រដ្ឋាភិបាល​កំពុង​ផ្តោតសំខាន់ ​លើ​ការងារ​ចម្បង​ចំនួន5 ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់បានចេញ​សេចក្ដីប្រកាស​ស្ដីពី​លទ្ធផល​ដែល​ទទួលបាន​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​កម្ពុជា ជាមួយនឹង​ការវាយតម្លៃ​ទៅលើ​ការសម្រេចបាន​ការងារសំខាន់ៗចំនួន 5។

ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​កម្ពុជា កាលពីពេលថ្មីៗនេះ​បាន​បើក​កិច្ចប្រជុំ​រួម​ពិភាក្សា​សិក្សា​ពី​លទ្ធផល​ដែល​ទទួលបាន​ក្រោយ​ការអនុវត្ត​ទៅលើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​រួមមាន​ផ្លូវ​ទាំង 34ខ្សែ និង​ការអភិវឌ្ឍ​តំបន់​កម្សាន្ត​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ។

ក្នុង​កិច្ចប្រជុំ​ខាងលើ មានការ​ចូលរួម​ពី​លោក សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក គង់ វិមាន អភិបាលរង​ខេត្ត​ព្រះសីហនុ និង​តំណាង​ក្រសួង ស្ថា​ប័​ន្ធ​ពាក់ព័ន្ធ​មួយចំនួនទៀត។

ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានប្រកាស​លទ្ធផល​ចំនួន 5ចំណុច ដែល​ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង​ឆ្នេរសមុទ្រ​កម្ពុជា ព្រមទាំង​ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ឱ្យក្លាយ​ជាទី​ក្រុង​ដ៏​មាន​សក្តានុពល។

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិ-វឌ្ឍន៍​តំបន់ឆ្នេរ​កម្ពុជា បានឱ្យដឹងថា 5ចំណុចសំខាន់ៗ ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ឱ្យក្លាយ​ជាទី​ក្រុង​ដ៏​មាន​សក្តានុពល​នោះ រួមមាន៖

1៖ ការងារ​ស្ថាបនា​ឡើងវិញ​នូវ​ផ្លូវ​ចំនួន 34ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ​សម្រេចបាន 85គ.ម ក្នុង​ខេត្ត​ព្រះសីហនុ ដែល​មកដល់ពេលនេះ​បានធ្វើ​គ្រឹះ​ផ្លូវ​រួចរាល់ និង​ចាក់​បេតុង​បាន​ប្រមាណ 2% នៃ​ផ្ទៃដី​សរុប​ប្រមាណ 1,400,000ម៉ែត្រការ៉េ ដាក់លូ​បាន​ប្រមាណ 10%នៃ​ប្រវែង​សរុប​ប្រមាណ 170,000ម៉ែត្រ និង​កំពុង​ជំរុញ​ដើម្បី​សម្រេច​ផែនការ​ឱ្យបាន​រួចរាល់​មុន​រដូវភ្លៀង។

2៖ គាំទ្រ​ការបង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ “នាគរាជ” មាន​ទីតាំង​ស្ថិតនៅ​ឃុំ​រាម និង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លើ​ទំហំ​ផ្ទៃដី 3,081ហិកតា។  រដ្ឋាភិបាល​បានអនុម័ត​គម្រោង​ប្រែក្លាយ​តំបន់ឆ្នេរ​សមុទ្រ​រាម ជា​តំបន់​ទេសចរណ៍​ពិសិដ្ឋ “ទីក្រុង​នាគរាជ” ដោយ​គ្រោង​នឹង​ចំណាយ​ទុនវិនិយោគ 16ពាន់​លាន​ដុល្លារ​អាមេរិក។ គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​គំរូ​ពិសិដ្ឋ ស្ថិតនៅក្នុង​ឃុំ​រាម និង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ជាប់​ព្រំប្រទល់​ក្រុងព្រះសីហនុ លាតសន្ធឹង​នៅលើ​ផ្ទៃដី​ទំហំ​ប្រមាណ 3,081ហិកតា ដែលជា​តំបន់​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខ្ពស់ ពិសេស​ការតភ្ជាប់​ឆ្នេរសមុទ្រ​រាម ឆ្នេរ​អូរត្រេះ ឆ្នេរ​អូរ​ឈើទាល ព្រលានយន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ​ដោយ​បណ្តាញ​ផ្លូវទឹកធំៗ និង​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែល​បាន និងកំពុង​អនុវត្ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ផ្តល់​ផលប្រយោជន៍​ខ្ពស់​ដល់​សេដ្ឋកិច្ចសង្គម។

3៖ គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ “ទីក្រុង​រាម” នៅក្នុង​តំបន់​ទេសចរណ៍​នាគរាជ ដោយ​ក្រុមហ៊ុន ខា​នូ​ពី ស៊ែ​ន ឌី​វើ​ឡុ​ប​មិន ឯ.ក លើ​ផ្ទៃដី 834ហិកតា។ រដ្ឋាភិបាល​នឹង​អភិវឌ្ឍ​ឆ្នេរ​រាម​ឱ្យ​ក្លាយជា​ទីក្រុង​រាម និង​បង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ “នាគរាជ”​ នៅ​ខេត្ត​ព្រះសីហនុ។  តំបន់​អភិវឌ្ឍន៍​ទាំងអស់នេះ​នឹង​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង 4ពាន់​ហិកតា ក្រោម​ទុនវិនិយោគ​ជាង 16ពាន់​លាន​ដុល្លារ។

គម្រោង​អភិវឌ្ឍ​ន៍ទី1 មាន​ឈ្មោះថា “ទីក្រុង​រាម”ស្នើ​ដោយ​ក្រុមហ៊ុន ខា​នូ​ពី​ស៊ែ​ន ឌី​វេឡុ​ប​មិន ឯ.ក (Canopy Sands Development Co., Ltd)។ ក្រុមហ៊ុន​នឹង​អភិវឌ្ឍ​ផ្ទៃដី​កម្មសិទ្ធិ​របស់ខ្លួន​ទំហំ 834ហិកតា ទៅជា​សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន អគារ​ស្នាក់នៅ សាលប្រជុំ សាលសន្និសីទ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ មជ្ឈមណ្ឌល​កីឡា និង​ជាពិសេស​ទីលាន​វាយកូនគោល។

ជាងនេះទៀត គម្រោង​នេះ​ក៏​នឹង​រួមបញ្ចូល​នូវ​ការរៀបចំ​ឆ្នេរ​ខ្សាច់​ស្អាត​ថ្មី​ចំនួន 2ឆ្នេរ ដែល​ឆ្នេរ​ទាំង2 នេះ​នឹង​បើក​ឱ្យប្រើ​ប្រាស់​ជា​សាធារណៈ​ក្រោយ​បញ្ចប់​គម្រោង។  បន្ថែម​លើ​នេះ​អង្គប្រជុំ​ក៏​ប្រកាស​អំពី​ការបង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ “នាគរាជ” មាន​ទីតាំង​ស្ថិតនៅ​ឃុំ​រាម និង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លើ​ទំហំ​ផ្ទៃដី 3,081។

4៖ រដ្ឋាភិបាល​ក៏​ប្រកាស​ពី​ការរៀបចំ​កែលម្អ​តំបន់ឆ្នេរ​អូរត្រេះ​ឡើងវិញ ចាប់ពី​ព្រែក​ឆ្នេរ​អូរ​ឈើទាល ស្ថិតនៅ​សង្កាត់​លេខ4 ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ជា​រមណីយដ្ឋាន​ឆ្នេរ​កម្សាន្ត​សាធារណៈ​បែប​ប្រណីត​ដាក់ឱ្យអនុវត្ត​គោលការណ៍​ណែនាំ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ឆ្នេរសមុទ្រ ដោយ​លើ​ផ្លាក​ប៉ាណូ​ផែនទី កំណត់​ដី​ចំណី​ឆ្នេរសមុទ្រ។

និង5៖ រៀបចំ​ដី​សាធារណៈ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ប្រវែង​យ៉ាងតិច 110ម៉ែត្រ និង 80ម៉ែត្រ និង​តាមស្ថានភាព​ជាក់ស្តែង​នៃ​ភូមិសាស្ត្រ​តំបន់ឆ្នេរ​ពយ​ជំទាវ​ម៉ៅ ចាប់ពី​ស្ពាន​សែន​ត្រជាក់ចិត្ត រហូតដល់​ព្រែក​មាត់ពាម ភូមិ​គគីរ ស្ថិតនៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ស្របតាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​លេខ01 សរ​ណន ចុះ​ថ្ងៃទី3 ខែកុម្ភៈ ឆ្នាំ2012 ស្តីពី​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជូន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ ព្រមទាំង​ការកំណត់​ព្រំប្រទល់​ឆ្នេរ និង​ការងារ​មួយចំនួនទៀត។

គួរ​បញ្ជាក់ដែរថា គម្រោង​ទាំងអស់នេះ​ត្រូវបាន ​ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រំពឹងថា ខេត្ត​ព្រះសីហនុ នឹង​ប្រែ​មុខមាត់​ថ្មី ក្លាយទៅជា​ទីក្រុង​ពហុ​បំណង​មាន​សុវត្ថិភាព ដែល​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ តាមរយៈ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ងាយស្រួល ផ្លូវថ្នល់​ធំ ស្អាត​ទូលាយ រួមជាមួយ​នឹង​អគារខ្ពស់ៗ រាប់ពាន់ ដែល​បាន​កើតឡើងព្រមៗគ្នា​ផងដែរ៕

Advertisement