កម្ពុជាជិតផុតកូតានាំសម្លៀកបំពាក់ទៅអឺរ៉ុប ថៅកែរោងចក្រចាប់ផ្តើមដើរចេញបណ្តើរៗ

ភ្នំពេញ៖ លំហូរវិនិយោគផ្ទាល់ពីបរទេស(ថៅកែរោងចក្រ)ទៅក្នុងវិស័យកាត់ដេរបានធ្លាក់ចុះប្រមាណជា30% ក្នុងឆមាសទី1 ឆ្នាំ2017នេះ បើធៀបនឹងការធ្លាក់ចុះក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ2016ដែលមានត្រឹម5%ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាចំពោះវិស័យកាត់ដេរ។

របាយការណ៍បានបង្ហាញថា ការនាំចេញសម្លៀកបំពាក់ពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបប្រចាំឆមាសទី1 ឆ្នាំ2017បានធ្លាក់ចុះមកនៅត្រឹម4% ខណៈដែលឆមាសទី1 ឆ្នាំ 2016 កន្លងទៅ ការនាំចេញមានកំណើនដល់ទៅ 9% ឯណោះ។ ក្នុងនោះការនាំចេញទៅកាន់ទីផ្សារអាមេរិកធ្លាក់ចុះប្រមាណជា 2.3% ប៉ុន្តែកំណើនការនាំចេញទៅកាន់ប្រទេសអង់គ្លេស កាណាដា និងជប៉ុន នៅមានភាពល្អប្រសើរជាងមុនបន្តិច។

ការធ្លាក់ចុះនេះបណ្តាលមកពីកត្តាមួយចំនួនដូចជា 1.ការកើនឡើងនៃការប្រកួតប្រជែងនាំសម្លៀកបំពាក់ចេញពីប្រទេសនៅក្នុងតំបន់ ជាពិសេសប្រទេសវៀតណាម មីយ៉ាន់ម៉ា គួបផ្សំនឹងកត្តាខាងក្នុងដូចជាការដំឡើងប្រាក់ឈ្នួលអប្បបរមា(ប្រាក់ឈ្នួលខ្ពស់)ដែលធ្វើឱ្យតម្លៃដើមផលិតកើនឡើងជាដើម និង 2. ការថយចុះនៃភាពទាក់ទាញវិនិយោគក្នុងវិស័យនេះ ដោយសារកម្ពុជានឹងលែងទទួលបានការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបក្នុងរយៈពេល3ឆ្នាំជាប់ៗគ្នាខាងមុខ បន្ទាប់ពីប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ក្នុងឆមាសទី1នេះការនាំចេញសម្លៀកបំពាក់មានសមាមាត្រ 67% នៃការនាំចេញក្រោមប្រព័ន្ធអនុគ្រោះ ថយចុះពី 74% និង28%រៀងគ្នា ខណៈដែលសមាមាត្រនាំចេញទៅកាន់ទីផ្សារជប៉ុនមានកំណើនទ្វេដងក្នុងរយៈពេល2ឆ្នាំចុងក្រោយរហូតដល់ 14% នៃការនាំចេញសរុបក្នុងវិស័យនេះ។

គួរកត់សម្គាល់ថា ស្ថិតក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងងើបឡើង ការនាំចេញវិស័យកាត់ដេរនៃប្រទេសជិតខាងបានកើនឡើងខ្ពស់ដូចជា កំណើននៃការនាំចេញសម្លៀកបំពាក់របស់ប្រទេសវៀតណាមកើនឡើងខ្ពស់រហូតដល់ 11.2% ជាពិសេសការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកដែលជាទីផ្សារធំជាងគេរបស់វៀតណាម ខណៈដែលការនាំចេញរបស់កម្ពុជាមានកំណើនយឺតជាងមុន ដោយសមាមាត្រនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានថយចុះជាបន្តបន្ទាប់ចាប់ពីឆ្នាំ 2011 មក៕

Advertisement