ប្រធាន​​ម្នាក់​​របស់​អង្គ​ការ​សហប្រជាជាតិ​ សុំ​​ជួប​ Elon Musk ដោយផ្ទាល់ សម្បី​តែ​នៅ​ទី​អវកាស ដើម្បី​រៀបរាប់​អំពី ប្រាក់ 6 ពាន់​លាន​ដុល្លារ​នឹង​ដោះស្រាយ​គ្រោះ​ទុរភិក្ស​ដោយ​វិធី​ណា

មហា​សេដ្ឋីអាមេរិក ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង​ លោក​ Elon Musk

ក្រោយ​ការឆ្លើយ​ឆ្លង​គ្នា​នៅលើ​បណ្ដាញ​សង្គម​នាពេល​កន្លង ថ្មីៗនេះ ប្រធាន​មួយរូប​របស់​អង្គការសហប្រជាជាតិ បានស្នើ​សុំ​ជួប​មុខ​មហាសេដ្ឋី Elon Musk ដោយផ្ទាល់ ដើម្បី​អធិប្បាយ​អំពី​របៀប​នៃ​ការប្រើប្រាស់​ថវិកា 6 ពាន់​លាន​ដុល្លារ ក្នុងការ​សង្គ្រោះ​ប្រជាជន​រាប់លាន​នាក់​ដែល​កំពុង​រងគ្រោះ​ទុរភិក្ស។

ការឆ្លង​ឆ្លើយ​គ្នា​រវាង​លោក David Beasley ប្រធាន​កម្មវិធី​ស្បៀងអាហារ​ពិភពលោក របស់ អង្គការសហប្រជាជាតិ ជាមួយនឹង​មហាសេដ្ឋី Elon Musk បានចាប់ផ្ដើម​ដោយ​កិច្ច​សម្ភាស​របស់លោក Beasley ជាមួយនឹង CNN ដែល​កាលណោះ​លោក​បាន​និយាយថា៖ ក្រុម​មហាសេដ្ឋី​គួរតែ​បរិច្ចាគ​នៅពេលនេះ និង​តែម្ដង​គត់។ 42 ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រជាជន​ចំនួន 42 លាន​នាក់ ដែលជា​អ្នកនឹង​ត្រូវស្លាប់ បើសិន​យើង​មិនបាន​ជួយ​ពួកគេ។ រឿងនេះ​មិន​ស្មុគស្មាញ​ឡើយ។

ក្រោយមក មហាសេដ្ឋី Elon Musk ដែលមាន​ទ្រព្យ​ប្រមាណ​ជិត 289 ពាន់​លាន​ដុល្លារ បាន​បង្ហោះ​សារ​នៅលើ Twitter ថា៖ បើសិនជា​កម្មវិធី​ស្បៀងអាហារ​ពិភពលោក អាច​បង្ហាញ​តម្លៃភាព​ថវិកា និង​អនុញ្ញាតឱ្យ​គ្រប់គ្នា​បានដឹង​អំពី​ខ្ទង់​ថវិកា​នោះ​ត្រូវបាន​ចំណាយ​ដោយ​របៀប​ណា ហើយ «អាច​អធិប្បាយ​នៅ​ខាងក្រោម​សារ Twitter នេះ នូវ​វិធី​ជាក់លាក់​ដែលថា 6 ពាន់​លាន​ដុល្លារ អាច​ដោះស្រាយ​គ្រោះ​ទុរភិក្ស ខ្ញុំ​នឹង​លក់​ភាគហ៊ុន​នៅ​ក្រុមហ៊ុន Tesla ភ្លាម ដើម្បី​បរិច្ចាគ»។

ភ្លាមនោះ លោក David Beasley ក៏​ចូលមក​ឆ្លើយឆ្លង ដោយ​អះអាងថា លោក​អាច​ធានាបាន​ថា ប្រព័ន្ធ​គណនី​របស់​ស្ថាប័ន​នេះ មាន​តម្លាភាព ហើយ​ថា ក្រុម​របស់លោក Musk អាច​ពិនិត្យ និង​ធ្វើការ​ជាមួយ​ក្រុម​របស់លោក​បាន។

មកដល់​ថ្ងៃនេះ លោក Beasley បន្ត​ឆ្លើយឆ្លង​ជាមួយ​លោក Elon Musk។ លើក​នេះ លោក​បាន tag គណនី Twitter របស់លោក Elon Musk ចូលក្នុង​សារ​របស់លោក ហើយ​ប្រាប់ថា៖ «ជំនួស​ឱ្យ​ការ​បង្ហោះ​សារ​ឆ្លើយឆ្លង សូម​អនុញ្ញាតឱ្យ​ខ្ញុំ​អធិប្បាយ​ឱ្យ​លោក​បាន​ជ្រាប។ ខ្ញុំ​ត្រៀមខ្លួន​សម្រាប់​ជួប​លោក​នៅ​គ្រប់កន្លែង​ក្នុង​ពិភពលោក សូម្បីតែ​នៅ​ទី​អវកាស។ ប៉ុន្តែ ខ្ញុំ​យល់ថា ល្អ​បំផុត​គឺ​នៅ​កន្លែង​ដែល​លោក​អាច​មើលឃើញ​បុគ្គលិក សកម្មភាព ដំណើរការ និង​បច្ចេកវិទ្យា​របស់ WFP ប្រព្រឹត្ត​ទៅដោយ​របៀប​ណា។ ខ្ញុំ​នឹង​នាំយក​គម្រោង​នោះ​ទៅ​ជំរាបជូន​លោក»។

នៅ​ខាងក្រោម​អត្ថបទ​របស់លោក David Beasley ដែល​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Twitter បច្ចុប្បន្ន មាន​មតិ​ស្រប និង​ផ្ទុយ​ជាច្រើន៕

Advertisement