កម្ពុជា ឈ្នះ​ពាន​រង្វាន់​ «អង្ករ​​ល្អ​​ជាង​គេ​​លើ​​ពិភព​លោក»​ ប្រចាំ​ឆ្នាំ ​2022

«ពិតជា​កិត្តិយស​សម្រាប់​ប្រទេស​កម្ពុជា និង​មោទកភាព​របស់​ប្រជាជន​ខ្មែរ ដែល​អង្ករ​កម្ពុជា​បានឈ្នះ​ពានរង្វាន់ «អង្ករ​ល្អផ្តាច់គេ​លើ​ពិភពលោក» សាជាថ្មី (លើក​ទី 5) នៅក្នុង​វេទិកា​សន្និសីទ​អង្ករ​ពិភពលោក» នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​កម្ពុជា។

នៅលើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា នា​ថ្ងៃទី 17 វិច្ឆិកា 2022 នេះ ក្រសួង​បានប្រកាស​ចូលរួម​អបអរសាទរ​ចំពោះ​ដំណឹង​ដែលថា កម្ពុជា ឈ្នះ​ពានរង្វាន់ «អង្ករ​ល្អ​ជាងគេ​លើ​ពិភពលោក» ប្រចាំឆ្នាំ 2022។

ក្រសួងពាណិជ្ជកម្ម​ ​​បាន​បញ្ជាក់ថា ការ​ឈ្នះ​ពានរង្វាន់ «អង្ករ​ល្អផ្តាច់គេ​លើ​ពិភពលោក» របស់ កម្ពុជា នេះ គឺ​នៅពេល កម្ពុជា ចូលរួម​ព្រឹត្តិការណ៍ ដែល​រៀបចំឡើង​នៅ ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ នា​ថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2022។​ ចំណែក​​ ​ក្រសួង​​ព័ត៌មាន វិញ ឱ្យ​ដឹង​ថា អង្ករកម្ពុជា ដែល​បាន​ឈ្នះ​ពាន​​រង្វាន់​ពិភពលោក​ នៅ​ខេត្តភូកេត នេះ​ គឺជា​ពូជអង្ករ “ផ្ការំដួល”។

នេះ​គឺជា​លើក​ទី 5 ហើយ​ដែល កម្ពុជា បានឈ្នះ​ពានរង្វាន់​បែបនេះ បន្ទាប់ពី​បានឈ្នះ​កាលពី​ឆ្នាំ 2012, 2013, 2014 និង 2018។

Advertisement