ដីដាំចេកជាង 20អា មួយសប្តាហ៍កាប់ផ្លែលក់បាន 20 ទៅ 30ម៉ឺនរៀល

ចេកជាដំណាំមួយប្រភេទដែលងាយស្រួលដាំដុះជាងដំណាំផ្សេងៗទៀត ព្រោះមិនចាំបាច់ចំណាយពេលវេលា ឬកម្លាំងពលកម្មក្នុងថែទាំជាប្រចាំនោះទេ ហើយនៅពេលបានផល ផ្លែវាគឺជាតម្រូវការរបស់គ្រប់ៗគ្នាក្នុងការយកទៅធ្វើជាបង្អែមញ៉ាំ ធ្វើនំអន្សមចេក អន្សមអាំង ឬយកទៅសែនជារៀងរាល់ថ្ងៃបុណ្យទានមិនសូវដែលខានឡើយ។

លោក ប្រុស សុវណ្ណ កសិករដាំចេកនៅក្នុងភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាលបានឱ្យដឹងថា គ្រួសាររបស់គាត់បានធ្វើរបរកសិកម្មដាំចេកណាំវ៉ា ប្រមាណជាជាង 3ឆ្នាំមកហើយ ដោយដាំនៅលើផ្ទៃដីទំហំក្បាល 30ម៉ែត្រ និងទទឹង 80ម៉ែត្រ ដែលអាចដាំដើមចេកបានប្រមាណជា 300គុម្ព។ នៅពេលវាឱ្យផលអាចកាប់លក់បានប្រមាណពី 20 ទៅ 30ម៉ឺនរៀល ហើយមានម៉ូយមកទិញដល់ចម្ការតែម្តង មិនចាំបាច់យកទៅលក់ខ្លួនឯងទេ។

លោកបន្តថា តម្លៃចេកមួយស្និតលក់នៅនឹងចម្ការមានតម្លៃចន្លោះពី 1,500រៀល ទៅ 2,000រៀល ហើយម៉ូយយកទៅលក់បន្តបានមួយស្និតតម្លៃចន្លោះពី 2,000 ទៅ3,000រៀល ទៅតាមស្និតតូច និងស្និតធំហើយក៏មិនពិបាកលក់ដែរ ដោយសារចេកនេះដាំនៅក្នុងចម្ការក្រោយផ្ទះ មិនប្រើថ្នាំគីមី100%។ នៅពេលអ្នកម៉ៅទិញគាត់ដឹង គាត់មកចាំទិញរៀងរាល់ថ្ងៃសីល ហើយបើយកទៅលក់មុខរោងចក្រវិញ ក៏មានកម្មករទិញដែរដោយចំណាយពេលលក់ប្រហែលតែជាង1ម៉ោងប៉ុណ្ណោះ អាចចំណេញប្រាក់បាន10ម៉ឺនរៀលឬច្រើនជាងនេះទៅតាមចំនួនចេកតិច ឬច្រើន។

កសិករម្នាក់ទៀតឈ្មោះ តាន់ វុធ ឱ្យដឹងដែរថា លោកមានផ្ទៃដីដាំចេកប្រហែលមួយហិកតាដែរ ដោយកាប់លក់រៀងរាល់ថ្ងៃសីល ហើយមានម៉ូយមកទទួលទិញដល់កន្លែងតែម្តង មិនពិបាកយកទៅលក់ខ្លួនឯងនោះទេ តែបើមានពេលយកទៅលក់ខ្លួនឯងវិញ រឹតតែចំណេញបានប្រាក់ច្រើន ព្រោះថា ចេកងាយស្រួលលក់ណាស់ ដោយសារការដាំដុះតាមបែបធម្មជាតិ100% មិនដាក់ថ្នាំគីមីដើម្បីឱ្យបានផ្លែល្អនោះទេ។ លោកនិយាយថាការដាំចេកមានភាពងាយស្រួល និងមិនលំបាកថែទាំនោះទេ គ្រាន់តែជម្រះស្មៅពេលដើមចេកនៅតូចៗម្តងម្កាល លុះដល់ធំឡើងស្លឹកវាម្លប់ដីទាំងមូលហើយ ដំណាំផ្សេងៗនឹងមិនដុះនាំឱ្យប៉ះពាល់ដល់ដំណាំចេកនោះទេ។

យ៉ាងណាក៏ដោយកសិករដាំចេកទាំងអស់បាននិយាយថា ដំណាំចេកឆ្នាំនេះធ្លាក់ថ្លៃជាងឆ្នាំមុន ដោយឆ្នាំមុនលក់រាយបានចន្លោះពី3,000រៀល ទៅ4,000រៀល តែចំណែកឆ្នាំនេះលក់រាយបានតម្លៃតែ2,000រៀល ទៅ,3000រៀលប៉ុណ្ណោះ ដោយសារចេកនាំចូលមកពីក្រៅប្រទេសច្រើនពេក។

លោក ប្រុស សុវណ្ណ បានរៀបរាប់ពីរបៀបដាំចេកថា ចេកងាយស្រួលដាំណាស់ ដោយគ្រាន់តែជីកដីដាក់កូនចេកក្នុងរណ្តៅ1គុម្ព1ដើម ដាំទុកចន្លោះពី1ដើម ទៅ1ដើមចម្ងាយទទឹង 3ម៉ែត្រ បណ្តោយ 4ម៉ែត្រ ពេលដាំហើយបូមទឹកស្រោចប្រមាណជា2ដង ដើម្បីឱ្យចេកចាប់ឫស និងអាចរស់បានហើយ។ យើងមិនបាច់ដាក់ទឹកទៀតទេ គ្រាន់តែថែស្មៅកុំឱ្យដុះដោយបោចចេញម្តងម្កាលទៅបានហើយ។ ហើយដាំបានរយៈពេលត្រឹម7ខែ ចេកនឹងចាប់ផ្តើមធ្លាក់ត្រយូងចេញផ្លែឱ្យផលហើយ៕

Advertisement