គេច​ផុត​ពី​ក្ស័យ​ធន​ ដោយ​សារគំនិត​ចិញ្ចឹម​អយស្ទើរ​លើ​គោក

(ជប៉ុន) – វិះ​ក្ស័យ​​ធន​ព្រោះ​តែ​ជនជាតិ​ជប៉ុន​មិន​ហ៊ាន​បរិភោគ​អយស្ទើរ​នៅ​ក្នុង​វិបត្តិ​សុខភាព​កាល​ពី​ឆ្នាំ 2006​ ក្រុម​ហ៊ុន​ General Oyster ក៏​នឹក​ឃើញ និង​ងាក​ទៅ​​ចិញ្ចឹម​សត្វ​សមុទ្រ​នេះ​នៅ​លើ​ដីគោក​ ដើម្បី​ផ្ដាច់​ចេញ​ពី​ប្រភព​ជំងឺ​។

យោង​តាម Le Monde នៅ​លើ​កោះ​ Kumejima ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ជប៉ុន «បដិវត្តន៍​នៃ​ការ​ចិញ្ចឹម​អយស្ទើរ» មួយ​កំពុង​កើត​ឡើង។ នៅមិន​ឆ្ងាយ​ពី​ឆ្នេរ​សមុទ្រ មាន​បណ្ដុំ​អគារ​គ្រោង​ដែក​ ផ្ទះ​កញ្ចក់ដែលមាន​អាង​ទឹក និង​សំណង់បេតុង​ដ៏​ចម្លែក​ជា​ច្រើន​។

បណ្ដុំ​ហេត្ថារចនា​សម្ព័ន្ធ​នេះ​គឺជា​កម្មសិទ្ធិ​របស់ GO Farm ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ General Oyster (GO)។ ពួក​គេ​កំពុង​ប្រើប្រាស់​ទឹក​សមុទ្រ​ជ្រៅ​ដើម្បី​ចិញ្ចឹម​អយ​ស្ទើរ​នៅ​​លើ​ដីគោក​ ជំនួស​ឱ្យ​ការ​ចិញ្ចឹម​នៅ​លើ​សមុទ្រ​ដូច​ប្រពៃណី​។

GO ឱ្យ​ដឹង​ថា ពួក​គេ​ត្រូវ​ចំណាយ​ពេល​ 10 ឆ្នាំ ដើម្បី​រក​បច្ចេក​ទេស​ចិញ្ចឹម​អយស្ទើរ​លើ​ដីគោក​ ដែល​ហៅ​ថា «អយស្ទើរ​ទី 8 2.0»​។ យោង​តាម​ក្រុម​ហ៊ុន​ ឧបសគ្គ​ធំ​របស់​វិធី​សាស្ត្រ​នេះ​គឺ​ការ​ផ្គត់​ផ្គង់​ទឹក និង​ចំណី​​ឱ្យ​បាន​គ្រប់​គ្រាន់ និង​គ្រប់គ្រង​សីតុណ្ហភាព​ឱ្យ​បាន​ល្អ ប៉ុន្តែត្រូវ​ចំណាយ​ទាប​។ នៅ​ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាម៉េរិក វិធី​ចិញ្ចឹម​អយស្ទើរ​លើ​ដីគោក​របស់​ពួក​គេ​ មាន​ប័ណ្ណ​ប៉ាតង់​រួច​ទៅ​ហើយ​។

គំនិត​ស្ដី​ពី​ការ​ចិញ្ចឹម​អយស្ទើរ​លើ​ដី​គោក​បាន​កើត​ឡើង​នៅ​ពេល General Oyster ស្ថិត​នៅ​ក្បែរ​មាត់​ជ្រោះ​នៃ​ការ​ដួល​រលំ​។ ឆ្នាំ 2003 ពួក​គេ​បើក​ហាង​អយស្ទើរ​នៅ​​ក្នុង​ខណ្ឌ Akasaka នៃ​រាជធានី​តូក្យូ​។ ពួក​គេ​ជោគ​ជ័យ​ដល់​ថ្នាក់​បាន​ពង្រីក​សាខា​នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​ជប៉ុន​​ ហើយ​មក​ដល់​បច្ចុប្បន្ន​ក៏​នៅ​សល់ 26 ហាង​។

ក៏ប៉ុន្តែ មក​ដល់​ឆ្នាំ 2006 បណ្ដា​កសិដ្ឋាន​ចិញ្ចឹម​អយស្ទើរ​នៅ​ជប៉ុន​ ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​សារ​រោគ​រាត​ត្បាត norovirus​។ អតិថិជន​ដែល​បាន​បរិភោគ​អយស្ទើរ​ត្រូវ​ធ្លាក់ខ្លួន​ឈឺ ធ្វើ​ឱ្យ​ហាង​របស់ GO ស្ងាត់​ជ្រងំ។ ពុំ​មាន​ហាង​ណា​មួយ​ជាប់​ទាក់​ទិន​នឹង​រោគ​រាត​ត្បាត ប៉ុន្តែ​ប្រាក់​ចំណូល​របស់ GO នៅ​តែ​ថយ​ចុះ​ បណ្ដាល​ឱ្យ​ក្រុម​ហ៊ុន​នេះ​មាន​ហានិភ័យ​ត្រូវ​ក្ស័យ​ធន​។

ជំនួស​ឱ្យ​ការ​បោះបង់​អាហារ​ធ្វើ​ពី​អយស្ទើរ GO ខំ​រក​វិធី​ដើម្បី​មាន​ប្រភព​ផ្គត់​ផ្គង់​ប្រកប​ដោយ​ភាព​ម្ចាស់​ការ​ផ្នែក​សុវត្ថិភាព​។ Kyoko Washiashi បច្ចុប្បន្ន​ជាអ្នក​គ្រប់​គ្រងរបស់ GO ​នៅ​ Kumejima ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ 2006 «យើង​ពឹង​ផ្អែក​លើ​អ្នក​ផលិត​។ យើង​មិន​អាច​ធ្វើ​អ្វី​បាន ដូច្នេះ​ក៏​សម្រេច​ចិត្ត​ចិញ្ចឹម​អយស្ទើរ​ដោយ​ខ្លួន​ឯង»​។

នៅ​ជប៉ុន អយស្ទើរ​ត្រូវ​បាន​ចិញ្ចឹម​ផ្ទាល់​នៅ​ឈូងសមុទ្រ​ ដោយ​ការ​ប្រើ​ប្រាស់​ទ្រុង​មាន​ពោង​បណ្ដែត​ជា​ដើម​។ ពួក​វា​អាច​ត្រូវ​បាន​បាញ់​ពន្លឺ​អ៊ុលត្រាវីយូឡេ ឬ​បាញ់​ពពុះ​ទឹក​ដើម្បី​កម្ចាត់​កាក​សំណល់​អាក្រក់​។ ប៉ុន្តែ វិធី​នេះ​មិន​អាច​ធានា​បាន​ទាំង​ស្រុង​នូវ​សុវត្ថិភាព​ ដូច្នេះ​ហើយ​ទើប​មេរោគ​ ពេល​ខ្លះ​នៅ​តែ​អាច​មាន​ក្នុង​សាច់​អយស្ទើរ​។

ដូច្នេះ​ GO ក៏​សម្រេច​ចិត្ត​ចិញ្ចឹម​នៅ​លើ​ដីគោក ដើម្បី​គេច​ពី​មេរោគ​នៅ​ក្នុង​ទឹក​សមុទ្រ​រាក់​ៗ។ ពួក​គេ​អភិវឌ្ឍ​វិធី​សាស្ត្រ​ចិញ្ចឹម​មួយ​ដែល​មាន​ពីរ​ជំហាន។ ដំណាក់​កាល​ដំបូង​ និង​ដំណាក់​កាល​អាច​លក់​បាន​ គឺជា​អយស្ទើរ​ត្រាំក្នុង​ទឹក​សមុទ្រ​ជ្រៅ​នៅ​លើដីគោក ក្នុង​រយៈ​ពេល​ខ្លី​ ហៅ​ថា «អយស្ទើរ​សមុទ្រ​ទី 8 1.0»​។

ចាប់​ពី​ខែកក្កដា 2014 GO យក​ទឹក​សមុទ្រ​ពី​ជម្រៅ​ជាង 200 ម៉ែត្រ ជា​ទី​ដែល​កម្រ​មាន​វីរុស មក​កាន់​អាង​​។ អយស្ទើរ​នឹង​ត្រូវ​បាន​ត្រាំ​ក្នុង​អាង​ទឹក​សមុទ្រ​នេះ​ក្នុង​រយៈ​ពេល 48 ម៉ោង​ ដើម្បី​កម្ចាត់​បាក់តេរី ដូច​ជា​ E. coli និង Vibrio ទៅ​តាម​ស្ដង់ដា​របស់​ក្រុម​ហ៊ុន​ ដែល​តឹង​រ៉ឹង​ជាង​ច្បាប់​របស់​ជប៉ុន​។

វិធីសាស្ត្រ​ខាងលើ​​បាន​ជួយ​ឱ្យ GO អាច​ប្រើ​ប្រាស់​អយស្ទើរ​ជាង 6 លាន​ក្បាល​ជារៀង​រាល់ឆ្នាំ​។ Hidenori Yoshida អគ្គនាយក​ក្រុម​ហ៊ុន GO ឱ្យ​ដឹង​ថា ឆ្នាំ​សារពើពន្ធ​ចុង​ក្រោយ​បំផុត ក្រុម​ហ៊ុន​នេះ​រក​ចំណូល​បាន​ 3.7 ពាន់​លាន​យ៉េន (ជិត 26 លាន​ដុល្លារ​អាម៉េរិក)​ ក្នុង​នោះ​ពួកគេ​ចំណេញ​​ 128 លាន​យ៉េន​ (900,000 ដុល្លារ​អាម៉េរិក)​។

ជំហាន​ធំ​បន្ទាប់ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ​នេះ​ គឺ​ការ​ចិញ្ចឹម​អយស្ទើរ​នៅលើ​ដី​គោក​ទាំង​ស្រុង​។ អយស្ទើរ​ជំនាន់​ថ្មី​ដែល​​ត្រូវ​បាន​ហៅ​ថា «អយស្ទើរ​ទី 8 2.0» នេះ ត្រូវ​បាន​អ្នក​ជំនាញ​វាយ​តម្លៃ​ថា មាន​រស​ជាតិ​ «ស្រួល​បរិភោគ​ខ្លាំង​ណាស់​»​។

យោង​តាម​លោក Yoshida ក្រុម​ហ៊ុន​បាន​ដាក់​គោលដៅ​លក់​អយស្ទើរដែល​ចិញ្ចឹម​ក្នុង​វិធីសាស្ត្រ​ថ្មី​បំផុត​​នេះ ​ ​​តម្លៃ​ 6.89 ដុល្លារ​អាម៉េរិក​/ក្បាល​​ នៅ​តាម​ភោជនីយដ្ឋាន​ ដែល​នេះ​គឺ​ខ្ពស់​ជាង​ប្រហែល 50% បើ​ធៀប​នឹង​តម្លៃ​ធម្មតា​៕

Advertisement