គណៈកម្មការមូលបត្រកម្ពុជា គ្រោងបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ

ភ្នំពេញៈ ក្រុមគណៈកម្មការមូលបត្រកម្ពុជាបានអនុម័តលើសេចក្តីព្រាងប្រកាស ស្តីពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ គឺកំណត់លក្ខខណ្ឌ យន្តការ បែបបទ និតិវិធី រួមជាមួយការប្រកាសទទួលស្គាល់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលផងដែរ។

ក្រុមគណៈកម្មការបានពិភាក្សាផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជាលើកទី47នេះ ដែលអង្គប្រជុំបានសម្រេចអនុម័តលើសេចក្តីព្រាងប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ប្រកាសនេះបានកំណត់ពីលក្ខខណ្ឌ យន្តការ បែបបទ នីតិវិធី នឹងការបោះផ្សាយលក់មូលបត្របំណុល (សញ្ញាប័ណ្ណសាជីវកម្ម) ជាសាធារណៈ រួមមានសញ្ញាប័ណ្ណធម្មតា សញ្ញាប័ណ្ណមានវត្ថុធានា និងសញ្ញាប័ណ្ណមានបុគ្គលធានា។

កិច្ចប្រជុំគណៈកម្មការនេះក៏បានអនុម័តលើសេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់ភ្នាក់ងារតំណាង ម្ចាស់មូលបត្របំណុល ដោយមានគោលបំណងកំណត់ពីលក្ខខណ្ឌតម្រូវ និងនីតិវិធីដើម្បីផ្តល់ការទទួលស្គាល់ដល់បុគ្គលដែលមានបំណងធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ព្រមទាំងកំណត់ពីកាតព្វកិច្ចរបស់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលផងដែរ ។

គណៈកម្មការមូលបត្រកម្ពុជាក៏បានអនុម័តលើសេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់ភ្នាក់ងារវាយតម្លៃលទ្ធភាពសង គឺមានគោលបំណងកំណត់ពីលក្ខខណ្ឌតម្រូវ និងនីតិវិធីដើម្បីផ្តល់ការទទួលស្គាល់ដល់បុគ្គលដែលមានបំណងធ្វើជាម្ចាស់ភ្នាក់ងារវាយតម្លៃលទ្ធផលសង ព្រមទាំងកំណត់ពីកាតព្វកិច្ចរបស់ភ្នាក់ងារវាយតម្លៃលទ្ធភាពសង ក្នុងនោះការទទួលស្គាល់ត្រូវបានបែងចែកជាពីរ គឺការទទួលលើបុគ្គលដែលមានបំណងផ្តល់សេវា ដោយតម្រូវឲ្យបំពេញលក្ខខណ្ឌតាមប្រកាសនេះ និងការទទួលជាស្វ័យប្រវត្តិនូវភ្នាក់វាយតម្លៃលទ្ធភាពសងជាអន្តរជាតិ នឹងត្រូវរៀបចំនូវបញ្ជីឈ្មោះ ដើម្បីស្នើសុំការពិនិត្យសម្រេចពីគណៈកម្មការមូលបត្រកម្ពុជាផងដែរ៕

Advertisement