ក្រុមហ៊ុន​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​​របស់​ឥណ្ឌូណេស៊ី Swap Energy ប្រមូល​ទុន​បាន​ជាង 7 លាន​ដុល្លារ

ផលិតផល​របស់ Swap

Swap Energy ដែល​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គត់​ដំណោះស្រាយ​សម្រាប់​ការប្ដូរ​ថ្ម​ម៉ូតូ​អគ្គិសនី​ មាន​ទីស្នាក់ការ​កណ្ដា​ល​នៅ​ឥណ្ឌូណេស៊ី ប្រមូល​ទុន​បាន​ប្រហែល 7.2 លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ជុំ​នៃ​ការ​ប្រមូល​ទុន​មុន Series A ដែល​នាំមុខ​ដោយ Ondine Capital។

Ondine Capital បាន​វិនិយោគ​ជិត​បី​លាន​ដុល្លារ​ទៅលើ Swap Energy នៅ​ជុំ​នេះ។ បណ្ដា​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​វិនិយោគ​ក្នុង​ជុំ​ប្រមូល​ទុន​នេះ មានដូចជា មូលនិធិ SBI Kejora, Indonesia PT Wahana Sentosa Cemerlang និង New Energy Nexus។

Randolph Hsu ដែលជា​ស្ថាបនិក​របស់ Ondine Capital បានបញ្ជាក់​អំពី​ព័ត៌មាន​ខាងលើ និង​បន្ថែមថា ក្រុមហ៊ុន Ondine Capital មាន​កៅអី​មួយ​នៅក្នុង​ក្រុមប្រឹក្សាភិបាល​របស់ Swap Energy។

អាយុកាល​របស់​ថ្ម​ផ្ទុក​ថាមពល​គឺជា​ចំណុច​សំខាន់​ចំពោះ​អ្នកប្រើប្រាស់​ម៉ូតូ​អគ្គិសនី។ Swap Energy ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2019 គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​ការកសាង​ស្ថានីយ​ប្ដូរ​ថ្ម​សម្រាប់​របស់​ម៉ូតូ​អគ្គិសនី។ បច្ចុប្បន្ន Swap Energy មាន​ស្ថានីយ​ប្ដូរ​ថ្ម​ជាង 800 កន្លែង​នៅក្នុង 14 ខេត្ត​ក្រុង​របស់​ឥណ្ឌូណេស៊ី។

កាលពី​ឆ្នាំ 2021 ក្រុមហ៊ុន Swap Energy បាន​បង្កើត​យីហោ​ម៉ូតូ​អគ្គិសនី​មួយ​ដែលមាន​ឈ្មោះថា Smoot។ មួយឆ្នាំ​ក្រោយមក Swap Energy និង Smoot សហការ​ជាមួយ Grab និង​ក្រុមហ៊ុន​អគ្គិសនី​រដ្ឋ PLN ដើម្បី​អភិវឌ្ឍ​បណ្ដាញ​យានយន្ត​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី។

ម៉ូតូអគ្គិសនី​ Smoot របស់ Swap Energy

ជា​អ្នក​ផលិត​នី​កែ​ល (សមាសធាតុ​សំខាន់​របស់​ថ្ម​ផ្ទុក​អគ្គិសនី) លំដាប់​កំពូល​មួយ​លើ​ពិភពលោក ឥណ្ឌូណេស៊ី​កំពុង​ប្រឹងប្រែង​ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​ផលិត​យានយន្ត​អគ្គិសនី​របស់​ពិភពលោក។ ឥណ្ឌូណេស៊ី​កំណត់​គោលដៅ​ផលិត​ម៉ូតូ​អគ្គិសនី​ឱ្យបាន 2.5 លាន​គ្រឿង និង​រថយន្ត​អគ្គិសនី​ឱ្យបាន 600,000 គ្រឿង​ត្រឹម​ឆ្នាំ 2030 សមស្រប​នឹង​ការសន្យា​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ 29% នៅក្នុង​ដំណាក់កាល​ដូចគ្នា។

ផលិតផល​ម៉ូតូអគ្គិសនី ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​របស់ Swap

កត្តា​សំខាន់​មួយ​ក្នុង​ការជំរុញ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​គឺ​ការរីកចម្រើន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន​ទាំង​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​សម្រាប់​យានយន្ត​អគ្គិសនី និង​ស្ថានីយ​ប្ដូរ​ថ្ម​ផ្ទុក​អគ្គិសនី។ ទន្ទឹមនឹង​ក្រុមហ៊ុន Swap Energy នៅ​ក្នុង​វិស័យ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ថ្ម​ផ្ទុក​អគ្គិសនី​របស់​ឥណ្ឌូណេស៊ី ក៏​នៅមានក្រុម​ហ៊ុន​ Volta Indonesia និង EVolt Charging Network ផងដែរ៕

Advertisement