សហ​ស្ថាបនិក​ស្ត្រី2រូប​ ជម្នះ​ឧបសគ្គ​ជីវិត​រហូត​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​គ្រឿងសម្អាង​លេចធ្លោ​នៅ​កម្ពុជា​

គ្រាន់តែ​និយាយ​ពិការ​រកស៊ី​អ្នកណា​ក៏អាច​និយាយ​បាន​ដែរ​ តែ​ការ​ធ្វើអាជីវកម្ម​ពិតប្រាកដ​មិន​ងាយស្រួល​ដូច​យើង​គិត​នោះ​ទេ​។ ទម្រាំ​បង្កើត​បាន​អាជីវកម្ម​ត្រូវ​ និង​ឈរជើង​យូរអង្វែង​ក្នុង​ទីផ្សារ​ ម្ចាស់​អាជីវកម្ម​នានា​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ ដែល​អ្នកខ្លះ​ស្ទើរតែ​ចំណាយពេល​វេលា​ និង​ថាមពល​រាប់​ឆ្នាំ​ដើម្បី​ទប់​តុល្យភាព​នៃ​ក្រុមហ៊ុន​បាន​។

នៅ​កម្ពុជា​ មាន​ស្ត្រី​មិន​ច្រើនពេក​ទេ​ដែល​អាច​អភិវឌ្ឍ​ខ្លួន​ពី​បុគ្គលិក​ ឬអ្នករក​ស៊ី​ខ្នាត​តូច​ទៅជា​ម្ចាស់​ក្រុមហ៊ុន​ស្តង់​ដា​ និង​លេចធ្លោ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ ព្រោះ​ស្ត្រី​ត្រូវ​ស្ថិត​ក្នុង​ប្រពៃណី​ និង​ទំនៀមទម្លាប់​ដ៏​តឹងតែង​នៃ​សង្គម​ បូក​ផ្សំ​ជាមួយនឹង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែល​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ខ្លួន​ក្នុង​អាជីវកម្ម​។ ទោះជា​យ៉ាងនេះ​ក្តី​ ក៏​មិនមែន​មានន័យថា​គ្មាន​ស្ត្រី​រឹងមាំ​ដែល​បាន​តស៊ូ​ជម្នះ​ឧបសគ្គ​ជីវិត​ដើម្បី​សម្រេចជោគជ័យ​ក្នុង​អាជីវកម្ម​នោះ​ទេ​។ ជាក់ស្តែង​ សហ​ស្ថាបនិក​ក្រុមហ៊ុន​ B Nature​ Import​-Export​ Co​., Ltd​ សុទ្ធតែ​ជា​ស្ត្រី​ដែល​ចាប់ផ្តើម​អភិវឌ្ឍ​ជីវិត​ក្នុង​គ្រួសារ​សាមញ្ញ​ មក​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​ចែកចាយ​គ្រឿងសម្អាង​ដែល​មាន​សមាជិក​រហូតដល់​ប្រមាណ​ 5,000នាក់​នា​ពេល​បច្ចុប្បន្ន​នេះ​។

អ្នកនាង​ រស់​ សុ​ភ័ក្រ សហ​ស្ថាបនិក​ក្រុមហ៊ុន​ B Nature​ Import​-Export​ Co​., Ltd​ បាន​លើកឡើង​ថា​ ក្រុមហ៊ុន​ B Nature​ Import​-Export​ Co​., Ltd​ ជា​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​ដោយ​សហ​ស្ថាបនិក​2រូប​ គឺ​អ្នកនាង​ផ្ទាល់​ និង​កញ្ញា​ សុខ​ ចន្ថា​ ដែល​បាន​ចាប់ផ្តើម​អាជីវកម្ម​រួមគ្នា​តាំងពី​ឆ្នាំ​ 2013​ រហូតមកដល់​បច្ចុប្បន្ន​នេះ​។ ដំបូង​ឡើយ​ សហ​ស្ថាបនិក​ទាំង2​គ្រាន់តែ​ជា​អ្នកទទួល​ផលិតផល​ពី​គេ​មក​លក់​ធម្មតា​តែប៉ុណ្ណោះ​ តែ​ក្រោយពេល​ទំនាក់ទំនង​ស្គាល់គ្នា​ និង​មាន​ឆន្ទៈ​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​លើ​វិស័យ​សម្ផស្ស​ដូចគ្នា​ ក៏បាន​ចាប់ដៃ​គ្នា​ហើយ​ចេញទៅ​បរទេស​ដើម្បី​ទទួលយក​ផលិតផល​ដោយ​ផ្ទាល់​មក​លក់​មុននឹង​បង្កើត​ម៉ាក​សញ្ញា​ (brand​) ដោយខ្លួនឯង​។

អ្នកនាង​ រស់​ សុ​ភ័ក្រ បាន​និយាយ​ថា​៖ “ការ​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​សម្រាប់​ពួក​យើង​ទាំង2នាក់​ ព្រោះ​យើង​សុទ្ធតែ​ជា​អ្នក​ដែល​មានកម្រិត​ជីវភាព​មធ្យម​ ហើយ​ត្រូវ​ចំណាយ​លុយ​សន្សំ​ពី​ការ​លក់​ផលិតផល​ និង​ខ្ចី​គេ​បន្ថែម​ទៀត​ដើម្បី​បង្កើត​ក្រុមហ៊ុន​រួមគ្នា​។ ការ​វិនិយោគ​នេះ​ ជា​ការ​ដាក់​ទុន​ដ៏​ធំ​មួយ​ដែល​គ្មាន​ផ្លូវ​ថយក្រោយ​ មានន័យថា​ យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​យ៉ាងណា​ចាំបាច់​ត្រូវតែ​អភិវឌ្ឍ​ទៅមុខ​ បើមិនដូច្នោះទេ​យើង​នឹង​ត្រូវ​ជួប​បញ្ហា​ជាច្រើន​ជាពិសេស​រឿង​ហិរញ្ញវត្ថុ​នេះ​តែម្តង​”។

សហគ្រិន​ស្ត្រី​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ សម្រាប់​ស្ត្រី​ និង​អ្នកគ្រប់គ្នា​ប្រសិនបើ​ស្ថិត​ក្នុង​ស្ថានភាព​មិនទាន់​ល្អ​ប្រសើរ​ សូមកុំ​អាល​អស់សង្ឃឹម​ព្រោះ​យើង​ម្នា​ក់ៗ​សុទ្ធតែ​មាន​សមត្ថភាព​អស្ចារ្យ​ពី​កំណើត​ គ្រាន់តែ​យើង​មិនទាន់​ប្រើប្រាស់​វា​អស់​លទ្ធភាព​តែប៉ុណ្ណោះ​។ អ្នកនាង​ណែនាំ​ថា​ ដើម្បី​អភិវឌ្ឍ​កម្រិតជីវភាព​ ឬដោះខ្លួនចេញ​ពី​បញ្ហា​បាន​លុះត្រាតែ​យើង​មាន​គោលបំណង​នៃ​ជីវិត​ច្បាស់លាស់​។ នៅពេល​យើង​មាន​គោលដៅ​ច្បាស់លាស់​ យើង​ប្រាកដជា​មានទំនុក​ចិត្ត​លើ​ខ្លួនឯង​កាន់តែ​ខ្លាំង​ ដែល​វា​ជា​កម្លាំង​ជំរុញ​ឱ្យ​យើង​កាន់តែ​មាន​ថាមពល​ដើម្បី​ខិតខំ​ប្រឹងប្រែង​។ រាល់​ការ​អភិវឌ្ឍ​ខ្លួន​ ឬបង្កើត​អាជីវកម្ម​សុទ្ធតែ​ត្រូវ​ឆ្លង​ឧបសគ្គ​ តែ​អ្វី​ដែល​សំខាន់​គឺ​យើង​ព្យាយាម​រក្សា​ទឹកចិត្ត​ឱ្យ​វិជ្ជមាន​ ដោយ​មើល​ពី​គំរូ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មនុស្ស​ពូ​កែៗ​ជុំវិញ​ខ្លួន​។ នៅពេល​នោះ​យើង​នឹង​គិតថា​ មិនមែន​មានតែ​យើង​ម្នាក់ឯង​នោះ​ទេ​ដែល​ត្រូវ​ជម្នះ​ការ​លំបាក​ គេ​ផ្សេង​ក៏​ត្រូវ​ជម្នះ​ឧបសគ្គ​ពី​ដៃទទេ​ដូចគ្នា​។ ចុងបញ្ចប់​នៃ​ការ​តស៊ូ​ គឺ​គេ​ទទួល​បាន​រង្វាន់​ជាទី​គាប់ចិត្ត​ ហេតុនេះ​បើ​គេ​ធ្វើ​បាន​ យើង​ក៏អាច​ធ្វើ​បាន​ដូចគ្នា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុន​ B Nature​ Import​-Export​ Co​., Ltd​ ជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​ S.T​ White​ ផ្សំ​ចេញពី​កម្ទេចមាស​ 24​ K ដំបូង​គេ​បំផុត​ ដែល​ផ្តោត​សំខាន់​លើ​គុណភាព​ និង​សុវត្ថិភាព​របស់​អ្នកប្រើ​ប្រាស់​ជាចម្បង​។

ដោយសារតែ​ការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ផលិតផល​ និង​សេវាកម្ម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ពី1ឆ្នាំទៅ1ឆ្នាំ​ ក្រុមហ៊ុន​ដ៏​មាន​សក្តា​នុ​ពល​មួយ​នេះ​បាន​ទទួល​ពានរង្វាន់​ SME​ of​ The​ Year​ Awards​ 2019​ ពី​ប្រទេស​ថៃ​ និង​ថ្មី​ៗនេះ​ក៏​ទទួល​បាន​ពានរង្វាន់​សហគ្រិន​ឆ្នើម​ Success​ CEO​ Award​ 2019​ កាលពី​ពេល​ថ្មី​ៗនេះ​៕

Advertisement