ម្ចាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​លើកឡើង​ពី​ប្រព័ន្ធ​សុវត្ថិភាព​ ATM

ភ្នំពេញៈ បញ្ហា​សុវត្ថិភាព​នៅតាម​បណ្តា​ទូ ​ATM នានា​អាចជា​កង្វល់​មួយ​របស់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែលមាន​ដាក់​សេវាកម្ម​មួយ​នេះ ប៉ុន្តែ​អ្នកជំនាញ​ក្នុង​វិស័យនេះ​អះអាងថា ទូ ​ATM នីមួយៗមាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ណាស់​លើ​ករណី​លួច​លុយ ប៉ុន្តែ​ការ​ចុច​បំផ្ទុះ​ដោយ​ប្រការ​ណាមួយ​ជា​រឿង​ដែល​គេ​គិត​មិន​ដល់។

លោក អ៉ីន ចាន់នី នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភី​អឹ​ល​ស៊ី​បាន​ថ្លែងថា ប្រព័ន្ធ​សុវត្ថិភាព​នៅតាម​ទូ​ATMនីមួយៗដែល​បានដាក់​នៅតាម​ទីសាធារណៈ សុទ្ធតែ​មានភ្ជាប់​បណ្តាញ​អគ្គិសនី កាមេរ៉ា​សុវត្ថិភាព និង​ភ្ជាប់​បណ្តាញ​មក​ការិយាល័យ​កណ្តាល24ម៉ោង​ដែល​មិនអាច​ឲ្យ​អ្នកណាម្នាក់​លួច​លុយ​បាន​ងាយស្រួល​ឡើយ។ លោក​បន្តថា ករណី​បំផ្ទុះ ឬ​លួច​លុយ​ពី​ទូ​ATM មិនមែន​កើតមាន​តែ​នៅ​កម្ពុជា​ទេ តែ​ក៏មាន​កើតឡើង​នៅតាម​បណ្តា​ប្រទេស​នានា​ដែរ ប៉ុន្តែ​ដើម្បី​បង្កើន​សុវត្ថិភាព​របស់​វា យើង​គួរតែ​ចូលរួម​ការពារ​ទាំងអស់​គ្នា។

លោក​បន្តថា “ទូ ​ATM ជា​ទ្រព្យ​របស់​ឯកជន​មែន តែ​វា​បម្រើ​ផលប្រយោជន៍​សាធារណៈ​ដែល​គួរតែមាន​ការចូលរួម​ការពារ​ទាំងអស់គ្នា។ លោក​បន្តថា “ទោះជា​យ៉ាងណា​ក៏​យើង​មានការ​ព្រួយបារម្ភ​ផងដែរ​ទាក់ទង​នឹង​បញ្ហា​សុវត្ថិភាព​ទូ​ ATM នៅ​កម្ពុជា​យើង។

កាលពីពេលថ្មីៗនេះ​មាន​ករណី​យក​គ្រាប់បែក​ដាក់​នៅ​ទូ​ ATM ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី និង​កាលពី​សប្តាហ៍​មុន​មាន​ករណី​ជនល្មើស​បាន​យក​ថ្នាំ​បាញ់​ទៅលើ​កាមេរ៉ា​ទូ​ ATM របស់​ធនាគារ ​ABA ស្ថិតនៅក្នុង​ទីក្រុង​កែប ដែល​បាន​បណ្តាល​ឲ្យ​ផ្ទុះ និង​ខូចខាត​ប្រាក់​អស់​ជាង1ម៉ឺន​ដុល្លារ​ផងដែរ។

ប្រធានស្តីទី​សមាគម​ធនាគារ​កម្ពុជា​លោក ឆា​រស៍ វ៉ាន់ បាន​ថ្លែងថា តាម​ធម្មតា​ទូ​ATMមានការ​បំពាក់​កាមេរ៉ា និង​មាន​ប្រព័ន្ធ​ការពារ 24ម៉ោង​រួចទៅហើយ​នៅតាម​ធនាគារនីមួយៗ ប៉ុន្តែ​ករណី​បំផ្ទុះ​ទូ​ ATM នេះ​វា​ហួស​ពី​សមត្ថភាព​កាមេរ៉ា​ឬ សមត្ថកិច្ច​អាច​គ្រប់គ្រង​បាន ព្រោះ​ករណីនេះ​ធ្លាប់​កើតមាន​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ថៃ​រួចមកហើយ​មុន​កើត​មាននៅ​កម្ពុជា។

លោក​បន្តថា “យើង​តែងតែ​ធ្វើការ​ជាមួយ​អាជ្ញាធរ ប៉ុន្តែ​ការដាក់​គ្រាប់បែក​ឬ​គ្រឿង​បំផ្ទុះ​ជា​រឿង​លំបាក ព្រោះ​ពេល​យើង​ដើរចេញ​គេ​អាចដាក់​នៅពេល​យើង​មិន​នៅ ហើយ​យើង​ក៏​មិន​អាចដាក់​សន្តិសុខ​ឱ្យ​យាម 24ម៉ោង​ប្រចាំការ​នៅតាម​ទូនីមួយៗបានដែរ”៕

Advertisement