IMF ថា៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ និងឆ្នាំក្រោយនឹងសម្រេចកំណើន 7%

ភ្នំពេញៈ មូលនិធិរូបិយប័ណ្ណអន្តរជាតិ ហៅកាត់ IMF បានព្យាករថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ និងឆ្នាំ2018នឹងសម្រេចបានកំណើន7ភាគរយ ប៉ុន្តែស្ថាប័នអន្តរជាតិនេះបានជំរុញឲ្យរដ្ឋាភិបាលបង្កើនការប្រមូលពន្ធដើម្បីកាត់បន្ថយសម្ពាធដែលរដ្ឋាភិបាលបានចំណាយ។

លោក Jarkko Turunen សេដ្ឋវិទូនៅ IMF បានឲ្យដឹងក្នុងសន្និសីទកាលពីព្រលប់ថ្ងៃម្សិលមិញបន្ទាប់ពីបញ្ចប់ការពិគ្រោះយោបល់មាត្រាIV ប្រចាំឆ្នាំរបស់ខ្លួនថា ក្រុមសេដ្ឋវិទូមានចក្ខុវិស័យវិជ្ជមានដ៏ទូលំទូលាយសម្រាប់សេដ្ឋកិច្ចកម្ពុជាជាមួយកំណើនដែលនៅតែខ្លាំងក្នុងអត្រា7ភាគរយសម្រាប់ឆ្នាំនេះ និងឆ្នាំ2018 ទោះបីជាមាន «ការធ្លាក់ចុះការវិនិយោគឯកជន» ដោយសារការបោះឆ្នោតទាក់ទងនឹងភាពមិនច្បាស់លាស់កាលពីដើមឆ្នាំនេះក៏ដោយ។

លោកថ្លែងថា “យើងបានមើលឃើញពីកំណើនកាន់តែខ្លាំងក្នុងការចំណាយរបស់វិស័យទេសចរណ៍ និងសំណង់ ខណៈវិស័យកាត់ដេរចុះខ្សោយបន្តិច”។ជាមួយគ្នានេះដែរ សេដ្ឋវិទូរូបនេះបានបង្ហាញថា ការគ្រប់គ្រងសារពើពន្ធដោយប្រុងប្រយ័ត្នក្នុងរយៈពេលជាច្រើនឆ្នាំថ្មីៗនេះរក្សាបានឱនភាពសារពើពន្ធស្ថិតក្រោមការគ្រប់គ្រង ហើយបំណុលសាធារណៈស្ថិតក្នុងកម្រិតទាប។
លោកបន្ថែមថា ការបង្កើនការប្រមូលពន្ធកាលពីឆ្នាំ2016បានបង្កើនប្រាក់ចំណូលដល់ជាង15ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ប៉ុន្តែនៅឆ្នាំនេះឱនភាពសារពើពន្ធត្រូវបានព្យាករថា នឹងកើនឡើងដល់ប្រហែល3.7ភាគរយនៃGDP ដោយសារប្រាក់ឈ្នួលវិស័យសាធារណៈ និងការចំណាយបច្ចុប្បន្នផ្សេងទៀតកាន់តែខ្ពស់។

លោកJarkko Turunen បានបន្តថា ទោះជាយ៉ាងណាប្រទេសកម្ពុជាក្នុងរយៈពេលខ្លីនឹងប្រឈមនឹងវិធានការដ៏សំខាន់មួយចំនួនទាក់ទងនឹងការអភិវឌ្ឍដែលរួមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែចំណូលរបស់កម្ពុជាកើនឡើង ហើយប្រភពប្រាក់ចំណូលរបស់រដ្ឋាភិបាលនឹងផ្លាស់ប្តូរ ហើយប្រទេសនេះនឹងទទួលបានការផ្ដល់ជំនួយកាន់តែតិចដោយសារជាប្រទេសមានប្រាក់ចំណូលកាន់តែខ្ពស់ស្របពេលទុនបម្រុងបរទេសបន្តកើនឡើងដល់7.9ពាន់លានដុល្លារនៅត្រឹមចុងខែមិថុនាកន្លងមក៕

Advertisement