កូវីដ-១៩ «បង្កើត» មហា​សេដ្ឋី​ថ្មី​ ១ នាក់ ជា​រៀង​រាល់​ ៣០ ម៉ោង​! អង្គការ​ Oxfam អះអាង​ដូច្នេះ

របាយការណ៍​របស់ Oxfam បាន​សង្កត់ធ្ងន់ថា មនុស្ស​រាប់រយ​នាក់​បាន​ក្លាយជា​មហាសេដ្ឋី ខណៈ​រាប់រយ​លាន​នាក់​ផ្សេងទៀត​បែរ​បាន​ធ្លាក់ខ្លួន​ក្រ ដែល​នេះ​បាន​បង្កើតឡើង​នូវ​បញ្ហា​វិសមភាព​ប្រាក់ចំណូល​នៅ​ទូទាំង​ពិភពលោក។

យោងតាមរបាយការណ៍ដែលប្រកាសកាលពីថ្ងៃទី ២២ ឧសភា របស់អង្គការក្រៅរដ្ឋាភិបាល Oxfam មនុស្ស ៥៧៣ នាក់ មានឈ្មោះនៅក្នុងបញ្ជីមហាសេដ្ឋី ចាប់តាំងពីឆ្នាំ ២០២០ ជួយឱ្យចំនួនសរុបនៃមហាសេដ្ឋីរបស់ពិភពលោក កើនឡើងដល់ ២,៦៦៨ រូប។ ប្រការនេះមានន័យថា ក្នុងសម័យកូវីដ-១៩ ជាមធ្យមក្នុងរយៈពេល ៣០ ម៉ោង គឺមានមនុស្សម្នាក់បានក្លាយជាមហាសេដ្ឋី។

របាយការណ៍ដែលយោងទៅតាមទិន្នន័យរបស់ Forbes នេះ ត្រូវបានប្រកាសនៅមុនវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅ Davos ប្រទេសស្វ៊ីស។ វេទិកានេះគឺជាកន្លែងដែលប្រមូលផ្ដុំវត្តមានរបស់មេដឹកនាំបណ្ដាប្រទេស និងក្រុមអ្នកមានកំពូលៗរបស់ពិភពលោក។

ក្នុងសម័យកូវីដ-១៩ ទ្រព្យ​របស់មហាសេដ្ឋីទាំងឡាយបានកើនឡើងថែម ៣.៨ ទ្រីលាន (៣,៨០០,០០០,០០០,០០០) ដុល្លារ ប្រហែលនឹង ៤២% ធ្វើឱ្យទ្រព្យសរុបរបស់ពួកគេកើនឡើងដល់ ១២.៧ ទ្រីលានដុល្លារអាម៉េរិក។ កំណើននេះ មួយភាគធំបានមកពីទីផ្សារមូលបត្រ ដោយសារតែរដ្ឋាភិបាលនានាបញ្ចេញប្រាក់ជំនួយសេដ្ឋកិច្ចដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដែលកើតឡើងដោយសារបញ្ហាកូវីដ-១៩។

Max Lawson នាយកផ្នែកគោលនយោបាយទទួលបន្ទុកបញ្ហាវិសមភាពប្រចាំ Oxfam ឱ្យដឹងថា អត្រានៃកំណើនខាងលើ ភាគច្រើនកើតឡើងនៅឆ្នាំដំបូងនៃរោគរាតត្បាតសកល។ ក្រោយមក អត្រានៃកំណើនក៏ដើរថេរទៅមុខ និងថយចុះបន្តិច។

ក៏ប៉ុន្តែ ក្នុងពេលដំណាលគ្នានោះ កូវីដ-១៩ ក៏បានបង្កើនវិសមភាព និងបង្កើនតម្លៃស្បៀងនៅទូទាំងសកលលោកផងដែរ។ បញ្ហានេះអាចរុញច្រានមនុស្សជាង ២៦៣ លាននាក់ ឱ្យធ្លាក់ទៅក្នុងស្ថានភាពក្រីក្រខ្លាំងក្នុងឆ្នាំ ២០២២ នេះបើតាម Oxfam។

ក្នុងគ្រាដែលអ្នកប្រើប្រាស់ទូទៅ ត្រូវប្រឈមនឹងការលំបាកដោយសារតែទំនិញឡើងថ្លៃខ្ពស់ ម្ចាស់ក្រុមហ៊ុន និងក្រុមមេដឹកនាំក្រុមហ៊ុនក្នុងវិស័យជាច្រើនបែរជាទទួលបានផលចំណេញច្រើនជាងមុន។ ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីក្នុងវិស័យស្បៀងអាហារ និងកសិកម្ម កើនឡើង ៤៥% នៅក្នុងរយៈពេល ២ ឆ្នាំកន្លង។ ចាប់ពីឆ្នាំ ២០២០ មានមហាសេដ្ឋីថ្មីចំនួន ២០ នាក់ បានបង្ហាញវត្តមានក្នុងវិស័យនេះ។ ប៉ុន្តែ ទ្រព្យរបស់ក្រុមមហាសេដ្ឋីក្នុងវិស័យថាមពល ត្រូវថយចុះអស់ ៥៣% ប្រហាក់ប្រហែលនឹង ២៤% ចាប់តាំងពីឆ្នាំ ២០២០។

មហាសេដ្ឋីថ្មីចំនួន ៤០ នាក់ បានលេចមុខឡើងនៅក្នុងវិស័យឱសថ។ វិស័យនេះទទួលបានផលចំណេញច្រើននៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

វិស័យបច្ចេកវិទ្យាក៏មានមហាសេដ្ឋីថ្មីជាច្រើននាក់ផងដែរ។ ក្នុងចំណោមអ្នកមានជាងគេ ១០ នាក់របស់ពិភពលោក គឺមាន ៧ នាក់ស្ថិតក្នុងវិស័យបច្ចេកវិទ្យា ក្នុងនោះលេចធ្លោជាងគេគឺ Elon Musk មកពីក្រុមហ៊ុន Tesla, Jeff Bezos មកពី Amazon និង Bill Gates មកពីក្រុមហ៊ុន Microsoft។

ដើម្បីកាត់បន្ថយបញ្ហាវិសមភាពប្រាក់ចំណូល អង្គការ Oxfam បានជំរុញឱ្យបណ្ដារដ្ឋាភិបាលយកពន្ធពីក្រុមអ្នកមាន និងបណ្ដាក្រុមហ៊ុនខ្នាតយក្សឱ្យបានខ្ពស់ជាងបច្ចុប្បន្ន។ អង្គការនេះអំពាវនាវឱ្យយកពន្ធបណ្ដោះអាសន្ន ៩០% លើប្រាក់ចំណេញដែលលើសពីមធ្យមភាគរបស់បណ្ដាក្រុមហ៊ុន (excess corporate profit) និងពន្ធមួយលើកលើទ្រព្យសម្បត្តិ របស់ក្រុមមហាសេដ្ឋី។ ការយកពន្ធ ២% ចំពោះអ្នកដែលមានទ្រព្យច្រើនជាង ៥ លានដុល្លារ និង ៥% ចំពោះអ្នកមានទ្រព្យលើសពី ១ ពាន់លានដុល្លារ គឺជួយឱ្យបណ្ដាប្រទេសរកចំណូលជូនរដ្ឋបាន ២.៥ ទ្រីលានដុល្លារអាម៉េរិក៕

Advertisement