កម្ពុជា ​គឺជា​អ្នក​ផ្គត់​ផ្គង់​គ្រាប់​ស្វាយ​ចន្ទីឆៅ​ធំលំដាប់​ទីពីរ​របស់​ វៀតណាម

វៀតណាម​បាន និង​កំពុង​នាំ​ចូល​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​យ៉ាង​ច្រើន​ពី​ទីផ្សារ​ធំៗ​ចំនួន 5 រួម​មាន កូតឌឺវ័រ កម្ពុជា នីហ្សេរីយ៉ា ហ្គាណា និង​ តង់សានី​។

គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ដែល​ កម្ពុជា និង​ កូតឌឺវ័រ​ បាន​នាំ​ចូល​ទីផ្សារ​វៀតណាម គ្រប​ដណ្ដើប់​ប្រមាណ 57.5% ធៀប​នឹង​តម្លៃ​សរុប​នៃ​ការ​នាំ​ចូល​គ្រាប់​ស្វាយ​ចន្ទីរ​ឆៅ​របស់​ វៀតណាម នៅ​ក្នុង​រយៈ​ពេល 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023។ ក៏ប៉ុន្តែ ការ​នាំ​ចូល​នេះ​មាន​ការ​ប្រែប្រួល​ ដោយ​សារ វៀតណាម កាត់​បន្ថយ​ការ​នាំ​ចូល​ទំនិញ​មួយ​មុខ​នេះ​ពី​ កម្ពុជា និង តង់សានី ហើយងាក​ទៅ​បង្កើន​ការ​នាំ​ចូល​ពី​ កូតឌឺវ័រ នីហ្សេរីយ៉ា និង​ ហ្គាណា​។

ជាក់​ស្ដែង បរិមាណ​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ដែល វៀតណាម ​នាំ​ចូល​ពី កូតឌឺវ័រ​ គឺមាន​រហូត​ដល់​ 850 ពាន់​តោន ដែល​មាន​តម្លៃ​ 919.3 លាន​ដុល្លារ​អាម៉េរិក​ ដោយបរិមាណ​​កើន​ 86.6% និង​តម្លៃសរុប​កើន 56.7% បើ​ធៀប​នឹង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។

គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ដែល​ វៀតណាម នាំ​ចូល​ពី​ កម្ពុជា ក្នុង​រយៈ​ពេល 11 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ បាន​ថយ​ចុះ​នៅ​ត្រឹម​ 613.2 ពាន់​តោន​ ដែល​មាន​តម្លៃ​ 835.3 លាន​ដុល្លារ​អាម៉េរិក​ ពោល​គឺ​ បរិមាណ​បាន​ថយ​ចុះ 13.8% និង​តម្លៃសរុប​បាន​ថយ​ចុះ 23.3%​។ ទោះជា​យ៉ាង​នេះ​ក៏​ដោយ កម្ពុជា នៅ​តែ​ជា​អ្នក​ផ្គត់​ផ្គង់​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ធំជាង​គេ​លំដាប់​ទីពីរ​របស់​ វៀតណាម បន្ទាប់​ពី កូតឌឺវ័រ​។

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា

លោក ស៊ុយ កុកធាន អនុប្រធាន​សមាគម​ស្វាយ​ចន្ទី​កម្ពុជា បាន​ឱ្យ​ដឹង​ថា ទីផ្សារនាំ​ចេញ​​គ្រាប់ស្វាយ​ចន្ទី​មិន​ទាន់​កែ​ច្នៃ​ធំបំផុត​របស់​ កម្ពុជា គឺ​ វៀតណាម​ ដោយសារ​ទីផ្សារ​នេះ​បាន​​រួម​ចំណែក​ជាង 90%។ ចំណែក​ កម្ពុជា​ វិញ ក៏​ជា​អ្នក​ផ្គត់ផ្គង់គ្រាប់​ស្វាយចន្ទី​ឆៅ​ធំជាង​គេ​បង្អស់​ របស់​ វៀតណាម​ ​ប្រចាំនៅ​អាស៊ី​អាគ្នេយ៍​​៕

Advertisement