ក្រសួង​ និង​ធនាគារ​អភិវឌ្ឍន៍ជនបទ​សម្រួល​លក្ខខណ្ឌ​ផ្តល់​កម្ចី​ដល់​រោង​ម៉ាស៊ីន និង​ឈ្មួញ​ទិញស្រូវ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ បាន​ប្រកាស​កែប្រែ​លក្ខខណ្ឌ​ខ្លះ​ក្នុង​ការ​បើក​ផ្លូវ​ឱ្យ​រោង​ម៉ាស៊ីន និង​អ្នក​ទិញ​ស្រូវ​មាន​លទ្ធភាព​ទទួល​បាន​កម្ចី​បន្ថែម​សម្រាប់​ទិញ​ស្រូវ​សែនក្រអូប​ដើម្បី​រួម​ចំណែក​ក្នុង​ការ​ទប់​ស្កាត់​តម្លៃ​ស្រូវ​មិនឱ្យ​ធ្លាក់​ចុះ​​ខ្លាំង ខណៈ​ដែល​ការ​ប្រមូល​ផល​ស្រូវ​សែនក្រអូប​កាន់​តែ​ជិត​មមាញឹក​ខ្លាំង​។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សរសេរ​លិខិត​មួយ​ទៅ​កាន់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថា រាជ​រដ្ឋាភិបាល​បាន​ទម្លាក់​កញ្ចប់​ថវិកា​ពិសេស​ចំនួន​ 20​លាន​ដុល្លារ និង​បូក​រួម​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​ចំនួន​ 7លាន​ដុល្លារ​ផ្សេង​ទៀត​សម្រាប់​ផ្តល់​ប្រាក់​កម្ចី​ដល់​រោង​ម៉ាស៊ីន និង​ក្រុម​អ្នក​ទិញ​ស្រូវ​សម្រាប់​ទិញ​ស្រូវ​នៅ​រដូវ​ប្រមូល​ផល​ខាងមុខនេះ។

ក្នុង​លិខិត​ដែលបាន​ចុះ​ថ្ងៃទី25 ខែកក្កដា ឆ្នាំ2017 បាន​លើក​ឡើង​ពី​ការ​ស្នើ​ទៅ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ក្នុង​ការ​​កែ​សម្រួល​លក្ខខណ្ឌ​ដើម្បី​ទទួល​បាន​កម្ចី​បន្ថែម ដោយ​យោង​ទៅ​លើ​ស្ថានភាព​ជាក់ស្តែង​នៃ​រោង​ម៉ាស៊ីន និង​ការ​ខ្វះ​ខាត​អចលន​ទ្រព្យ​សម្រាប់​ដាក់​បញ្ចាំ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​កម្ចី​បន្ថែម។ លក្ខខណ្ឌ​ដែល​បាន​កែ​សម្រួល​គោល​ការណ៍​ផ្តល់​ឥណទាន​នោះ គឺ​ម្ចាស់​រោង​ម៉ាស៊ីន និង​ក្រុម​អ្នក​ទិញ​ស្រូវ អាច​យក​ស្រូវ​នាងខុន​ដែល​ស្តុក​ទុក​ក្នុង​​ឃ្លាំង​របស់​ខ្លួន​ច្រើន​នោះ យក​ទៅ​ធ្វើ​ជា​ទ្រព្យ​បញ្ចាំ​។

ថ្មីៗនេះ​ ​ធនាគារ​អភិវឌ្ឍន៍​ជនបទ បាន​បញ្ជាក់​ថា ម្ចាស់​រោង​ម៉ាស៊ីន និង​ក្រុម​អ្នក​ទិញ​ស្រូវ​បានមក​​ដាក់​ពាក្យ​ទទួល​យក​កម្ចី​សម្រាប់​ទិញស្រូវ​សែន​ក្រអូប​ដែល​ចាប់​ផ្តើម​ប្រមូល​ផល​ជា​បណ្តើរៗ​ហើយ​ ជា​ពិសេស​​​នោះគឺ​​ធនាគារ​អភិវឌ្ឍន៍​ជនបទ បាន​កែសម្រួល​លក្ខខណ្ឌ​ក្នុង​ការ​ទទួល​កម្ចី​បន្ថែម ដោយ​យក​ស្រូវ​នាងខុន​ក្នុង​ឃ្លាំង​របស់​ខ្លួន​សម្រាប់​ធ្វើ​ជា​ទ្រព្យ​បញ្ចាំ​តែ​ប៉ុណ្ណោះ។

មន្ត្រី​ធនាគារ​អភិវឌ្ឍន៍​ជនបទ បាន​អះអាង​ថា ខ្លួន​នឹង​ទម្លាក់​កម្ចី​ដល់​រោង​ម៉ាស៊ីន និង​អ្នក​ទិញ​ស្រូវ​ក្នុង​រយៈ​​ពេល​ត្រឹម​តែ​ពីរ​ថ្ងៃ បើសិន​បំពេញ​លក្ខខណ្ឌ​គ្រប់​គ្រាន់​ស្រប​តាម​គោលការណ៍​ឥណទាន​ដែល​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​ភិបាល​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ។

ជាមួយ​ការ​កែប្រែ​លក្ខខណ្ឌ​ថ្មី​នេះ ម្ចាស់​រោង​ម៉ាស៊ីន​មួយ​ចំនួន​បាន​សាទរ​ចំពោះ​ការ​ទទួល​បាន​កម្ចី​បន្ថែម​សម្រាប់​ទិញ​ស្រូវ​សែន​ក្រអូប​នៅ​ពេល​ប្រមូល​ផល​នេះ។

លោក ហេង ផេង អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​​ជា​ម្ចាស់​រោង​ម៉ាស៊ីន និង​ក្រុមហ៊ុន​ថ្មគោល រ៉ាយ នៅ​ខេត្ត​បាត់ដំបង បាន​អះអាង​ថា ការ​កែ​សម្រួល​លក្ខខណ្ឌ​នេះ​ពិត​ជា​ល្អ​សម្រាប់​រោង​ម៉ាស៊ីន ព្រោះ​រោង​ម៉ាស៊ីន​ដែល​មិន​មាន​ស្រូវ​សែន​ក្រអូប​ក្នុង​ស្តុក ​គាត់​អាច​យក​ស្រូវ​នាងខុន​ទៅ​ដាក់​ជា​ទ្រព្យ​ធានា​ដើម្បី​បាន​ទុន​បន្ថែម​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា លោក ហេង ផេង នឹង​មិន​ស្វែងរក​ទុន​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ក្នុង​រដូវ​កាល​នេះ​ទេ ព្រោះ​លោក​បាន​បម្រុង​ទុន​មួយ​ចំនួន​ដោយ​ប្រើប្រាស់​កម្ចី​ពី​ធនាគារ​ពាណិជ្ជ​សម្រាប់​ការ​ប្រមូល​ទិញ​ស្រូវ​សែន​ក្រអូប​​នៅ​ពេល​ខាង​មុខ​នេះ។

លោក ភូ វាសនា ម្ចាស់​រោង​ម៉ាស៊ីន អ៊ឹង វណ្ណម៉ៅនៅ​ខេត្ត​បាត់ដំបង ចាត់​ទុក​ការ​កែ​សម្រួល​លក្ខខណ្ឌ​ថ្មី​នេះ​ស្រប​ទៅ​នឹង​ស្ថានភាព​ជាក់​ស្តែង​របស់​រោង​ម៉ាស៊ីន ព្រម​ទាំង​បង្ក​លក្ខណៈ​ឱ្យ​រោង​ម៉ាស៊ីន​ទទួល​បាន​កម្ចី​បន្ថែម​សម្រាប់​បង្កើន​ការ​ទិញ​ស្រូវ។

លោក​បញ្ជាក់​ថា​៖“រោង​ម៉ាស៊ីន​ជា​ច្រើន​មាន​ស្រូវ​នាងខុន​ក្នុង​ឃ្លាំង ហើយ​ទុន​របស់​គេ​នៅ​ស្រូវ​នេះ​មួយ​ផ្នែក​ធំ ចឹង​ទេ​បើ​គាត់​ត្រូវ​ការ​ទុន​បន្ថែម​គាត់​ចាំបាច់​ត្រូវ​ប្រើ​ប្រាស់​ស្រូវ​នាងខុន​សម្រាប់​ជា​ទុន​បង្វិល”។ តាម​លោក ហេង ផេង នៅ​ដើមខែ​សីហា​នេះ តម្លៃ​ស្រូវ​នៅតែមាន​តម្លៃ​ប្រសើរ​ព្រោះ​ ស្រូវ​សែន​ក្រអូប​នៅ​មិថុនា មាន​តម្រូវការ​ខ្ពស់​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក ហើយ​នៅ​គ្រប់​បណ្តា​រោង​ម៉ាស៊ីន មាន​តិចតួច​ណាស់​សម្រាប់​ប្រភេទ​ស្រូវ​នេះ។

បើយោង​តាម​សម្រង់​​តម្លៃ​ស្រូវ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បច្ចុប្បន្ន​នេះតម្លៃ​ស្រូវ​សែន​ក្រអូប​លក់​នៅ​តាម​ស្រែ​មាន​តម្លៃ​1,010​រៀល​ក្នុង​មួយ​គីឡូក្រាម។ តម្លៃ​នេះ​ប្រសើរ​ជាង​ពីរដង​បើ​ធៀប​នឹង​តម្លៃ​កាលពី​ពាក់​កណ្តាល​ខែ​កញ្ញា ​ឆ្នាំ2016 ពេល​ដែល​ប្រជា​កសិករ​ចេញ​តវ៉ា​ជា​លើក​ដំបូង​នៅ​ខេត្ត​បាត់ដំបង៕

Advertisement