​កម្ពុជា​លក់​បាន​ថ្លៃ​ជាង​ បើ​ធៀប​នឹង​តម្លៃ​មធ្យមភាគ​នៅក្នុង​ទីផ្សារ​។

ក៏ប៉ុន្តែ អ្នកជំនួញ​រូប​នេះ​បាន​ព្យាករ​ថា តម្លៃ​អង្ករ​កម្ពុជា​ក្នុង​ឆ្នាំ 2024 នឹង​កើន​ឡើង​បន្ត​ទៀត​ គ្រា​ដែល​កម្ពុជា​អាច​នឹង​ខ្វះ​អង្ករសម្រាប់ការ​​នាំ​ចេញ​នៅ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ 2024​។ ទន្ទឹម​នឹង​នេះ លោក​ក៏​សង្ឃឹម​ថា ចាប់​ពី​ត្រី​មាស​ទី​ពីរ​នៃ​ឆ្នាំ 2024 កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ​របស់កម្ពុជា នឹង​កើន​ឡើង​ខ្ពស់​។

យោង​តាម​អ្នក​ជំនួញ​ខាងលើ មូលហេតុ​នៃ​បញ្ហា​កង្វះ​អង្ករ​នាំ​ចេញ​នេះ ​គឺ​ដោយ​សារ​ទិន្នផល​ស្រូវ​ដែល​ប្រមូល​បាន​ក្នុង​អំឡុង​ពី​ខែ​មករា​ដល់​ខែ​មីនា ​មិនអាច​ឆ្លើយ​តប​បាន​ចំពោះ​​តម្រូវ​ការ​​នាំចេញ​។ «ដូច្នេះ យើងមិន​​សង្ឃឹម​ថា ការ​នាំ​ចេញ​អង្ករ​នឹង​កើននៅ​​ក្នុង​ត្រីមាស​ទីមួយ ប៉ុន្តែ​យើង​សង្ឃឹម​ទៅ​លើ​ត្រី​មាស​ទីពីរ​ ព្រោះ​ពេល​នោះ​យើង​ប្រមូល​ផល​ ហើយ​បរិមាណ​អង្ករ​នាំ​ចេញ​នឹង​កើន​ឡើង​។ តម្លៃ​ស្រូវ​ក្នុង​ស្រុក​ក៏​នឹង​កើន​ឡើង​ ព្រោះ​តែ​អង្ករ​ឡើង​ថ្លៃ​» ឧកញ៉ា​ សុង​ សារ៉ន បញ្ជាក់​ដូច្នេះ​។

នៅ​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជិត 600,000 តោន​ ដែល​មាន​តម្លៃ​សរុប​​​ជាង 420 លាន​ដុល្លារ​អាម៉េរិក​។ ក្នុង​នោះ ចិន​គឺជា​ទីផ្សារ​នាំ​ចេញ​អង្ករ​ធំជាង​គេ​របស់​កម្ពុជា ដោយ​បាន​ទិញ​ 198,761 តោន​។ ទីផ្សារ​ធំ​បន្ទាប់​​គឺ ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក​៕

Advertisement