ក្រសួង​កសិកម្ម​ នឹង​ចុះ​វាយតម្លៃ​ក្រុមហ៊ុននាំចេញ​អង្ករ​ក្នុង​ស្រុក​ចំនួន​ 40កន្លែង​បន្ថែម​ទៀត​សម្រាប់​នាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន​

ឆ្លើយតប​តាម​សំណើ​របស់​ភាគី​ចិន​ ក្រសួង​កសិកម្ម​នឹង​ចុះ​ត្រួតពិនិត្យ​ក្រុមហ៊ុននាំចេញ​អង្ករ​ក្នុង​ស្រុក​ នឹង​ក្រុមហ៊ុន​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​សក្តា​នុ​ពល​នៃ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នា​ពេល​ឆាប់​ៗខាងមុខនេះ​។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​កសិកម្ម​។

លោក​ ងិន​ ឆាយ​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​បញ្ហា​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​កាលពី​ចុងខែ​ឧសភា​ថា​ ក្រសួង​កសិកម្ម​នឹង​ចុះ​ធ្វើ​អធិការកិច្ច​ថ្មី​នៅ​លើ​ក្រុមហ៊ុន​ចំនួន40​ ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យធ្វើ​ជា​អ្នកផ្គត់ផ្គង់​អង្ករ​ទៅកាន់​ប្រទេស​ចិន​នា​ពេល​ខាងមុខនេះ​។

លោក​ ងិន​ ឆាយ​ បាន​ថ្លែង​ថា​៖“ប្រទេស​ចិន​បាន​ស្នើ​ឱ្យ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ធ្វើការ​វាយតម្លៃ​គុណភាព​លើ​រោងម៉ាស៊ីន​កិនស្រូវ​ដែល​ស្ថិតនៅ​ក្នុង​បញ្ជី​អ្នកផ្គត់ផ្គង់​អង្ករ​ដែល​មាន​សក្តា​នុ​ពល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​”។ លោក​បន្ត​ទៀត​ថា​៖“ប្រទេស​ចិន​នឹង​ទទួលយក​តែ​រោងម៉ាស៊ីន​កិនស្រូវ​ និង​អ្នកនាំ​ចេញ​ណា​ ដែល​អាច​នាំចេញ​ក្នុង​បរិមាណ​ធំ​ទៅកាន់​ប្រទេស​ចិន​តែប៉ុណ្ណោះ​”។

លោក​បន្ថែម​ថា​ មន្ត្រី​ពី​ក្រសួង​កសិកម្ម​ និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នឹង​ចុះ​ធ្វើ​អធិការកិច្ច​ក្នុង​ពេល​ឆាប់​ៗនេះ​ទៅលើ​រោងម៉ាស៊ីន​ចំនួន40​ ដែល​ក្រសួង​កសិកម្ម​បាន​ផ្ញើ​ទៅ​ចិន​ជា​លើក​ទី2​។ លោក​ថា​ ពេល​នេះ​ក្រសួង​នឹង​ផ្តោត​ទៅលើ​តំបន់​ និង​ទីតាំង​ណា​ដែល​ក្រុមហ៊ុន​អ្នកផ្គត់ផ្គង់​អង្ករ​ និង​អ្នក​កែច្នៃ​អង្ករ​អាច​មាន​សមត្ថភាព​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ចិន​បានតែ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ដែរ​ថា​ កាលពីដើម​ឆ្នាំ2019​ នេះ​ ប្រទេស​ចិន​បាន​ឯកភាព​បង្កើន​កូតា​នាំចូល​អង្ករ​ពី​កម្ពុជា​ប្រមាណ​ 100,000តោន​បន្ថែម​ទៀត​ដែល​សរុប​ទាំង​អស់​ គឺ​កម្ពុជា​អាច​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ចិន​ប្រមាណ​ 400,000តោន​ក្នុង​ឆ្នាំនេះ​រហូតដល់​ចុង​ឆ្នាំ2020​។

បច្ចុប្បន្ន​ ប្រទេស​ចិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ដែល​នឹង​នាំចេញ​អង្ករ​ពី​កម្ពុជា​ចំនួន​ 26ក្រុមហ៊ុន​ ប៉ុន្តែ​ក្នុង​ចំណោម​ 26ក្រុមហ៊ុន​នេះ​ មាន​ក្រុមហ៊ុន​ 9 មិនទាន់​អាច​បំពេញ​កាតព្វកិច្ច​នាំចេញ​អង្ករ​ទៅ​ចិន​បាន​នៅឡើយ​ទេ​។

លោក​ ហ៊ុន​ ឡាក់​ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ការ​ត្រួតពិនិត្យ​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​ក្នុង​ពេល​ឆាប់​ៗនេះ​។ លោក​ឡាក់​បាន​មាន​ប្រសាសន៍​ថា​៖“ជាមួយនឹង​ការ​ត្រួតពិនិត្យ​ទាំងនេះ​ យើង​ចង់​ធានា​ថា​ រោងម៉ាស៊ីន​កិនស្រូវ​ដែល​ជាប់​ឈ្មោះ​ទាំងអស់​អាច​បំពេញ​តម្រូវការ​របស់​ទីផ្សារ​ចិន​បាន​។ យើង​មិន​ចង់ឱ្យ​មាន​ក្រុម​ហ៊ុន​តូច​ៗដែល​ជាប់​ហើយ​មិន​អាច​នាំចេញ​អង្ករ​បាន​នោះ​ទេ​ ព្រោះ​វា​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​អង្ករ​របស់​ខ្មែរយើង​”។

បើ​យោង​តាម​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូប​នេះ​ ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​បញ្ជី​ដែល​មិនបាន​ឆ្លើយតប​នឹង​តម្រូវការ​ប្រទេស​ចិន​ក្នុង​ការនាំចេញ​នោះ​ គឺ​ដោយសារតែ​ពួកគេ​មាន​បញ្ហា​ប្រឈម​ទៅលើ​ឃ្លាំង​ស្តុក​ និង​ម៉ាស៊ីន​សម្ងួត​ស្រូវ​ជាដើម​។ លោក​បញ្ជាក់​ថា​ ដើម្បី​បំពេញ​តាម​កូតា​របស់​ប្រទេស​ចិន​ ប្រទេស​កម្ពុជា​ត្រូវការ​ក្រុមហ៊ុននាំចេញ​អង្ករ​យ៉ាងហោចណាស់​ពី​ 40​ ទៅ​ 50ក្រុមហ៊ុន​បន្ថែម​ទៀត​។

គួរ​បញ្ជាក់​ដែរ​ថា​ នៅក្នុង​ត្រីមាស​ទី1​ ឆ្នាំ2019​ កម្ពុជា​បាន​នាំចេញ​អង្ករ​ប្រមាណ​ 75,214តោន​ទៅ​កាន់​ ប្រទេស​ចិន​ដែល​បាន​កើនឡើង​ប្រមាណ​ 59​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕

Advertisement