កម្ពុជា​-ចិន​ចុះ​កិច្ចសន្យា​ពាណិជ្ជកម្ម​ ជំរុញ​ការនាំចេញ​អង្ករ​ក្នុង​ 1ឆ្នាំ​ឱ្យ​បាន​ 1លាន​តោន​

ដើម្បី​ជួយ​ដល់​កសិករ​ អ្នក​ធុរកិច្ច​ និង​ក្រុមហ៊ុន​នាំចេញ​អង្ករ​ ព្រមទាំង​គាំទ្រ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​លើ​ការជំរុញ​ការនាំចេញ​អង្ករ​ឱ្យ​បាន​យ៉ាងតិច​ 1លាន​តោន​ក្នុង​ 1ឆ្នាំ​ ក្រសួង​ពាណិជ្ជកម្ម​ តាម​រយៈ​ក្រុ​មហ៊ុនហ្គ្រីន​ត្រេ​ដជា​សេនាធិការ​បាន​ចុះ​កិច្ចសន្យា​ពាណិជ្ជកម្ម​ស្តី​ពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​នាំចេញ​អង្ករ​នៅ​ក្រោម​ក្របខ័ណ្ឌ​ឥណទាន​សម្បទាន​ផ្តល់​ដោយសា​ធារ​ណរដ្ឋ​ប្រជាមានិត​ចិន​។

ពិធី​ចុះ​កិច្ចសន្យា​បាន​ធ្វើឡើង​នៅ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កាលពី​ព្រឹក​ថ្ងៃទី20​ ខែមិថុនា​ ឆ្នាំ​2019​ រវាង​ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​លោក​ Chen​ Xiaojia​ ប្រធាន​ក្រុមហ៊ុន​ CITIC​ Construction​ Co​., Ltd​ ប្រទេស​ចិន​ក្រោម​អធិបតីភាព​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

នៅ​ក្រោម​កិច្ចសន្យា​ពាណិជ្ជកម្ម​នេះ​ ក្រុមហ៊ុន​ CITIC​ Construction​ Co​., Ltd​ និង​ក្រុ​មហ៊ុនហ្គ្រីន​ត្រេ​ដនឹង​សហការ​សាងសង់​ឃ្លាំង​ចំនួន​ 12កន្លែង​ដែល​មាន​សមត្ថភាព​ស្តុក​ស្រូវ​-អង្ករ​សរុប​ 827ពាន់​តោន​ និង​ឡសម្ងួត​ចំនួន​ 10កន្លែង​ដែល​មាន​សមត្ថភាព​សម្ងួត​ស្រូវ​បាន​ 13ពាន់​តោន​ក្នុង​ 1ថ្ងៃ​។

ការសាងសង់​ឃ្លាំង​ស្តុក​ស្រូវ​-អង្ករ​ និង​ឡសម្ងួត​នឹង​ធ្វើឡើង​នៅក្នុង​ខេត្តពោធិ៍សាត់​ បាត់ដំបង​ បន្ទាយមានជ័យ​ សៀមរាប​ កំពង់ធំ​ កំពង់ចាម​ ព្រៃវែង​កណ្តាល​ តាកែវ​ កំពង់ស្ពឺ​ និង​ខេត្ត​ព្រះសីហនុ​។

តាមរយៈ​ការសាងសង់​ឃ្លាំង​ស្ដុក​ និង​ឡសម្ងួត​ស្រូវ​នៅ​តាម​ទីតាំង​យុទ្ធសាស្ត្រ​ទាំងអស់​នេះ​ និង​ការ​ដាក់​ឱ្យ​អនុវត្ត​យន្ដ​ការ​ស្រូវ​-អង្ករ​ស្ដុក​ក្នុង​ឃ្លាំង​ធ្វើជា​វត្ថុ​បញ្ចាំ​សម្រាប់​ខ្ចីប្រាក់​ពី​ធនាគារឯកជន​ ឬហៅ​ថា​ប្រតិបត្តិ​ការដែល​មាន​កិច្ចធានា​ និង​ជួយ​ទប់ស្កាត់​សកម្មភាព​ទិញ​-លក់​បង្ខូច​ថ្លៃ​ស្រូវ​របស់​ឈ្មួញ​ទុច្ចរិត​ និង​ផ្តល់​ឱ្យ​ប្រជាកសិករ​អាច​រក្សាទុក​ស្រូវ​បាន​យូរ​ដើម្បី​លក់​តាម​តម្លៃ​សមរម្យ​ ក៏ដូចជា​លទ្ធភាព​ទទួល​-បាន​ឥណទាន​នៅពេល​ត្រូវការ​ចាំបាច់​ផង​ដែរ​។

ទន្ទឹម​នេះ​ គម្រោង​នេះ​មិន​មាន​សេវា​កិនស្រូវ​ទេ​ គឺ​ដើម្បី​ការពារ​កុំឱ្យ​មានការ​ប្រកួតប្រជែង​ជាមួយ​រោងម៉ាស៊ីន​កិនស្រូវ​ក្នុង​ស្រុក​។ បន្ទាប់ពី​គម្រោង​នេះ​ដាក់​ឱ្យ​ប្រតិបត្តិ​ការ​ កសិករ​ និង​រោង​ ម៉ាស៊ីន​កិនស្រូវ​នឹង​មាន​ឡសម្ងួត​ ឃ្លាំង​ស្តុក​ និង​ទុន​បង្វិល​បន្ថែម​ ព្រមទាំង​ជួយ​បន្ថយ​ចំណាយ​(ថ្លៃដើម​)ចាប់ពី​ដំណាក់កាល​ប្រមូល​ផល​ ដល់​ដំណាក់កាល​លក់​អង្ករ​។

ជាមួយនឹង​ការអនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការនាំចេញ​អង្ករ​នេះ​ រាជរដ្ឋាភិបាល​សង្ឃឹមថា​ កម្ពុជា​នឹង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្កើន​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ និង​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា​។

ស្របគ្នា​នេះ​ដែរ​ ក្រុមហ៊ុន​អន្តរជាតិ​ Buhler​ ជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ដែល​មាន​ការិយាល័យ​កណ្តាល​នៅ​ទី​ក្រុង​ហ្សូ​រិច​ នៃ​ប្រទេស​ស្វ៊ី​សបាន​គ្រោង​វិនិយោគ​សាងសង់​ឡសម្ងួត​(សៃ​ឡូ​) ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​គេ​សម្រាប់​កិច្ចការ​កសិកម្ម​នៅ​កម្ពុជា​ ដើម្បី​ចូលរួម​អភិវឌ្ឍ​ខ្សែ​ចង្វាក់​តម្លៃ​ស្រូវ​អង្ករ​ និង​ធ្វើ​ពិពិធ​កម្មការ​នាំចេញ​ផលិតផល​សម្រេច​ទៅកាន់​ទីផ្សារ​សកល​ ប្រកបដោយ​និរន្តរភាព​។

ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ David​ Wang​ ប្រធាន​ក្រុមហ៊ុន​ Buhler​ Group​ Asia​ បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ផ្តល់​ការ​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​ខាងលើ​ និង​បាន​ជម្រាប​ជូន​ពី​សាវ​តា​ និង​ផលិតផល​សំ​ខាន់​ៗរបស់​ក្រុមហ៊ុន​ដែល​មាន​ដូចជា​ អាហារ​កែច្នៃ​ពី​គ្រាប់ធញ្ញជាតិ​ ទំនិញ​ប្រើប្រាស់​ប្រចាំថ្ងៃ​ និង​សម្ភារ​បច្ចេកវិទ្យា​។

លោក​ Wang​ បាន​គូសបញ្ជាក់​ថា​ ក្រុមហ៊ុន​ Buhler​ ផ្តោត​សំខាន់​លើ​ការប្រើ​ប្រាស់​បច្ចេក​ វិទ្យា​ចុង​-ក្រោយ​ ដើម្បី​កែច្នៃ​ផលិតផល​ បង្កើត​ភាពជា​ដៃគូ​ជាមួយ​អ្នកប្រើ​ប្រាស់​ និង​ពង្រឹង​និរន្តរភាព​ផលិតកម្ម​។ ហើយ​នៅ​កម្ពុជា​ លោក​គ្រោង​នឹង​វិនិយោគ​សាងសង់​ឡសម្ងួត​ទំនើប​ចំនួន​ 10ទីតាំងនៅ​ក្នុង​ខេត្ត​គោលដៅ​ចំនួន10​ ដែល​អាច​ស្តុក​ទិន្នផល​ស្រូវ​បាន​ប្រមាណ​ 1លាន​តោន​ និង​អាច​សម្ងួត​ស្រូវ​បាន​ 13ពាន់​តោន​ក្នុង​ 1ថ្ងៃ​ សម្រាប់​កែច្នៃ​ជា​ផលិតផល​ចំណីអាហារ​ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ បាន​បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា​ នៅពេល​ការសាងសង់​បញ្ចប់​ គម្រោង​នេះ​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ស្ថិរភាព​តម្លៃ​កសិផល​ក្នុង​ស្រុក​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​អាច​ទប់ស្កាត់​ការ​ហូរ​ចេញ​ស្រូវ​ទៅកាន់​ប្រទេសជិតខាង​ ជួយ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ​ក៏ដូចជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​ដែរ​។ លើស​ពីនេះ​ ឡសម្ងួត​ទាំងអស់​ក៏​នឹង​ផ្តល់​គុណប្រយោជន៍​ធំធេង​ដល់​ការ​អភិវឌ្ឍ​វិ​ស័យ​កសិ​ពាណិជ្ជកម្ម​ជាតិ​ ដែល​នឹង​រួមចំណែក​លើកស្ទួយ​កិត្តិនាម​របស់​កម្ពុជា​នៅ​លើឆាកអន្តរជាតិ​ទៀតផង​៕

Advertisement