សហគ្រាស​ធុន​តូច​ និង​មធ្យម​កំពុង​ ជំរុញ​អាជីវកម្ម​ជំនាញ​របស់​សហគ្រិន​ស្ត្រី​ទៅជា​ពាណិជ្ជកម្ម​ឌីជីថល​

កម្មវិធី​“ឌីជីថល​ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​” បាន​ចាប់ផ្តើម​នៅក្នុង​ព្រឹត្តិ​ការណ៍​មួយ​ ដែល​ រៀបចំ​ឡើង​ដោយ​សភា​ពាណិជ្ជកម្ម​អង់គ្លេស​ ជា​គំនិត​ផ្តួចផ្តើម​ដ៏​មានជោគ​ជ័យ​បំផុត​មួយចំនួន​ក្នុង​គោលបំណង​ដើម្បី​ទទួលយក​បច្ចេកវិទ្យា​ និង​ការ​លើកកម្ពស់​នៃ​សហគ្រិន​ស្ត្រី​ ក៏​ត្រូវ​បាន​ពិភាក្សា​នា​ឱកាស​នោះ​ដែរ​។

នៅក្នុង​កម្មវិធី​ “ឌីជីថល​ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​កម្ពុជា​”ដែល​ជា​គំនិត​ផ្តួចផ្តើម​ និង​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​ USAID​ ដើម្បី​ពង្រឹង​ជំនាញ​របស់​សហគ្រិន​ស្ត្រី​ បាន​ចាប់ផ្តើម​កាលពី​ខែសីហា​ ឆ្នាំ2018​ ដោយមាន​អាយុកាល​ 5ឆ្នាំ​និង​មាន​ថវិកា​15លាន​ដុល្លារ​ និង​អនុវត្ត​ដោយ​អង្គ​ការ​ផេ​កខេម​បូ​ឌា​ដែល​ជា​អង្គការ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ជា​អ្នកគ្រប់គ្រង​ឱកាស​សេដ្ឋកិច្ច​នៃ​គម្រោង​នេះ​។

អង្គការ​ ផេ​កខេម​បូ​ឌា​ បាន​បង្ហាញ​នូវ​គម្រោង​ “យើង​ធ្វើ​គម្រោង​”ក្នុង​ការ​ជួយ​ម្ចាស់​អាជីវកម្ម​ដែល​ជា​ស្ត្រី​ឱ្យ​បំពេញ​ “ការ​ផ្លាស់​ប្តូរ​ឌីជីថល​” ដែល​ជាផ្នែក​សំខាន់​មួយ​នៃ​កម្មវិធី​។ សហគ្រាស​ធុន​តូច​ និង​មធ្យម​ប្រមាណ​2,500ស្ថាប័ន​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ភាគច្រើន​ជា​អាជីវកម្ម​ដែល​គ្រប់គ្រង​ជា​លក្ខណៈ​គ្រួសារ​។

អង្គ​ការ​ផេ​កខេម​បូ​ឌា​បានឱ្យ​ដឹង​ថា​៖“ម្ចាស់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​នៅ​កម្ពុជា​ កំពុង​ដំណើរការ​ឌីជីថល​យ៉ាង​ យឺត​ៗក្នុង​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​ ប៉ុន្តែ​យើង​បាន​កត់សម្គាល់​ថា​ ភាគច្រើន​នៅ​ខ្វះ​ចំណេះដឹង​ចាំបាច់​ ដើម្បី​បញ្ចប់​ការ​ផ្លាស់​ប្តូរ​ឌីជីថល​ ជាពិសេស​ទាក់ទង​នឹង​ទីផ្សារ​ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ យើង​កំពុងតែ​ជួយ​បង្កើត​យុទ្ធសាស្ត្រ​ឌីជីថល​របស់​ពួកគេ​ ហើយ​ថែមទាំង​ទទួលយក​ប្រព័ន្ធ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទៀត​ផង​។ យើង​ក៏​ជួយ​ដល់​ពួកគេ​ក្នុង​ការ​កសាង​ភាពជា​ដៃគូ​ ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​ផង​ដែរ​”។

ធនាគារ​ កា​ណា​ឌី​យ៉ា​ និង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ (CWEA​) ថ្មី​ៗនេះ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដោយ​បាន​ផ្តល់​ប្រាក់​ចំនួន​ 20លាន​ដុល្លារ​ដល់​មូលនិធិ​ប្រាក់កម្ចី​ដែល​មាន​អត្រា​ ការប្រាក់​ប្រកួតប្រជែង​។ គោលដៅ​ គឺ​ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រី​។

យោង​តាម​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា​ មាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ប្រមាណ​ 53ម៉ឺន​សហគ្រាស​ដែល​ 97​%មាន​និយោជិត​តិច​ជាង​ 10នាក់​ ដូច្នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​សហគ្រាស​ខ្នាត​តូច​។

លោកជំទាវ​ អេង​ លី​គង់​ ប្រធាន​ CWEA​ និង​អង្គ​ការ​ផេ​កខេម​បូ​ឌា​បាន​យល់ស្រប​ថា​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​ តែងតែ​តស៊ូ​ដើម្បី​ទទួល​បាន​ហិរញ្ញវត្ថុ​។ លោកជំទាវ​ បាន​មានប្រសាសន៍​ថា​៖“65​%នៃ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ ត្រូវ​បាន​កាន់កាប់​ដោយ​ស្ត្រី​ និង​ជា​ការពិត​ សហគ្រិន​ស្ត្រី​ប្រឈម​នឹង​បញ្ហា​ប្រឈម​ជាច្រើន​ រួមមាន​ការ​ទទួល​បាន​ប្រាក់កម្ចី​ ពីព្រោះ​ពួកគេ​ខ្វះខាត​វត្ថុ​បញ្ចាំ​”។

នៅ​ឆ្នាំ2017​ រដ្ឋាភិបាល​បាន​ប្រកាស​ផែនការ​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​មួយ ​(SME’S​ Bank​) ជា​គម្រោង​ដែល​នឹង​មាន​ថវិកា​ដើមទុន​ប្រមាណ​ 100លាន​ដុល្លារ​។ យោង​តាម​រាជរដ្ឋាភិបាល​ ធនាគារ​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំនេះ​នឹង​ព្យាយាម​ជួយ​លើ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដើម្បី​ពង្រីក​ប្រតិបត្តិ​ការ​របស់​ពួកគេ​ ដោយ​សម្រួល​ដល់​ការ​ទទួល​បាន​ឥណទាន​សម្រាប់​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​ជាពិសេស​។

លោកស្រី​ឧកញ៉ា​ កែវ​ មុំ​ អគ្គ​នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​ លី​លី​ ធ្លាប់​បាន​ប្រាប់​ថា​៖“អាជីវកម្ម​របស់​សហគ្រិន​ស្ត្រី​មួយចំនួន​បាន​ដំណើរការ​ល្អ​ទៅមុខ​ ហើយ​ចង់​ពង្រីក​ឱ្យ​ធំធាត់​បន្ថែម​ទៀត​ ប៉ុន្តែ​ការរារាំង​មិន​អាច​ឱ្យ​ពង្រីក​បាន​នោះ​ គឺ​ហិរញ្ញវត្ថុ​តែម្ដង​ អុីចឹង​ហើយ​ពួកគាត់​ក៏បាន​ងាក​មក​ ពង្រីក​បន្តិច​ម្ដង​ៗតាម​ធនធាន​ដែល​ខ្លួន​មាន​”។

លោកស្រី​ឧកញ៉ា​បាន​បន្ត​ថា​៖ “បញ្ហា​សម្រាប់​សហគ្រិន​ស្ត្រី​លើ​ការពង្រីក​អាជីវកម្ម​ អាច​នឹង​កាត់បន្ថយ​បាន​ បើសិនជា​ដំណើរការ​ធនាគារ​ SME​ របស់​រាជរដ្ឋាភិបាល​ចេញ​ជា​ផ្លែផ្កា​លឿន​ ហើយ​សហគ្រិន​ដែល​ខ្វះ​ទុន​ តែ​ចង់​ពង្រីក​អាជីវកម្ម​បន្ថែម​ អាច​សរសេរ​សំណើ​ទៅកាន់​ធនាគារ​ ដើម្បី​យក​ហិរញ្ញវត្ថុ​មក​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​បាន​”។

ឯកឧត្តម​ កិត្តិ​សេដ្ឋា​បណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​មានប្រសាសន៍​ថា​៖“សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​គឺជា​ចលករ​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ ដល់​កំណើន​សេដ្ឋកិច្ច​ និង​ការបង្កើត​ការងារ​។ សហគ្រាស​ធុន​តូច​ និង​មធ្យម​មាន​អាជីវកម្ម​គ្រប​ដណ្តប់​ច្រើន​ជាង​ 95​%ក្នុង​ពិភពលោក​ ដែល​ក្នុង​នោះ​បាន​បង្កើត​ការងារ​បាន​ចំនួន​ ​2/3នៃ​ទីផ្សារ​ពលកម្ម​សរុប​”។

ម្យ៉ាងទៀត​ តាម​ការសិក្សា​បាន​បង្ហាញថា​ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​នៅក្នុង​អាជីវកម្ម​អាច​នាំមក​នូវ​ចំណូល​ប្រមាណ​ ​625ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​ 1ឆ្នាំ​ដល់​វិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​នៅ​ឆ្នាំ​2030​។ ដូច្នេះ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​មាន​សក្តា​នុ​ពល​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ដែល​សហគ្រាស​ខ្លួនឯង​តែង​មាន​បញ្ហា​ប្រឈម​ ​;ហើយ​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​ ដូចជា​ការបង្កើត​បណ្តាញ​អាជីវកម្ម​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ពិភពលោក​ ​;ឬជំរុញ​ផលិតផល​ក្នុង​ទីផ្សារ​បរទេស​ជាដើម​។

គួរ​បញ្ជាក់​ថា​ បើ​តាម​ស្ថិតិ​របស់ក្រ​សួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​បង្ហាញថា​ នៅក្នុង​ ចំណោម​សហគ្រាស​ជាង​ 53ម៉ឺន​សហគ្រាស​នៅក្នុង​ប្រទេស​កម្ពុជា​ មាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​មាន​ប្រមាណ​ 99.8​% ដែល​បាន​ផ្ដល់​ការងារ​សរុប​ប្រមាណ​ 70​% នៃ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​សរុប​៕

Advertisement