រដ្ឋមន្ត្រី​ទេសចរណ៍​ក្នុង​តំបន់​ សន្យា​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​

រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ ថៃ​និង​វៀតណាម​ បាន​ព្រមព្រៀង​គ្នា​ក្នុង​កិច្ចប្រជុំ​សំខាន់​ចំនួន2​ គឺ​កិច្ចប្រជុំ​លើក​ទី​ 4 របស់​រដ្ឋមន្ត្រី​ទេសចរណ៍​ ដែល​បាន​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ ACMECS​ ជាពិសេស​ផ្នែក​ទេសចរណ៍​ សាសនា​ និង​ម្ហូបអាហារ​ និង​ទេសចរណ៍​បើកបរ​ដោយខ្លួនឯង​ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​ CLMV​ (កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម​ ឬ Cambodia​ Laos​ Myanma​ Viet​ Nam​) លើក​ទី5​ ដែល​រៀបចំឡើង​នៅ​ខេ​ត្ត​ឈៀង​ម៉ៃ​ប្រទេស​ថៃ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។

ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖“កិច្ច​សហប្រតិបត្តិ​ការ​ត្រូវ​ផ្តោត​លើ​ទេសចរណ៍​ សាសនា​ និង​ម្ហូបអាហារ​។ បណ្តា​ប្រទេស​ជាស​មា​ជិ​ក បាន​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​តភ្ជាប់​រាងកាយ​របស់​ពួកគេ​ជាមួយគ្នា​ ដើម្បី​ឆ្លើយតបទៅនឹង​និន្នាការ​ទេសចរណ៍​សកល​-លោក​ រួម​ទាំង​ដំណើរ​ទេសចរណ៍​បើកបរ​ដោយខ្លួនឯង​នៅ​ទូទាំង​ប្រទេស​”។

ឯកឧត្តម​ ថោង​ ខុន​ ក៏បាន​មានប្រសាសន៍​ នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ករបស់ក្រ​សួង​ផង​ដែរ​ថា​៖“ប្រទេស​ដែល​ស្ថិតនៅ​ក្រោម​ CLMV​ និង​ ACMECS​ មាន​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ពុទ្ធសាសនា​ និង​ទេស​ចរណ៍​ ដែល​មាន​ប្រវត្តិ​ និង​វប្បធម៌​ដ៏​អស្ចារ្យ​ ដែល​ជា​កត្តា​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​”។

សូម​បញ្ជាក់​ថា​ យុទ្ធសាស្ត្រ​កិច្ច​សហប្រតិបត្តិ​ការ​ សេដ្ឋកិច្ច​មេគង្គ​ – ចៅ​ផៈ​យ៉ា​ – មេគង្គ​) (Ayeyawady​-Chao​ Phraya​-Mekong​ Economic​ Cooperation​ Strategy​ ឬ ACMECS​ គឺជា​អង្គការ​នយោបាយ​ សេដ្ឋកិច្ច​ និង​វប្បធម៌​ដែល​មាន​សមាសភាព​ពី​ប្រទេស​ថៃ​ ឡាវ​ វៀតណាម​ កម្ពុជា​ និង​មីយ៉ាន់ម៉ា​។ ចំណែក CLMV​ គឺ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ ឡាវ​ ភូមា​ មីយ៉ាន់ម៉ា​ និង​វៀតណាម​។

រដ្ឋមន្ត្រី​ទេសចរណ៍​ ACMEC​ ក៏បាន​អបអរសាទរ​កំណើន​ទេសចរ​អន្តរជាតិ​មក​ទស្សនា​ប្រទេស​ជាស​មា​ជិ​ក ACMECS​ ដែល​មាន​ចំនួន​ 67.71លាន​នាក់​ ក្នុង​ឆ្នាំ2018​ កើនឡើង​ 10.61​%បើ​ធៀប​នឹង​ឆ្នាំ2017​។ យោង​តាម​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា​ ចំនួន​អ្នកទេសចរ​ក្នុង​ប្រទេស​ CLMV​ មាន​ចំនួន​សរុប​ 29.44លាន​នាក់​ កើនឡើង​ 13.96​%។ ទេសចរណ៍​ផ្ទៃក្នុង​ CLMV​ (Intra​-CLMV​ Traveler​) មាន​ ២.៥៨លាន​នាក់​ ស្នើ​នឹង​ 9% នៃ​ទេសចរ​អន្តរជាតិ​សរុប​។

ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​លើកឡើង​ទៀត​ថា​ ប្រទេស​សមាជិក​ទាំងអស់​មាន​សក្តា​នុ​ពល​ផ្នែក​ព្រះពុទ្ធ​សាសនា​ ម្ហូបអាហារ​ប្រកប​លក្ខណៈ​ពិសេស​ បង្ហាញ​អំពី​អរិយធម៌​ វប្បធម៌​ ការរស់នៅ​ស្រ​ដៀង​ៗគ្នា​ ដែល​កត្តា​ទាំងនេះ​ គឺជា​ភាព​ទាក់ទាញ​ទេសចរ​ដ៏​សំខាន់​ ឆ្លើយតប​នឹង​និន្នាការ​ទេសចរណ៍​បច្ចុប្បន្ន​ ព្រមទាំង​ចូលរួម​ដល់​ការ​លើកកម្ពស់​វិស័យ​ព្រះពុទ្ធ​សាសនា​ដែល​ជា​កេរដំណែល​របស់​មនុស្សជាតិ​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ​ ប្រទេស​ជាស​មា​ជិ​កមានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដែល​តភ្ជាប់​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ ACMEC​ និង​ CLMV​ បាន​កាន់តែ​ប្រសើរ​ឡើង​ ដែល​នឹងអាច​ចូលរួម​ជំរុញ​វិស័យ​ទេសចរណ៍​បើកបរ​ដោយខ្លួនឯង​ (Self​-Driving​ Tour​) កាន់តែ​ខ្លាំងក្លា​ថែមទៀត​ ឆ្លើយតប​នឹង​និន្នាការ​ទេសចរណ៍​សកលលោក​ ដែល​ការ​បើកបរ​ដោយខ្លួនឯង​ឆ្លង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​នេះ​កំពុងតែ​ទទួល​បានការ​ពេញនិយម​។

ឯកឧត្តម​ ថោង​ ខុន​ ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​៖“នៅ​ក្នុង​កិច្ចប្រជុំ​ រដ្ឋមន្ត្រី​ទេសចរណ៍​បាន​ព្រមព្រៀង​គ្នា​បង្កើត​ផែនការ​សកម្មភាព​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​គ្រប​ដណ្តប់​ឆ្នាំ2019​-2023​ ដែល​នឹង​ផ្តោត​លើ​ការ​តភ្ជាប់​រវាងផ្លូវ​ និង​ច្រករបៀង​ ក៏ដូចជា​សកម្មភាព​ទីផ្សារ​ និង​ទេសចរណ៍​ប្រកបដោយ​ចីរភាព​”។

រដ្ឋមន្ត្រី​ទេសចរណ៍​ CLMV​ ក៏បាន​ឯកភាព​គ្នា​បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែ​ខ្លាំង​ថែមទៀត​ ដោយ​បាន​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​ CLMV​ ឆ្នាំ2019​-2021​ក្នុង​នោះ​រួមមាន​សកម្មភាព​សំខាន់​ ដូចជា​៖ 1-ការសម្រួល​ការ​ធ្វើដំណើរ​ក្នុង​តំបន់​។ 2-ការ​កសាង​សមត្ថភាព​។ 3- ជំរុញ​ការចូលរួម​ពី​ភាគី​ឯកជន​ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​។ 4- ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មី​ និង5​-ជំរុញ​សុវត្ថិភាព​ទេសចរណ៍​។

កិច្ចប្រជុំ​ក៏បាន​ព្រមព្រៀង​លើកកម្ពស់​កិច្ច​សហ​ប្រតិ​បត្ដិ​ការ​ទេសចរណ៍​បន្ថែម​ទៀត​នៅ​ក្រោម​កម្មវិធី​ទិសដៅ​ 4ប្រទេស​“ប្រទេស4​ គោលដៅ​តែ1​” ដោយ​មាន​គោលដៅ​សម្រួល​ដល់​ការ​ធ្វើ​ ដំណើរ​ បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ លើកកម្ពស់​សុវត្ថិភាព​អ្នកទេសចរ​ និង​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​វិស័យ​ឯកជន​៕

Advertisement