ផលិតផលកសិកម្មរបស់កម្ពុជា 5មុខ នឹងត្រូវបានចុះបញ្ជីសញ្ញាពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម កំពុង​រៀបចំ​ស្នើសុំ​ចុះបញ្ជី​ផលិតផល​ខ្មែរ​ចំនួន​ 5មុខបន្ថែម​ទៀត ដើម្បី​ការពារ​ម៉ាក​សញ្ញា​ពាណិជ​កម្ម  ។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​នៃក្រសួងពាណិជ្ជកម្ម នៅក្នុង​សន្និសីទសារព័ត៌មានស្តីពី​«​បច្ចុប្បន្នភាព និង​វឌ្ឍនភាព​របស់​ក្រសួងពាណិជ្ជកម្ម​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹក​ថ្ងៃទី​6 កុម្ភៈម្សិលមិញ​។​

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្មបាន​បញ្ជាក់ថា ក្រសួង​កំពុង​សិក្សា និង​ប្រមូល​ព័ត៌មាន​បឋម​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​ម៉ាក​យីហោ​កសិផលទាំង​ 5មុខ​នោះ មាន ក្រូចពោធិ៍សាត់ ផ្កាអំបិល​កំពត សូត្រ​មាស អង្ករ​សរីរាង្គ និង​អំបុក​ខ្មែរ​។ ​លោក ស៊ា​ង ថៃ​ អ្នកនាំពាក្យ​នៃក្រសួងពាណិជ្ជកម្មការបានថ្លងថា ចុះបញ្ជី​ការពារ​ម៉ាក​ផលិតផលរបស់​ខ្មែរ គឺ​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​អ្នកបរិភោគ ជាពិសេស​ទប់ស្កាត់​ការបន្លំ​​ផលិតផលរបស់ខ្មែរយើង នៅក្នុង​ទីផ្សារសេរី​នេះ​។​អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមថា​៖ «​ធម្មតា​យើង​តាំងគោលដៅ​​ចុះបញ្ជី​ការពារ​ម៉ាក​សញ្ញា​ កសិផលចំនួន​ 5មុខ​នេះ បើគេ​ទទួលស្គាល់​ត្រឹមតែ3 ឬ​4 ក៏វា​ជា​ជោគជ័យ​របស់​យើងដែរ ព្រោះ​វា​អាស្រ័យ​លើ​ទំហំ​ការងារ​ជាក់ស្ដែង​»​។​

កាលពីពេលកន្លងមក​ ក្រសួងពាណិជ្ជកម្មបាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាកសញ្ញា ​«​ម្លិះ​អង្គរ​» ដែលជា​ម៉ាក​វិញ្ញាតកម្ម​ទី1 និង​ម៉ាក​សញ្ញា «​ក្រូចថ្លុង​កោះ​ទ្រង់​» ដែលជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ទី​3 ​របស់​កម្ពុជា បន្ថែមពី​លើ​ម៉ាកសញ្ញា​ «​ម្រេច​កំពត​» និង​«​ស្ករត្នោត​កំពង់ស្ពឺ​» ដែល​កំពុង​ទទួល​ការពេញនិយម​លើ​ទីផ្សារក្រៅប្រទេស​​។ ​ក្រសួងពាណិជ្ជកម្មថែមទាំងបាន​តាក់តែង​គោលនយោបាយ និង​ចងក្រង​លិខិតបទដ្ឋាន​គតិយុត្ត ដើម្បី​ការពារ​ម៉ាក​សញ្ញា​ពាណិជ្ជ​កម្មនេះទៀតផង​។​

អ្នកនាំពាក្យខាងលើ បានបន្ថែមឱ្យដឹងទៀតថា កាល​ពីឆ្នាំ​2019 ​កន្លងមក ក្រសួងពាណិជ្ជកម្មបានទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ការពារ​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម បាន​ចំនួន​ 5, 278ច្បាប់ ដោយ​កើនឡើង​ 13ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​2018​៕

Advertisement