អ្នក​វិនិយោគ​ចិន​​ខេត្តយុនណាន នឹង​មក​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ខេត្តសៀមរាប

អាកាសយានដ្ឋានអន្តរជាតិ​សៀមរាប-អង្គរ

ផ្ទៃដី​ប្រមាណ 1,000 ហិកតា នៅ​ជុំវិញ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ខេត្ត​សៀម​រាប នឹង​ត្រូវ​បាន​រៀបចំ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដើម្បី​ទាក់​ទាញអ្នក​វិនិយោគ​ចិន​នៅ​ខេត្ត​យុនណានជា​ពិសេស មក​បណ្ដាក់​ទុន​ក្នុង​វិស័យកសិ-ចំណី​អាហារ​​នៅ​កម្ពុជា​។

នាព្រឹកថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2023 នៅ​ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (អ.ក.អ) ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារ ទទួលជួប​គណៈប្រតិភូនៃ​មន្ទីរពាណិជ្ជកម្មខេត្តយុនណាននៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោក Ma Jun អគ្គ​នាយក​រង ដើម្បី​ពិភាក្សាការងារ​អំពីទិសដៅចំពោះមុខសម្រាប់ការងារពាក់ព័ន្ធនឹងការ​ជំរុញ ​និង​ទាក់​ទាញ​គម្រោង​វិនិយោគនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

នៅ​ក្នុង​ជំនួប​នេះ ភាគី​កម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ក្នុងឆ្នាំ 2024 ខាងមុខ តំណាង Yunnan Construction Group នឹងសហការជាមួយដៃគូរបស់ខ្លួន មក​ធ្វើអានុភាវូបនីយកម្មផ្ទៃដីប្រមាណ 1,000 ហិកតា នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីរៀបចំជាតំបន់សេដ្ឋកិច្ចពិសេស ក្នុង​បំណង​ចង​ក្រង​ឧស្សាហកម្មលើវិស័យកសិ-ចំណីអាហារ នៃខេត្តយុនណាន មកបណ្តាក់ទុនវិនិយោគដើម្បីបំពេញតម្រូវការទីផ្សារចំណីអាហារនៅ​កម្ពុជា និងនៅ​ក្នុងតំបន់។

យោង​តាម​ ក.អ.ក ភាគី​កម្ពុជា ក៏​បានបញ្ជាក់អំពីការគាំទ្ររបស់​ខ្លួន លើគម្រោងធ្វើឱ្យប្រសើរឡើងនូវសមាហរណកម្មសេដ្ឋកិច្ចក្នុងអនុតំបន់ ដើម្បី​រួមគ្នាដោះស្រាយបញ្ហាមួយចំនួនក្នុងអនុតំបន់ដែលកំពុងតែរងផលជះអវិជ្ជមានពីបញ្ហាប្រឈមសកលតាមរយៈ ការពង្រឹង និងពង្រីករបៀងសេដ្ឋកិច្ច កិច្ចសម្រួលវិនិយោគ និងពាណិជ្ជកម្ម ក៏​ដូច​ជា ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលភាគីទាំងពីរជាហត្ថលេខី។

ជាការឆ្លើយតប សមភាគីចិន បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើន​៕

Advertisement