រាជរដ្ឋាភិបាលសម្រេចកាត់បន្ថយថវិកាចំនួន 918លានដុល្លារអាមេរិកពីស្ថាប័នរដ្ឋ ដើម្បី ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19

រាជរដ្ឋាភិបាលសម្រេចកាត់បន្ថយ​ថវិកាចំនួន 918លានដុល្លារមេរិកពីស្ថាប័នរដ្ឋ ​ទាំង​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រៀមបម្រុងទុក ដើម្បី​ប្រយុទ្ធប្រឆាំងនឹងមេរោគវីរុសកូវីដ-19 ដែល​កំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ។​ នេះបើតាម​ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹក ថ្ងៃទី7 ខែមេសា ឆ្នាំ​2020 នេះ នៅវិមានសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសុំការយោគយល់ពីស្ថាប័នជាតិគ្រប់​ថ្នាក់ ទាំងថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាល ត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយ 2​ដង លើកទី1 គឺកាត់បន្ថយការចំណាយចំនួន 443លានដុល្លារអាមេរិក និងលើកទី2 ​កាត់​បន្ថយ​​ការ​ចំណាយចំនួន 475លានដុល្លារអាមេរិក។ បូកសរុបទាំង 2លើកនេះ មានចំនួន ​918លាន​ដុល្លារ​អាមេរិក ត្រៀមបម្រុងទុកដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19»។

សម្ដេចតេជោបានថ្លែង​ថា មកដល់ពេលនេះ ចំពោះស្តុកបម្រុងយុទ្ធសាស្ត្ររបស់រាជ​រដ្ឋា​ភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19 គឺបង្កើតឱ្យមានស្តុកចំនួន2 គឺទី1-ស្តុករបស់ក្រសួង​សុខា​ភិបាល ដែលត្រូវដកយក​មកចំណាយជាប្រចាំ ទៅឱ្យតាមមន្ទីរពេទ្យ ដូច្នេះត្រូវបង្កើតស្តុក​ 1​ទៀត​ដោយឡែកនោះ គឺទី2- ស្តុករបស់រាជរដ្ឋាភិបាល។

សម្ដេចតេជោបានថ្លែងថា បើយោងទៅតាមអ្វី ដែលបានចុះហត្ថលេខា​ទៅ​លើកិច្ចព្រមព្រៀង ទិញ​ឧបករណ៍សម្ភារបរិក្ខារពីក្រុមហ៊ុននានានោះ គឺចំនួនម៉ាស់បាន​កើន​ដល់ 11លានម៉ាស់ សម្លៀក​បំពាក់​សម្រាប់គ្រូពេទ្យ ទិញមកបាន 5ពាន់សម្រាប់ រួចហើយសម្ដេចឱ្យទិញ 5ពាន់សម្រាប់​ទៀត ​សម្រាប់​ស្តុកបម្រុងរបស់រាជរដ្ឋាភិបាល ដោយនៅ​ពេល​ដែល​របស់ក្រសួងសុខាភិបាលប្រើអស់ របស់​រាជ​រដ្ឋាភិបាលត្រូវបញ្ចេញប្រើបន្ត។ ចំពោះម៉ាស់ N-95 សម្រាប់គ្រូពេទ្យ មានចំនួន 50ម៉ឺន រីឯអាល់កុល អុកស៊ីហ្ស៊ែន។ល។ ក៏ដូចជា ស្រូវ អង្ករ អំបិល ត្រី  និងទឹកសុទ្ធ ក៏បានត្រូ​វ​ត្រៀម​ក្នុង​ស្តុក​បម្រុង​ទុក​ផង​ដែរ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា  កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាល​នៃ​សង្គ្រាម​ប្រឆាំងនឹងវីរុសកូវីដ-19 ដែលជាវីរុសឆ្លងរីករាលដាលជាសកល ហើយដែលមក​ដល់​ពេល​នេះ សង្គ្រាមមួយនេះស្ថិតក្នុងស្ថានភាពទប់ទល់តែប៉ុណ្ណោះ គ្មានទេពាក្យដែលហៅថា​ វាយលុក ព្រោះ​យើងមិនដឹងថា សត្រូវពិតប្រាកដ វានៅទីណានោះទេ ខុសគ្នានឹង​ផ្នែកយោធា ដែលមាន​ការ​វាយទប់ទល់ផង ឬការវាយលុក និងមានការដកថយ។

សម្ដេចតេ​ជោ​បានបន្ដថា៖« សម្រាប់​យើងគ្មាន​ទេពាក្យវាយលុក ហើយក៏គ្មានដែរ ពាក្យដែល ថាឈ្នះ ​ទៅលើ​សង្គ្រាមមហន្តរាយបែបនេះ គ្មានទេ​ពាក្យដែលថាចំណេញ មានតែខាត គ្រាន់តែថា​ខាត​តិច ​ឬខាតច្រើនតែប៉ុណ្ណោះ»។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «នេះជាចំណុច ដែលយើង​ត្រូវដឹង​ជាមុន អំពីនិយមន័យ​នៃ​សង្គ្រាមប្រឆាំងនឹងវីរុសកូវីដ-19នេះ។ ដូច្នេះសង្គ្រាមប្រឆាំងនឹងកូវីដ-19នេះ យើងត្រូវដាក់ទៅ​ក្នុង​​ក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេលវែង ព្រោះវីរុសឆ្លងនេះ​មិនទាន់​ឃើញសញ្ញាថមថយ​ចុះនៅ​ឡើយ​ទេ ហើយក៏មិនទាន់មានថ្នាំព្យាបាលដែរ»។

សម្ដេច​តេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា ឥឡូវនេះយើងកំពុងបន្តប្រយុទ្ធនៅលើមុខព្រួញ3 ក្នុង​​ពេល​តែ​មួយ ជាមួយនឹងសង្គ្រាមប្រឆាំងនឹងវីរុសកូវីដ-19 ទី1-ប្រយុទ្ធនឹងការឆ្លង ចូលមកពីខាងក្រៅ ទី2-ទប់ស្កាត់អ្នកឆ្លងជំងឺទៅកាន់មនុស្សដទៃ និងទី3- ខិតខំព្យាបាលអ្នក​ឆ្លងជំងឺឱ្យជា​សះ​ស្បើយ។

គួរបញ្ជាក់ដែរថា បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានបង្ហាញឱ្យដឹងថា ស្ថានភាពវីរុសកូវីដ-19 នៅទូទាំងប្រទេស គិតត្រឹមម៉ោង7ព្រឹក ថ្ងៃទី7 ខែមេសា ឆ្នាំ 2020 រួម​មាន៖ អ្នកព្យាបាលជាសះស្បើយសរុបកើនដល់ 58នាក់ អ្នកកំពុងសម្រាក​ព្យាបាល បានថយ​ចុះ​មក​​នៅ​សរុប 57នាក់ អ្នកមានវីរុសកូវីដ-19 ​ដែលបានរកឃើញ​នៅទូទាំង​ប្រទេសមានចំនួន 115នាក់​៕

Advertisement