ចម្ការ​ម្នាស់​ទឹកឃ្មុំ​ កំពុង​ជួយ​ជំរុញ​ទីផ្សារ​ភេសជ្ជៈ​ទឹក​ផ្លែឈើ​របស់​សិប្បកម្ម​ក្នុង​ស្រុក​

ដំណាំ​ម្នាស់​ ពិសេស​ម្នាស់​ទឹកឃ្មុំ​ ដោយសារតែ​វា​អាច​រស់​បាន​នៅក្នុង​តំបន់​ដែល​មាន​សីតុណ្ហភាព​មធ្យម​ពី​ 26​ ទៅ​ 28អង្សា​សេ​ ធ្វើ​ឱ្យ​ម្នាស់​ក្លាយជា​ដំណាំ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​ងាយស្រួល​ដាំ​ ដោយសារ​វា​លូតលាស់​លឿន​ និង​ឆាប់​ឱ្យ​ផល​ ដែល​បច្ចុប្បន្ន​ ខ្មែរយើង​មាន​បច្ចេកទេស​ដាំ​ម្នាស់​តែ​ក្នុងរយៈពេល​ 6ខែ​ ទៅ​ 7ខែ​ប៉ុណ្ណោះ​នឹង​ទទួល​បាន​ផល​ ហើយ​ដំណាំ​នេះ​កំពុង​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំគ្នា​ដាំ​នៅ​គ្រប់​ខេត្ត​-ក្រុង​នៅក្នុង​ប្រទេស​កម្ពុជា​ និង​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ដែល​កំពុង​ត្រូវការ​ច្រើន​ផង​ដែរ​។

កសិករ​ដាំ​ម្នាស់​ទឹកឃ្មុំ​ នៅ​ភូមិ​អូរឫស្សី​កណ្តាល​ ឃុំ​អូរឫស្សី​កណ្តាល​ ស្រុក​សៀមបូក​ ខេត្ត​ស្ទឹងត្រែង​ លោក​ សាយ​ ពន្លឺ​ករុណា​ បាន​ផ្តល់​បទ​សម្ភាស​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖ “គ្រួសារ​ខ្ញុំ​ ចាប់ផ្តើម​ប្រកបរបរ​ដាំ​ម្នាស់​អស់​រយៈពេល​ 10ឆ្នាំ​មក​ហើយ​ ដោយ​បាន​ដាំដុះ​នៅ​លើ​ផ្ទៃដី​ចំនួន​ 15ហិ​កតា​ ប៉ុន្តែ​បច្ចុប្បន្ន​នៅសល់​តែ​ 2ហិ​កតា​ប៉ុណ្ណោះ​ ដោយសារ​ខ្ញុំ​បាន​បង្វិលទុន​ធ្វើ​សិប្បកម្ម​ ផលិត​ភេសជ្ជៈ​ទឹក​ផ្លែ​ម្នាស់​វិញ​”។

ថ្វី​ដ្បិតតែ​កសិករ​ដាំ​ម្នាស់​រូប​នេះ​បាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​ការងារ​សិប្បកម្ម​ផលិត​ទឹក​ផ្លែ​ម្នាស់​ក៏ដោយ​ ក៏​លោក​នៅតែ​អាច​ប្រាប់​ពី​បច្ចេកទេស​ដាំដុះ​ម្នាស់​ ដែល​លោក​ធ្លាប់​មាន​បទ​ពិសោធ​ច្រើន​បង្គួរ​ពី​ដំណាំ​ផ្លែឈើ​មួយ​នេះ​ដែរ​។ លោក​ថា​៖“ម្នាស់​ 1ហិ​កតា​ ខ្ញុំ​អាច​ដាំ​បាន​ចន្លោះ​ពី​ 36,000កូន​ ទៅ50,000កូន​ តែ​បច្ចុប្បន្ន​ខ្ញុំ​ដាំ​បាន​ត្រឹមតែ​ 40.000កូន​ប៉ុណ្ណោះ​ (នៅ​តំបន់​ខ្លះ​មាន​ដង់ស៊ីតេ​ដាំ​ប្រមាណ​ជា​ 55,000កូន​ក្នុង​ 1ហិ​កតា​)ដោយ​លើក​ជា​រង​ចន្លោះ​ពី​ 1.2ម៉ែត្រ​ ទៅ1.5ម៉ែត្រ​ពីគ្នា​ ហើយ​ដាំ​ឃ្លាត​គ្នា​ពី​ 1ដើម​ទៅ​ 1ដើម​ចម្ងាយ​ពី​ 2.5តឹក​ទៅ​ 3តឹក​។

ក្នុង​ម្នាស់​មួយ​ដើម​ផ្តល់​ផល​តែ​ 1ផ្លែ​ប៉ុណ្ណោះ​ដែល​មាន​ទម្ងន់​ចាប់ពី​ 1គីឡូ​ ទៅដល់3គីឡូក្រាម​ ទៅ​តាម​ផ្លែ​តូច​ ឬផ្លែ​ធំ​ ហើយ​លក់​ក្នុង​តម្លៃ​បោះ​ដុំ​បាន​ 3,500រៀល​ តែ​អ្នក​ប្រមូល​ទិញ​អាចយ​កទៅ​លក់​នៅក្នុង​ទីផ្សារ​បាន​ 5,000រៀល​ទៅ​ 6,000ក្នុង​ 1គីឡូក្រាម​។

លោក​ ករុណា​ បាន​មានប្រសាសន៍​ថា​៖“ដើម​ម្នាស់​គេ​អាច​បណ្តុះ​ដោយ​គ្រាប់​(គ្រាប់​ម្នាស់​នៅក្នុង​ភ្នែកម្នាស់​) រួច​យកកូន​ទៅ​ដាក់ដាំ​ ឬអាច​ដាំ​ដោយ​ដើម​ម្នាស់​ដែល​នៅ​ខាងចុង​ផ្លែ​ ឬខ្នែង​ដែល​នៅ​លើ​ដើម​ម្នាស់​ក៏បាន​។ បច្ចេកទេស​ដាំ​ម្នាស់​បច្ចុប្បន្ន​ គេ​ប្រើ​រយៈពេល​តែ​ 6ខែ​ទៅ​ 7ខែ​ប៉ុណ្ណោះ​ គឺ​អាច​ឱ្យ​វា​ចេញ​ផ្លែ​(ក្ដិ​ប)បាន​ហើយ​ និង​បន្ត​ពីនោះ​ត្រឹមតែ​ 2-3ខែ​ទៀត​ផ្លែ​ម្នាស់​នឹង​ទុំ​ និង​អាច​ប្រមូល​ផល​បាន​ហើយ​។ ខុសពី​មុន​ដែល​ចាប់ពី​ពេល​ដាក់ដាំ​លើកដំបូង​រហូតដល់​ពេល​ប្រមូល​ផល​ត្រូវ​ចំណាយពេល​ 12ខែ​”។

លោក​ថា​ កន្លងមក​ទីផ្សារ​លក់​ចេញ​ គឺ​ម្នាស់​មិន​មានការ​លំបាក​នោះ​ទេ​ ដោយ​លោក​បាន​ដាក់​លក់​ឱ្យ​អ្នកទេសចរ​ ដែល​ធ្វើដំណើរ​ទៅលេង​ខេត្ត​រតនគីរី​ និង​ខេត្ត​ស្ទឹងត្រែង​ ក៏អាច​លក់​អស់​ប្រមាណ​ជា​ 70​% ទៅ​ 80​%ដែរ​ និង​មួយចំនួន​ទៀត​ យើង​ផ្គត់ផ្គង់​ទៅ​ឱ្យ​ទីផ្សារ​បន្លែ​ធម្មជាតិ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

ដំណាំ​ម្នាស់​គេ​អាច​ដាំ​បាន​គ្រប់​រដូវ​ មិនថា​រដូវវស្សា​ ឬរដូវប្រាំង​នោះ​ទេ​ សំខាន់​ឱ្យ​តែ​មាន​ទឹក​ស្រោច​ប៉ុន្តែ​កសិករ​ខាងលើ​បាន​អះអាង​ថា​ ដើម្បី​ឱ្យ​ដើម​ម្នាស់​លូតលាស់​បាន​ល្អ​ គេ​ច្រើន​ដាំ​នៅ​រដូវប្រាំង​ ហើយ​ស្រោចទឹក​ជាប់​ជាប្រចាំ​ ព្រោះ​ដើម​នឹង​លូតលាស់​បាន​ល្អ​ជាង​ដាំ​នៅ​រដូវវស្សា​ ព្រោះថា​ រដូវវស្សា​ភ្លៀង​ធ្លាក់​ច្រើនពេក​ ម្នាស់​មិនសូវ​លូតលាស់​ល្អ​ទេ​ ដូច្នេះ​ធ្វើ​ឱ្យ​ដំណាំ​នេះ​ក៏​មិនសូវ​ជា​ស្រួល​ក្នុង​ការថែទាំ​ប៉ុន្មាន​ដែរ​ ទាល់តែ​មាន​បទ​ពិសោធ​ទើប​អាច​ដាំ​បាន​ផល​ល្អ​ និង​អាស្រ័យ​លើ​ប្រភេទ​ពូជ​ និង​បច្ចេកទេស​ដាំដុះ​ទៀតផង​។ នេះ​បើ​តាម​អ្នកមាន​បទ​ពិសោធ​រូប​នេះ​បាន​បញ្ជាក់​។

លោក​ ករុណា​ បានឱ្យ​ដឹង​ទៀត​ថា​ លោក​នៅ​សល់​ចម្ការ​ម្នាស់​ទឹកឃ្មុំ​ នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​ 2ហិ​កតា​(1ហិ​កតា​ស្មើនឹង​ជាង​ 40,000ដើម​) ឬសរុប​ទៅ​ ប្រមាណ​ជាជាង​ 80,000ដើម​ ដែល​បច្ចុប្បន្ន​ផ្ទៃដី​ដាំ​ម្នាស់​របស់​លោក​ប៉ុនហ្នឹង​ មិន​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​សម្រាប់​សិប្បកម្ម​របស់​លោក​ទេ​ ព្រោះ​សិប្ប​កម​របស់​លោក​ត្រូវការ​ម្នាស់​ប្រមាណ​ជា​ 3តោន​ទៅ​ 5តោន​ក្នុង​ 1ថ្ងៃ​។

ដោយឡែក​រឿង​តម្លៃ​ទឹក​ផ្លែ​ម្នាស់​នៅ​លើ​ទីផ្សារ​វិញ​ លោក​ករុណា​ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖ “សិប្បកម្ម​ទឹក​ផ្លែ​ម្នាស់​ទឹកឃ្មុំ​របស់ខ្ញុំ​ អាច​ទទួល​ផលិត​បាន​ 2,500លីត្រ​ក្នុង​ 1ថ្ងៃ​ ហើយ​ក្នុង​ 1ខែ​សិប្បកម្ម​ខ្ញុំ​ផលិត​បាន​ចំនួន​ 150,000ដប​។ ឯតម្លៃ​លក់​បោះ​ដុំ​ គឺ​ក្នុង1ដប​ 4,000រៀល​ ឯអ្នកលក់​រាយ​អាច​លក់​បាន​តម្លៃ​ 5,000​ – 6,000រៀល​ក្នុង1ដប​”។

លោក​ សាយ​ ពន្លឺ​ករុណា​ បាន​បញ្ជាក់​ទៀត​ថា​៖“សិប្បកម្ម​ទឹក​ផ្លែ​ម្នាស់​ទឹកឃ្មុំ​របស់ខ្ញុំ​កំពុង​ដំណើរការ​ចុះបញ្ជី​ហើយ​ ដោយមាន​ការជំរុញ​គាំទ្រ​ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ និង​ក្រ​សួង​ឧស្ស​ហក​ម្ម​ និង​សិប្បកម្ម​ ព្រោះ​ការផលិត​របស់ខ្ញុំ​ ធ្វើឡើង​តាម​បច្ចេកទេស​មាន​ស្តង់​ដា​សុវត្ថិភាព​ ហើយ​ផ្លែ​ម្នាស់​ជា​វត្ថុធាតុដើម​ដែល​យក​មក​ប្រើ​ ក៏​ត្រូវ​ចម្រាញ់​ និង​ជា​ផ្លែ​ម្នាស់​ដែល​ដាំ​តាម​បច្ចេកទេស​ដែរ​ ទើប​មានការ​ទទួលស្គាល់​ពី​ក្រសួង​មន្ទីរ​”។

លោក​ ករុណា​ បាន​បញ្ជាក់​ទៀត​ថា​៖ “បច្ចុប្បន្ន​ភេសជ្ជៈ​ម្នាស់​ទឹកឃ្មុំ​របស់ខ្ញុំ​ ត្រូវ​បាន​ផ្គត់ផ្គង់​ទៅ​ឱ្យ​ទីផ្សារ​នៅ​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​មាន​ដូចជា​ សៀមរាប​ បន្ទាយមានជ័យ​ និង​ប៉ោយប៉ែត​ និង​ដោយសារតែ​វា​មាន​តម្រូវការ​ច្រើន​ ទើប​យើង​ត្រូវការ​ផលិត​បន្ថែម​ ព្រោះ​យើង​ក៏​លក់​តាម​អន​ឡាញ​ដែរ​ ហើយក៏​មាន​អ្នកបញ្ជា​ទិញ​ និង​និយម​ចូលចិត្ត​ទទួលទាន​ច្រើន​ហើយ​ដែរ​”។

លោក​បាន​ប្រាប់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ ទៀត​ថា​៖“ខ្ញុំ​ ក៏​មាន​គោលបំណង​ពង្រីក​ការ​ដាំដុះ​បន្ថែម​ទៀត​ដែរ​ ជាពិសេស​ម្នាស់​ទឹកឃ្មុំ​នេះ​តែម្ដង​ ដើម្បី​ផ្គត់ផ្គង់​ដល់​សិប្បកម្ម​ភេសជ្ជៈ​របស់ខ្ញុំ​ដែល​កំពុង​មាន​តម្រូវការ​ខ្លាំង​ បច្ចុប្បន្ន​ខ្ញុំ​កំពុង​ពង្រីក​ការ​ដាំដំណាំ​ម្នាស់​ទឹកឃ្មុំ​នេះ​ឱ្យ​បាន​ 5ហិ​កតា​បន្ថែម​ទៀត​ ដែល​វា​នឹង​ហុច​ផល​នៅពេល​ខាងមុខ​”៕

Advertisement