មន្ត្រី​សេដ្ឋកិច្ច​ជាតិ​៖ សេដ្ឋកិច្ច​ឌីជីថល​ គឺ​ជា​គំនាស់​ថ្មី​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​

កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ក្រោម​ប្រធានបទ​ “ការ​ប្រមើល​មើល​ពី​ការ​ប្រែក្លាយ​សេដ្ឋកិច្ច​នៅ​កម្ពុជា​៖ ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​” ដែល​រៀបចំ​ដោយ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ សហការ​ជាមួយ​ស្ថានទូត​អូស្ត្រាលី​ ប្រចាំ​កម្ពុជា​ វិទ្យាស្ថាន​អភិវឌ្ឍន៍​ក្រៅប្រទេស​ (ODI​) និង​វិទ្យាស្ថាន​បណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​ ដើម្បី​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (CDRI​) នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​ កាលពីដើម​ខែវិច្ឆិកា​ ឆ្នាំ2019​ បាន​ក្លាយជា​ព្រឹត្តិ​ការណ៍​ថ្មី​មួយទៀត​នៃ​ការរៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ បន្ទាប់ពី​ក្រុមការងារ​សេដ្ឋកិច្ច​ជាតិ​បាន​ធ្វើទស្សនកិច្ច​សិក្សា​ទៅ​តំបន់​ស៊ី​លី​ខុន​ វ៉ាល​លេ​ និង​ការរៀបចំ​កិច្ចប្រជុំ​តុមូល​ជាមួយ​ធនាគារពិភពលោក​ ឬ WB​ នៅ​សហរដ្ឋអាមេរិក​កាលពី​ពេល​កន្លងមក​ ពាក់ព័ន្ធ​នឹង​ការរៀបចំ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​កម្ពុជា​។

ឯកឧត្តម​ វង្សី​ វិស្សុត​ អនុប្រធាន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ និង​ជារ​ដ្ឋ​លេខាធិការ​ប្រចាំការ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​មានប្រសាសន៍​ថា​ ការរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​ គឺ​ដើម្បី​បន្ត​ផ្តល់​នូវ​វេទិកា​សម្រាប់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ ធ្វើការ​ពិភាក្សា​ និង​ផ្លាស់​ប្តូរ​គំនិត​ទស្សនៈ​ក្នុង​គោលដៅ​កំណត់​ឱ្យ​បាន​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ ក្នុងរយៈពេល​វែង​។

ឯកឧត្តម​បន្ត​ថា​ បច្ចុប្បន្ន​យើង​កំពុងតែ​រស់នៅ​ក្នុង​យុគសម័យ​នៃ​បដិវត្តន៍​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទំនាក់ទំនង​ ឬហៅ​ថា​ បដិវត្តន៍​ឧស្សាហកម្ម​ទី4​ (IR​ 4) ដែល​មាន​បច្ច័យ​យ៉ាង​ធំធេង​មក​លើ​ការ​អភិវឌ្ឍ​ និង​ការរស់នៅ​របស់​មនុស្សជាតិ​ក្នុង​គ្រប់​ទិដ្ឋភាព​។

បដិវត្តន៍​ឧស្សាហកម្ម​ទី4​ នឹង​ផ្តល់​នូវ​កាលានុវត្តន៍​យ៉ាងច្រើន​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​កម្ពុជា​ ក្នុង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​សម្រាប់​ធ្វើការ​បង្រួញផ្លូវ​ និង​ពន្លឿន​ការ​អភិវឌ្ឍ​ប្រទេស​ កា​របង្តើន​ផលិតភាព​ ប្រសិទ្ធភាព​ និង​ភាព​ប្រកួតប្រជែង​។

ក៏ប៉ុន្តែ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ នេះ​ក៏​នឹង​នាំមក​នូវ​បញ្ហា​ប្រឈម​ថ្មី​ៗបន្ថែម​ពីលើ​បញ្ហា​ប្រឈម​នានា​ដែល​មានស្រាប់​ផង​ដែរ​។ ក្នុង​បរិបទ​នេះ​ កម្ពុជា​ចាំ​បាច់​ត្រូវ​គិតគូរ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​នូវ​យុទ្ធសាស្ត្រ​នៃ​ការ​អភិវឌ្ឍ​របស់​ខ្លួន​ ដើម្បី​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ប្រកប​ដោយ​បរិ​យា​ប័ន្ន និង​ធន់​រឹងមាំ​ ពិសេស​ការសម្រេច​បាន​នូវ​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​។

ឯកឧត្តម​ វង្សី​ វិស្សុត​ មានប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​បាន​ និង​កំពុង​ដាក់ចេញ​នូវ​វិធានការ​ជាបន្តបន្ទាប់​ ដើម្បី​លើកស្ទួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ និង​សហគ្រិនភាព​នៅ​កម្ពុជា​ដូចជា​៖ 1-ការបង្កើត​ និង​ដាក់​ឱ្យ​ដំណើរការ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​(SDF​)។ 2-ការបង្កើត​ និង​ដាក់​ឱ្យ​ដំណើរការ​-មជ្ឈមណ្ឌល​ បណ្តុះ​ធុរកិច្ច​ថ្មី​តេជោ​។ 3-ការបង្កើត​និង​ដាក់​ឱ្យ​ដំណើរការ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​ (EDF​) និង​មជ្ឈមណ្ឌល​លើកកម្ពស់​សហគ្រិនភាព​(EPC​)។ 4-ការរៀបចំ​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs​ Bank​) ជាដើម​។

ជា​លទ្ធផលជាក់​ស្តែង​ ការរៀបចំ​ថ្នាល​ និង​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ការបង្កើត​ធុរកិច្ច​ថ្មី​ និង​សហគ្រិនភាព​ កំពុងតែ​មាន​វឌ្ឍនភាព​ទៅមុខ​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​ក្នុង​នោះ​ វប្បធម៌​សហគ្រិនភាព​កាន់តែ​ត្រូវ​បាន​លើកកម្ពស់​ ក្រុមហ៊ុន​មួយចំនួន​ចាប់ផ្តើម​ជំរុញ​នវានុវត្តន៍​ និង​ធ្វើ​ឌីជីថល​ភាវូបនីយកម្ម​នៅក្នុង​អាជីវកម្ម​របស់​ខ្លួន​ ហើយក៏​មាន​គ្រឹះស្ថាន​ បណ្តុះបណ្តាល​ និង​សាកល​វិទ្យាល័យ​ខ្លះ​បាន​ដំណើរការ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ និង​សហគ្រិនភាព​នេះ​ជា​បណ្តើរ​ៗផង​ដែរ​។

ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​ស្នើ​ដល់​អង្គប្រជុំ​ ធ្វើការ​ពិភាក្សា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ ដោយ​ផ្តោត​លើ​អាទិភាព​ និង​យុទ្ធសាស្ត្រ​ចំនួន5​ សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការរៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ដែល​រួមមាន​៖
1-ការរៀបចំ​ និង​ដាក់​ឱ្យ​ដំណើរការ​រដ្ឋាភិបាល​ឌីជីថល​គ្រប់ជ្រុងជ្រោយ​ ដើម្បី​ពង្រឹង​ការ​ផ្តល់​សេវា​សា​ ធា​រណៈ​ប្រកបដោយ​គុណភាព​ ប្រសិទ្ធភាព​ និង​តម្លាភាព​ផង​ និង​ម្យ៉ាងវិញទៀត​ ដើម្បី​បង្កើត​នូវ​បរិស្ថាន​ និង​ជា​គំនាស់​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល​ និង​នវានុវត្តន៍​ផង​ដែរ​។

2-ការជំរុញ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ ដូចជា​ខ្សែ​កាប្លិ៍​អុបទិក​ ខ្សែ​កាប្លិ៍​អុបទិក​តាម​បាត​សមុទ្រ​ មជ្ឈមណ្ឌល​ទិន្នន័យ​ និង​ការ​តភ្ជាប់​បណ្តាញ​សេវាកម្ម​ដល់​អ្នកប្រើ​ប្រាស់​ និង​ធុរកិច្ច​ ដើម្បី​ធ្វើ​ឱ្យ​សេ​វា​អុីន​ធើ​ណិ​តកាន់តែ​មាន​ល្បឿន​លឿន​ ហើយ​តម្លៃ​កាន់តែ​ថោកជាង​មុន​ និង​មាន​វិសាលភាព​អាច​គ្រប​ដណ្តប់​ទូទាំង​ប្រទេស​។

3-ការ​បង្កើន​សមត្ថភាព​ និង​អក្ខរកម្ម​ឌីជីថល​ពិសេស​ជូន​ដល់​ស្រទាប់​យុវជន​ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​បច្ចេក​វិទ្យា​ថ្មី​ៗ និង​ពីទី​ផ្សារ​ឌីជីថល​តាមរយៈ​ការ​បង្កើន​គុណភាព​អប់រំ​ ការ​លើកកម្ពស់​ការ​បណ្តុះបណ្តាលSTEAM​ និង​ការ​អភិវឌ្ឍ​ជំនាញ​ឌីជីថល​ព្រមទាំង​ការស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​(R&​D)។

4-ការបង្កើត​ក្របខ័ណ្ឌ​គោលនយោបាយ​ ច្បាប់​ បទ​ប្ប​ញ្ញ​តិ្ត​ និង​បទដ្ឋាន​ស្តង់​ដា​ ក្នុង​គោលដៅ​ធានា​ សន្តិសុខ​ផ្នែក​ឌីជីថល​ ដូចជា​ការ​ពង្រឹង​ការគ្រប់គ្រង​ទិន្នន័យ​ ការ​ការពារ​ទិន្នន័យ​ឯកជន​ និង​ការ​ទប់​ ស្តា​ត់​បទល្មើស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ជាដើម​។ល។ 5-ការជំរុញ​អភិវឌ្ឍន៍​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​លើកស្ទួយ​សហគ្រិនភាព​ និង​ការបង្កើត​ធុរកិច្ច​ថ្មី​(Startup​) ក្នុង​វិស័យ​ឌីជីថល​។

ប៉ុន្តែ​ ទាំងអស់​នេះ​ វា​ក៏អាច​មាន​បច្ច័យ​អវិជ្ជមាន​ដល់ទី​ផ្សារ​ការងារ​បច្ចុប្បន្ន​ផង​ដែរ​ ដោយសារតែ​នវានុវត្តន៍​ថ្មី​ៗ អាច​នឹង​ជំនួស​ឱ្យ​ការងារ​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​រូបវន្ត​។ ដូច្នេះ​ កម្ពុជា​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ធានា​ឱ្យ​កម្លាំង​ពលកម្ម​របស់​ខ្លួន​អាច​សម្រប​ខ្លួន​ និង​ទទួលយក​នូវ​ការ​ធ្វើ​ឌីជីថល​ភាវូបនីយកម្ម​នេះ​ឱ្យ​បាន​ជា​ប្រព័ន្ធ​ និង​ប្រកបដោយ​ភាព​រស់រវើក​ ក៏ដូចជា​ការអប់រំ​ផ្នែក​ទស្សនៈ​ និង​ផ្នត់គំនិត​ដែរ​។

ជាមួយគ្នា​នេះ​ កម្ពុជា​ត្រូវតែ​ផ្តល់​ការ​បណ្តុះបណ្តាល​នូវ​ជំនាញ​ពាក់ព័ន្ធ​សម្រាប់​ថ្ងៃនេះ​ និង​ថ្ងៃ​អនាគត​ជូន​ដល់​កម្លាំង​ពលកម្ម​នៅក្នុង​វិស័យ​សំ​ខាន់​ៗដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ផ្លាស់​ប្តូរ​ឆ្ពោះទៅ​រកការធ្វើ​ឌីជីថល​ភាវូបនីយកម្ម​។

ឯកឧត្តម​ វង្សី​ វិស្សុត​ ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា​៖“សេដ្ឋកិច្ច​ឌីជីថល​ នឹង​ក្លាយជា​គំនាស់​ថ្មី​ (New​ leverage​) នៃ​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​កម្ពុជា​ តាមរយៈ​ការ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ ផលិតភាព​ និង​តម្លៃបន្ថែម​ ដូច​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​”៕

Advertisement