របៀបដាំសាលាដដើម្បីទទួលបានផលច្រើន ដោយមិនប្រើជីគីមី

ភ្នំពេញ៖ កសិករដាំសាលាដនៅស្រុកស្អាង ខេត្តកណ្តាល បានឱ្យដឹងថា ការប្រកបរបរដាំបន្លែសាលាដឆាប់ទទួលបានផលណាស់ ដោយគិតចាប់ពីពេលដាំដុះត្រឹមតែ1ខែ 7ថ្ងៃ ទៅ1ខែ 10ថ្ងៃប៉ុណ្ណោះ គេអាចកាត់លក់បានហើយ។ សម្រាប់ការដាំនៅលើផ្ទៃដីតែ30អា អាចកាត់លក់ម្តងបានទម្ងន់ជាមធ្យមប្រមាណជា 3តោន ដែលមានតម្លៃចន្លោះពី 3,500រៀលទៅ 5,000រៀលក្នុងមួយគីឡូក្រាម សរុបបានកម្រៃជាង10លានរៀលក្នុង1លើកៗ។

លោក តុង ឈាងកាំង បានរៀបរាប់ឱ្យដឹងថា គាត់បានចាប់របរដាំបន្លែសាលាដនេះជិត 20ឆ្នាំមកហើយ គឺដាំវិលជុំនៅលើផ្ទៃដីទំហំ 30អា ហើយឆ្នាំនេះសាលាដឃើញថា បានថ្លៃគ្រាន់បើ ដោយកាលពីមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ 1គីឡូក្រាមថ្លៃ 4,500 ទៅ 5,000រៀល ប៉ុន្តែពេលនេះគឺធ្លាក់មកត្រឹម 3,500រៀល ក្នុង1គីឡូក្រាម។ កសិករខាងលើដដែលនេះក៏បានប្រាប់អំពីរបៀបដាំដុះ និងថែទាំផងដែរថា សាលាដមិនខុសអំពីបន្លែផ្សេងៗទៀតប៉ុន្មានទេ ទាំងការដាំ ក៏ដូចជាថែទាំដែរ ប៉ុន្តែវាជាប្រភេទបន្លែដែលមិនសូវប្រើថ្នាំគីមីច្រើនដូចជាបន្លែមួយចំនួនទៀតនោះទេ និងប្រើពេលចាប់ពី1ខែ 7ថ្ងៃ ទៅ1ខែ 10ថ្ងៃ គឺអាចដកលក់បានហើយ។

លោកបានប្រាប់អំពីវិធីដាំដុះ និងថែទាំផងដែរថា មុនពេលដាំ យើងត្រូវភ្ជូរដីហាលទុកសិន ហើយមិនកំណត់ពេលនោះទេ បើមេឃក្តៅដីឆាប់ឆ្អិន ហើយបើមានភ្លៀងយើងហាលទុកយូរបន្តិចទៅ ទាល់តែដីឆ្អិនល្អទើបឆូតជាងរង ព្រោះបើដាំលើដីដែលឆ្អិនមិនល្អ គឺមិនសូវបានផលល្អនោះទេ។ បន្ទាប់មកយើងបាចជីលាមកគោ ហើយគ្រប និងស្រោចទឹកឱ្យដុះស្មៅទើបបាញ់ថ្នាំសម្លាប់ស្មៅវិញ រួចយកគ្រាប់មកបាចដាំដើម្បីកុំឱ្យនឿយធ្វើស្មៅ។ ក្រោយបាចគ្រាប់ដាំហើយត្រូវស្រោចទឹកក្នុង1ថ្ងៃ2 ទៅ3ដង ហើយ1អាទិត្យក្រោយមកនៅពេលសាលាដដុះ យើងត្រូវឧស្សាហ៍ពិនិត្យមើលក្រែងមានសត្វល្អិត ឬដង្កូវបំផ្លាញ និងបន្តស្រោចទឹកព្រឹកល្ងាចរហូតដល់ពេលដកយកទៅលក់តែម្តង។

លោក តុង ឈាងកាំង ក៏បានបន្ថែមដែរថា បើបន្លែបានថ្លៃនឹងមានតម្លៃស្ថេរដូចឆ្នាំនេះនោះ កសិករសប្បាយចិត្តណាស់ ហើយតាំងតែពីដើមរៀងមកគ្រួសារលោក គឺពឹងតែលើរបរធ្វើចម្ការបន្លែនេះតែ1មុខប៉ុណ្ណោះ នៅលើផ្ទៃដី 30អា និងទទួលបានទិន្នផលជាមធ្យមប្រមាណ3តោនក្នុង1លើកៗ ដែលអាចជួយឱ្យជីវភាពបានធូរធារសមរម្យមានផ្ទះធំទ្រនំខ្ពស់រស់នៅ ព្រមទាំងមានលទ្ធភាពបញ្ជូនកូនៗឱ្យរៀនដល់ថ្នាក់មហាវិទ្យាល័យថែមទៀតផង។

ចំណែកឯឈ្មួញទិញបន្លែម្នាក់ គឺលោក ហ៊ុយ ឡូញ មានទីលំនៅភូមិព្រែកតាប៉ុក ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល បានទទួលស្គាល់ថា ឆ្នាំនេះសាលាដពិតជាបានថ្លៃគួរសមជាងឆ្នាំមុនៗមែន ហើយលោកតែងចុះមកទិញពីបងប្អូនកសិករយើង ដល់ចម្ការតែម្តងនិងដឹកយកទៅលក់នៅឯផ្សារដើមគឯណោះ។ លោកបានបន្តថា កាលពីមុនបោះឆ្នោតនេះ សាលាដ 1គីឡូក្រាមបានថ្លៃដល់ទៅ 5,000រៀលឯណោះ ប៉ុន្តែឥឡូវនៅសល់1គីឡូក្រាម 3,500រៀល ហើយបើតម្លៃនៅស្ថេរដូច្នេះនោះ អ្នកដាំនឹងបានចំណេញច្រើនមិនខាន៕

Advertisement