នាវា​ទេសចរណ៍ខ្នាត​ធំ​​ដែល​ធ្លាប់​ទទួល​បាន​ជំនួយ​ពី​កម្ពុជា​ក្នុង​សម័យ​កូវីដ បាន​ត្រឡប់​មក​ជា​ថ្មី​

(ខេត្ត​ព្រះសីហនុ) – នាវា​ទេសចរណ៍ខ្នាត​ធំ Westerdam នា​ថ្ងៃ​ទី 28 ធ្នូ 2023 នេះ ត្រូវ​បានអនុញ្ញាត​ឱ្យ​​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​ឱ្យ​ភ្ញៀវ​នៅ​លើ​នាវា​នេះ​ឡើង​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប​។ នេះ​បើ​តាម​ទំព័រ​ CPP។

នេះ​គឺជា​ការ​ចូល​ចត​ជា​លើក​ទីពីរ​របស់​នាវា​ទេសចរណ៍ Westerdam នៅ​កំពង់ផែ​របស់​កម្ពុជា​ បន្ទាប់​ពី​ការ​ចូល​ចត​លើក​ទីមួយ​កាល​ពី​ឆ្នាំ 2020 ជា​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​សុខភាព​ និង​ជា​ពេល​ដែល​នាវា​នេះ​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​បដិសេធ​ការ​ស្នើ​សូម​ចូល​ចត​។

ការ​ចូលចត​ជា​លើក​ទីពីរ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃទី 28 ខែ​ធ្នូ ឆ្នាំ 2023​ របស់​ Westerdam គឺ​មាន​ភ្ញៀវ​ទេសចរណ៍​ជាង​ពីរ​ពាន់​នាក់​។ ដំណើរ​ចូល​ចត​ជា​ថ្មី​នេះ ត្រូវ​បាន​ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីទទួល ក៏​ដូច​ជា​រំលឹកខួបបីឆ្នាំនៃការស្នើ​សូម​ចូល​ចតរបស់នាវា Westerdam នៅ​កម្ពុជា។

យោង​តាម​ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុង​ចំណោម​ភ្ញៀវជាង​ពីរ​ពាន់​នាក់​នៅ​លើ​នាវា​នេះ មាន​ភ្ញៀវ​ប្រមាណ 500 នាក់​បាន​ឡើង​មកទស្សនានៅរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ និង​​ខេត្តកែប​។

«តាមរយៈការចូលចតជាលើកទីពីរ​របស់នាវាទេសចរណ៍ Westerdam នេះ នឹងជួយទាក់ទាញនាវាទេសចរណ៍ខ្នាតធំមកកាន់កម្ពុជា នាឆ្នាំក្រោយបន្តបន្ទាប់ទៀត» រដ្ឋមន្ត្រីក្រសួងទេសចរណ៍សង្ឃឹម​ដូច្នេះ​។

យោង​តាម​ឯកឧត្ដម​រដ្ឋមន្ត្រី នាវា​ទេសចរណ៍​នេះ​នឹង​ចត​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ហើយ​គ្រោង​នឹង​ចាក​ចេញ​ពី​កម្ពុជា​នៅ​វេលាម៉ោង 9 យប់​នេះ​។

នៅក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​​ជាង 4.91 លាន​នាក់ ក្នុង​នោះភ្ញៀវ​ពី​ប្រទេស​ថៃមាន​ចំនួន​ច្រើន​ជាង​គេ ពោល​គឺ 1.65 លាន​នាក់ ខណៈ​​ភ្ញៀវ​ពី​វៀតណាម​ច្រើន​ជាង​គេ​លំដាប់​ទីពីរ និង​​​ចិន​លំដាប់​ទីបី​​៕

Advertisement