កម្ពុជា​នឹង​សហការ​ជាមួយ​សហ​ភាព​អារ៉ាប់​ ក្នុង​ការ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​ក្នុង​ពេល​ឆាប់​ៗនេះ​

ការ​បញ្ជូន​ពលករ​ចំណាកស្រុក​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​យន្តការ​ដ៏​មាន​សារៈសំខាន់​មួយ​ដើម្បី​ជំរុញ​ឱ្យ​ប្រជាជន​ទទួល​បាន​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​ ស្រប​ពេល​ដែល​ពួកគេ​ក៏​ទទួល​បាន​ចំណេះដឹង​បន្ថែម​ពី​វិស័យ​កសិកម្ម​ ក៏ដូចជា​ឧស្សាហកម្ម​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ទាំងអស់​នោះ​មកវិញ​ដែរ​។ កន្លងមក​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ភាគី​កូរ៉េ​ ភាគី​ជប៉ុន​ និង​បណ្តា​ប្រទេស​ដែល​ទទួលយក​ពលករ​កម្ពុជា​មួយចំនួន​ទៀត​ ដើម្បី​បញ្ជូន​ពួកគេ​ទាំងនោះ​ទៅ​ធ្វើការ​ហ្វឹកហាត់​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក៏ដូចជា​បម្រើការ​ងារ​នៅក្នុង​ប្រទេស​ទាំងអស់​នោះ​ដែរ​។

ថ្មី​ៗនេះ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឈាន​មួយ​ជំហាន​ថ្មីទៀត​លើ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដោយ​គ្រោង​នឹង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយនឹង​សហភាព​អារ៉ាប់រួម​ ឬអារ៉ាប់​ អេ​មី​រ៉េ​ត ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​ត្រៀម​បញ្ជូន​ពលករ​កម្ពុជា​ទៅ​ធ្វើការងារ​នៅ​អារ៉ាប់រួម​ដែល​ជា​ប្រទេស​អភិវឌ្ឍន៍​ និង​មានការ​រស់នៅ​ល្អ​ប្រសើរ​។

ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើកឡើង​ថា​ នៅមុន​ជំនួប​ពិភាក្សា​ជាមួយនឹង​ឯកឧត្តម​ Saif​ Abdulla​ Mohammaed​ Khalfan​ Alshamisi​ ឯកអគ្គ​រាជទូត​នៃ​ប្រទេស​អារ៉ាប់​ដែល​មាន​និវាសនដ្ឋាន​នៅ​ទីក្រុង​បាងកក​នោះ​ ភាគី​អារ៉ាប់​បាន​ព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មួយ​ផ្ញើ​មកកាន់​ភាគី​កម្ពុជា​រួចហើយ​ ខណៈ​បច្ចុប្បន្ន​ក្រុមការងារ​ជំនាញ​របស់​កម្ពុជា​ កំពុង​ត្រួតពិនិត្យ​យ៉ាង​យកចិត្ត​ទុកដាក់​។

ឯកឧត្តម​ អុិ​ត សំ​ហេង​ បាន​មានប្រសាសន៍​ថា​៖ «នៅពេល​អនុស្សរណៈ​នោះ​ត្រូវ​បាន​ចុះហត្ថលេខា​រួចរាល់​ វា​នឹង​ក្លាយជា​ការ​ផ្តល់​ឱកាស​ថ្មី​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចង់​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​ និង​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​»។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា​ ទោះបីជា​នៅក្នុង​ប្រទេស​កម្ពុជា​មានការ​ងារ​ជាច្រើន​ដែល​ត្រូវ​ការ​កម្លាំង​ពលកម្ម​ ឬកន្លែង​ខ្លះ​ខ្វះ​កម្លាំង​ពលកម្ម​បន្ថែម​ទៀត​ក្ដី​ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ផ្តល់​ និង​ស្វែងរក​ឱកាស​ការងារ​នៅ​ក្រៅប្រទេស​បន្ថែម​ដល់​ប្រជាជន​ ដើម្បី​ឱ្យ​ពួកគេ​មានលទ្ធភាព​ក្នុង​ការ​ស្វែងរក​ចំណូល​ និង​ចំណេះដឹង​ពី​ប្រទេស​អភិវឌ្ឍន៍​នានា​។ ការ​ចេញទៅ​ធ្វើការងារ​នៅ​ក្រៅប្រទេស​ នឹង​ជួយ​ឱ្យ​ពលករ​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​ រួម​ទាំង​បទ​ពិសោធ​ជំនាញ​វិជ្ជាជីវៈ​ថែមទៀត​ផង​ ដែល​នឹង​ធ្វើ​ឱ្យ​ពួកគេ​ងាយស្រួល​ក្នុង​ការ​ប្រកបរបរ​ ឬធ្វើការងារ​នៅក្នុង​ស្រុក​ នៅពេល​ដែល​ពួកគេ​ត្រឡប់​មក​ពី​បំពេញការងារ​នៅ​ក្រៅប្រទេស​វិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​នៅក្នុង​តំបន់​ជាច្រើន​ បាន​ជំរុញ​ប្រជាជន​របស់​គេ​ឱ្យ​ទទួល​បាន​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​ ដើម្បី​ជំរុញ​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​ជាតិ​ ព្រោះ​ប្រាក់ចំណូល​ដែល​រកបាន​ពី​ការ​ធ្វើការងារ​នៅ​ក្រៅប្រទេស​ នឹង​ត្រូវ​ផ្ញើ​មកកាន់​សាច់ញាតិ​នៅ​ប្រទេសកំណើត​វិញ​។ ហេតុនេះ​សាច់ប្រាក់​ទាំងអស់​នោះ​នឹង​ត្រូវ​ចរាចរណ៍​នៅ​ប្រទេសកំណើត​នេះ​ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កាន់តែ​ល្អ​ប្រសើរ​ឡើង​។

កន្លងមក​សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់​បាន​លើកឡើង​ផង​ដែរ​ថា​ ប្រទេស​ដែល​ទទួល​ពលករ​ ក៏​មាន​គោលការណ៍​បញ្ជូន​ប្រជាជន​របស់​ខ្លួន​ទៅក្រៅ​ប្រទេស​ដែរ​។ ជាក់ស្តែង​ ដូចជា​ប្រទេស​ថៃ​ជាដើម​ ដែល​ប្រទេស​នេះ​បាន​បញ្ជូន​ប្រជាជន​ទៅ​ប្រទេស​ដែល​មាន​ចំ​ណូល​ខ្ពស់​ៗ ហើយ​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ដែល​មានតម្លៃ​ទាប​ជាង​ដើម្បី​បំពេញ​ទីផ្សារ​ការងារ​នៅក្នុង​ប្រទេស​ខ្លួនឯង​វិញ​។

ឯកឧត្តម​ Abdulla​ Mohammed​ ឯកអគ្គ​រាជទូត​នៃ​ប្រទេស​អារ៉ាប់រួម​ បាន​លើកឡើង​ថា​ នៅ​ប្រទេស​អារ៉ាប់​ រួមមាន​ប្រជាជន​រស់នៅ​យ៉ាងច្រើន​ និង​ចម្រុះ​ជាតិសាសន៍​ ក្នុង​នោះ​មាន​ប្រមាណ​ 200សញ្ជាតិ​ដែល​កំពុង​រស់នៅ​ ប្រកបការងារ​ ធ្វើ​អាជីវកម្ម​ ពាណិជ្ជកម្ម​ និង​ទេសចរណ៍​នៅ​ទីនោះ​។ នៅ​ពេល​ថ្មី​ៗនេះ​ ប្រទេស​អារ៉ាប់រួម​ក៏បាន​ចេញ​នូវ​គោលនយោបាយ​គាំទ្រ​អ្នក​ទាំងអស់​នោះ​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ និង​ផលប្រយោជន៍​ជាច្រើន​ ដើម្បី​ជំរុញ​ឱ្យ​មាន​ភាព​សុខសាន្ត​ក្នុង​ការរស់នៅ​ ការ​ធ្វើការងារ​ និង​ការ​ប្រកប​អាជីវកម្ម​ជាដើម​៕

Advertisement