ទុរេន​ខ្មែរ​ មាន​រសជាតិ​ប្លែក​តាម​តំបន់​ មាន​ទីផ្សារ​លក់​បាន​តម្លៃ​ខ្ពស់​

ដំណាំ​ទុរេន​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​បាន​ក្លាយទៅជា​ដំណាំ​កសិផល​មួយ​ ដែល​មាន​ទីផ្សារ​គួរ​ឱ្យ​ចាប់អារម្មណ៍​ ដោយ​ប្រជាកសិករ​ បាន​ធ្វើការ​ពង្រីក​ការ​ដាំដុះ​ដំណាំ​ហូប​ផ្លែ​មួយ​នេះ​ នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ ទោះបីជា​ក្នុង​លក្ខណៈ​ចម្ការ​គ្រួសារ​ក៏ដោយ​ ក៏​ទុរេន​មាន​តម្រូវ​ការ​ទីផ្សារ​កាន់តែ​ច្រើន​ ហើយ​លក់​បាន​ថ្លៃ​ខ្ពស់​គួរសម​ និង​ធ្វើ​ឱ្យ​អ្នក​បរិភោគ​មាន​ជម្រើស​ច្រើន​ តែ​មិនទាន់​អាច​ចំណាំបាន​ថា​ តើ​ទុរេន​ផ្លែ​បែប​ណា​ និង​រសជាតិ​បែប​ណា​ស្ថិតនៅ​ក្នុង​ខេត្ត​ណាមួយ​នោះ​នៅ​ឡើយ​?ដោយសារតែ​ទុរេន​មាន​រសជាតិ​ខុសប្លែក​ពីគ្នា​ទៅតាម​តំបន់​ហ្នឹងឯង​។

ផ្លែ​ទុរេន​ នៅ​សំឡូត​ក្នុង​ខេត្ត​ប៉ៃលិន​ មាន​រសជាតិ​ឆ្ងាញ់​ មាន​ភាព​ល្បីល្បាញ​ក្នុង​ប្រទេស​ ពេល​បរិភោគ​ទៅ​មាន​ភាព​ឆ្ងាញ់​ជាប់មាត់​ និង​ជក់ចិត្ត​ ហើយ​ចង់​បរិភោគ​ម្ដងទៀត​ មិនចាញ់​ទុរេន​ខេត្ត​កំពត​ប៉ុន្មាន​ឡើយ​។ សម្រាប់​ប្រភេទ​ទុរេន​ ដែល​ប្រជាកសិករ​យើង​និយម​ដាំ​នៅ​ស្រុក​សំឡូត​ មាន​ប្រភេទ​ឆៈ​នី​ ប្រភេទ​ម៉ន​ថង​ និង​ទុរេន​ដូនតា​ភូមិ​លី​ ជាដើម​។

កសិករ​ឈ្មោះ​ ពឹង​ សំ​អៀ​ត បានឱ្យ​ដឹង​ថា​ គាត់​បាន​ដាំ​ទុរេន​នៅ​លើ​ផ្ទៃដី​ជិត​4ហិ​កតា​ ស្មើនឹង​ទុរេន​ 320ដើម​។ ទុរេន​របស់​លោក​បានឱ្យ​ផល​ចំនួន​ 3ឆ្នាំ​មក​ហើយ​ តែ​ឆ្នាំនេះ​ទុរេន​ឱ្យ​ផល​ច្រើនជាង​រាល់​ឆ្នាំ​ គឺ​មាន​ទិន្នផល​ល្អ​ ហើយក៏​លក់​បាន​តម្លៃ​ខ្ពស់​ជាង​រាល់​ឆ្នាំ​ដែរ​ គឺ​ 1គីឡូក្រាម​តម្លៃ​ចាប់ពី​ 15,000រៀល​ ទៅ​ 18,000​រៀល​ ខណៈ​ឆ្នាំមុន​ ក្នុង​ 1គីឡូក្រាម​បាន​ត្រឹមតែ​ 12,000រៀល​ប៉ុណ្ណោះ​ ហើយ​តម្លៃ​ដែល​លក់រាយ​ទៅ​ឱ្យ​អ្នក​បរិភោគ​តែម្តង​ក៏បាន​ថ្លៃ​ខ្ពស់​ដែរ​ គឺ​ពី​ 22,000រៀល​ ដល់​ 25,000រៀល​ក៏​មាន​។

លោក​បាន​បន្ថែម​ទៀត​ថា​ សម្រាប់​ទីផ្សារ​ទុរេន​របស់​លោក​ មាន​ឈ្មួញកណ្ដាល​មក​ចាំ​ទិញ​ មាន​មក​តាំងពី​រាជធានី​ភ្នំពេញ​ក្រុង​បាត់ដំបង​ និង​ខេត្តសៀមរាប​ ទោះជា​មាន​ចំនួន​ប៉ុន្មាន​ ក៏​ពួកគេ​ទិញ​យក​អស់​ៗ មិន​មាន​សល់​ដែរ​ ព្រោះ​មាន​តម្រូវការ​បរិភោគ​ច្រើន​។

អ្នកទេសចរ​ជាច្រើន​ដែល​បាន​ទៅ​លេង​ក្នុង​ចម្ការ​ទុរេន​នៅ​ស្រុក​សំឡូត​តែងតែបាន​ភ្លក្ស​ទុរេន​នៅ​សំឡូត​ ហើយ​បាន​លាន់​មា​ត់​គ្រប់​ៗគ្នា​ថា​ ទុរេន​សំឡូត​មាន​រសជាតិ​ឆ្ងាញ់​ បើ​ធៀប​នឹង​រសជាតិ​របស់​ទុរេន​ដែល​ដាំ​នៅ​តំបន់​ផ្សេង​ដែល​គាត់​ធ្លាប់​បាន​បរិភោគ​ ព្រោះថា​ ទុរេន​សំឡូត​មាន​រសជាតិ​ផ្អែម​ខ្ទិះ​បែប​ប្លែក​ ដែល​នេះ​ជា​ចំណុច​សំខាន់​សម្រាប់​សម្គាល់​ទុរេន​សំឡូត​ ហើយ​ពួកគាត់​បាន​ជំរុញ​ដល់​កសិករ​នៅ​ស្រុក​សំឡូត​ឱ្យ​បន្ត​ដាំ​ទុរេន​បែបនេះ​ថែមទៀត​ ព្រោះ​ស្ថានភាព​ដី​នៅ​ទីនោះ​ល្អ​ សក្តិ​សមនឹង​ដំណាំ​ប្រភេទ​នេះ​។

អ្នកស្រី​ ស្រី​ អូន​ ជា​អ្នក​រស់នៅ​ស្រុក​ភ្នំព្រឹក​ ខេត្ត​ប៉ៃលិន​ដែរ​នោះ​ បាន​ប្រាប់​ឡា​រ៉ែ​នថា​៖“ខ្ញុំ​ធ្លាប់​ញ៉ាំ​ផ្លែ​ទុរេន​សំឡូត​ហើយ​ និង​មាន​អារម្មណ៍​ដឹង​ថា​ វា​មាន​រស​-ជាតិ​ប្លែក​ពី​ទុរេន​ដែល​ដាំ​នៅ​ខេត្ត​ដទៃ​។គឺ​វា​មាន​រសជាតិ​ផ្អែម​ ល្មួត​ បែប​មាន​ខ្ទិះ​តែ​ស្ងួត​។ រសជាតិ​ទុរេន​សំឡូត​នេះ​ ទោះ​ពូជ​ដូចគ្នា​ ក៏​នៅតែ​អាច​ចាត់ទុកថា​ ឆ្ងាញ់​ជាង​ទុរេន​ខេត្ត​ដទៃ​ដែរ​ នេះ​ប្រហែល​មក​ពី​ស្ថានភាព​ដី​ដែល​អំណោយផល​ដល់​ដំណាំ​មួយ​នេះ​ក៏អាច​ថា​បាន​ដែរ​”។ អ្នកស្រី​បាន​បញ្ជាក់​ថា​ តម្លៃ​ដែល​លោកស្រី​បាន​ទិញ​ មក​ហូប​ គឺ​ 1គីឡូក្រាម​ ថ្លៃ​ 24,000រៀល​។

សម្រាប់​ទុរេន​ខេត្តកំពត​វិញ​ ប្រជាពលរដ្ឋ​ខ្មែរ​បាន​ស្គាល់​ស្ទើរគ្រប់​គ្នា​ និង​បាន​ដឹងពី​រសជាតិ​របស់​វា​ផង​ដែរ​ថា​ ឆ្ងាញ់​ផ្អែម​រងាន់​។ គេ​មិន​ពិបាក​សម្គាល់​ទុរេន​កំពត​ទេ​ ព្រោះ​បច្ចុប្បន្ន​ផ្លែឈើ​មួយ​នេះ​ ហាក់​នៅ​មានតម្លៃ​ខ្ពស់​គួរសម​នៅឡើយ​ បើ​ធៀប​នឹង​ផ្លែឈើ​ផ្សេងទៀត​។

កសិករ​ម្នាក់​ ជា​ម្ចាស់​ចម្ការ​ទុរេន​នៅ​ស្រុក​ទឹកឈូ​ ខេត្តកំពត​រូប​នេះ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​ឆ្នាំនេះ​តម្លៃ​ ទុរេន​កំពត​ ដែល​លក់​នៅមុខ​ចម្ការ​ផ្ទាល់​ គឺ​មានតម្លៃ​ល្អ​ពោល​គឺ​ប្រមាណ​ជា​ 20,000រៀល​ ទៅ​25,000រៀល​ ក្នុង1គីឡូក្រាម​។ ឆ្នាំនេះ​ ដោយសារតែ​ទុរេន​មានតម្លៃ​ល្អ​ ដូច្នេះ​សម្រាប់​ផ្ទៃដី​ ដាំ​ទុរេន​ 1ហិ​កតា​របស់​លោកស្រី​ លោកស្រី​អាច​រកចំណូល​បាន​ប្រមាណ​ជាង​ 1ម៉ឺន​ដុល្លារ​អាមេរិក​។

ចំណែក​ឯទុរេន​នៅ​ខេត្ត​កំពង់ចាម​វិញ​ម្ដង​ ថ្វី​ដ្បិតតែ​ជា​ប្រភេទ​ថ្មី​ក៏ដោយ​ តែ​ក៏​ត្រូវ​បាន​អ្នក​បរិភោគ​ទទួលស្គាល់​ថា​ មាន​រសជាតិ​ឆ្ងាញ់​មិនចាញ់​ទុរេន​នៅ​ខេ​ត្ត​ផ្សេង​ៗឡើយ​។ គេ​ក៏​មិន​ពិបាក​កត់សម្គាល់​ផ្លែ​ទុរេន​មក​ពី​ខេត្ត​កំពង់ចាម​ដែរ​ ដោយសារ​វា​មាន​រសជាតិ​ឆ្ងាញ់​ ផ្អែម​ឈ្ងុយ​ ស្ងួត​ គួរ​ឱ្យ​ចាប់ចិត្ត​បែប​ធម្មជាតិ​ពិ​តៗ​ តែ​ពេល​ដាក់​លក់​នៅ​ទីផ្សារ​ វា​មាន​សញ្ញាសម្គាល់​បិទ​ជាប់​នៅនឹង​ទង​របស់​វា​ ធ្វើ​ឱ្យ​អ្នក​បរិភោគ​ងាយស្រួល​ចំណាំ​។

លោក​ ពួយ​ ចេង​ អនុប្រធាន​សហគមន៍​សំបូរ​មានជ័យ​ ខេត្ត​កំពង់ចាម​បាន​ប្រាប់​ឡា​រ៉ែ​នថា​៖“ផ្លែ​ទុរេន​នៅ​ឃុំ​សូភាស​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ ​;ដែល​ឥឡូវ​កំពុង​មមាញឹក​ក្នុង​ការ​ប្រមូល​ផល​លើ​ផ្ទៃដី​ជាង​ 10ហិ​កតា​នោះ​ ​;ក៏​មាន​រសជាតិ​ឆ្ងាញ់​ មិនចាញ់​ទុរេន​ខេត្តកំពត​ប៉ុន្មាន​ដែរ​។ទុរេន​កំពង់ចាម​ ​;អាច​លក់​បាន​ក្នុង​តម្លៃ​សមរម្យ​ ពោល​គឺ​ចន្លោះ​ពី​ 12,000រៀល​ ទៅ​ 18,000រៀល​ក្នុង​ 1គីឡូក្រាម​សម្រាប់​ពូជ​ទុ​រេ​នម៉ន​ថង​”។

ចំណែក​នៅ​ខេត្តកោះកុង​វិញ​ លោក​ ឡាក់​ ហាក់​ កសិករ​ដែល​មាន​ចម្ការ​ទុរេន​ដែរ​នោះ​បានឱ្យ​ដឹង​ថា​ លោក​មាន​ដំណាំ​ទុរេន​ប្រមាណ​ជា​ 4ហិ​កតា​ នៅ​ឃុំ​ថ្មបាំង​ដែល​កំពុង​ហុច​តែ​ផល​។ សម្រាប់​ផ្លែ​ទុរេន​កោះកុង​វិញ​ គឺ​មានសាច់​ច្រើន​ ពណ៌​ទឹកដោះគោ​ មាន​គ្រាប់​តូច​ និង​សាច់​ច្រើន​ រសជាតិ​ផ្អែម​ឈ្ងុយឆ្ងាញ់​ ដាំដុះ​តាម​ស្តង់​ដា​សរីរាង្គ​សេដា​ក។ ​;ចំណែក​តម្លៃ​វិញ​ គឺ​លក់​ឱ្យ​ម៉ូយ​ដុំ​តម្លៃ​ 17,000រៀល​ ក្នុង​ 1គីឡូក្រាម​ និង​លក់រាយ​តម្លៃ​ 22,000រៀល​ ក្នុង​ 1គីឡូក្រាម​។

លោក​ ឡាក់​ ហាក់​ បានឱ្យ​ដឹង​ថា​ តែ​នៅ​ខេត្តកោះកុង​មាន​ទុរេន​មួយ​បែប​ផ្សេង​ទៀត​ ហៅថា​ទុរេន​បុរាណ​ មានសាច់​ស្តើង​និង​គ្រាប់​ធំ​ មាន​ដើម​ខ្ពស់​ប្រមាណ​ 30​ម៉ែត្រ​ ខុសពី​ទុរេន​បច្ចុប្បន្ន​ តែ​ពូជ​នេះ​មិន​សូវ​ពេញនិយម​ទេ​ ហើយ​ពូជ​ទុរេន​ដែល​កសិករ​នៅ​ខេត្តកោះកុង​និយម​ចូលចិត្ត​ដាំ​នា​ពេល​បច្ចុប្បន្ន​ មាន​ដូច​ជា​ម៉ន​ថង​ ភួង​មុនី​ ឆៈ​នី​ ឪខា​ក់​ កាន​យ៉ាវ​ និង​ទុ​រេ​នឈៀង​ម៉ៃ​ ដែល​ដើម​វា​មាន​កម្ពស់​ត្រឹម​ 10ម៉ែត្រ​ប៉ុណ្ណោះ​ មានសាច់​ក្រាស់​ និង​គ្រាប់​តូច​។ នេះ​ជា​លក្ខណៈ​ពិសេស​សម្រាប់​សម្គាល់​ទុរេន​នៅ​ខេត្តកោះកុង​។

សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​ ប្រជាកសិករ​បាន​នាំគ្នា​ងាក​មក​ដាំ​ទុរេន​ ដោយ​មូលហេតុ​ថា​ពួកគាត់​វិនិយោគ​លើ​ដំណាំ​ប្រភេទ​នេះ​សម្បូរ​ទីផ្សារ​(សម្បូរ​អ្នក​បរិភោគ​) ងាយស្រួល​លក់​ ហើយ​បាន​តម្លៃ​ខ្ពស់​ និង​តែង​មាន​ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត​ទៅ​ទិញ​ដល់​ចម្ការ​ និង​មាន​តម្រូវការ​ ក្នុង​ការនាំចេញ​ទៅក្រៅ​ប្រទេស​ទៀតផង​៕

Advertisement