ឆ្នាំនេះ​ ម្រេច​កំពត​រំពឹង​បាន​ទទួល​ទិន្នផល​រួម​ដល់​ 90តោន​

សមាគម​ម្រេច​កំពត​បានឱ្យ​ដឹង​ថា​ ផលិតកម្ម​ម្រេច​ខេត្តកំពត​ដែល​ជា​ផលិតផល​មួយ​ក្នុងចំណោម​ផលិតផល​តែ​ 2គត់​របស់​ប្រទេស​កម្ពុជា​ ដែល​ទទួល​បានការ​ចុះបញ្ជី​ជាស​ញ្ញាណ​បង្ហាញ​ភូមិសាស្ត្រ​នៅ​សហភាព​អឺរ៉ុប​ត្រូវ​បាន​រំពឹង​ថា​ ទិន្នផល​នឹង​កើនឡើង​ខ្លាំង​ក្នុង​ឆ្នាំនេះ​។

លោក​ ងួន​ ឡាយ​ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​ (KPPA​)បាន​មានប្រសាសន៍​ឱ្យ​ ដឹង​ថា​៖ “ទោះជា​យ៉ាង​ណាក៏ដោយ​ តួលេខ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ទាប​ជាង​ឆ្នាំ​ 2017​ នៅពេល​ដែល​ឆ្នាំ​នោះ​ ផលិតផល​ជាង​ 100តោន​ត្រូវ​សមាគម​ផលិត​បាន​ បើ​ទោះបី​អាកាសធាតុ​មិន​អំណោយផល​ ក្នុង​រដូវ​ប្រមូល​ផល​ក្ដី​ តែ​យើង​នៅតែ​រំពឹង​ថា​ ទិន្នផល​ម្រេច​កំពត​នៅ​ឆ្នាំនេះ​ នឹងអាច​ប្រមូល​បាន​ចន្លោះ​ពី​ 80​ ឬឈាន​ដល់​ប្រហែលជា​ 90តោន​”។

លោក​ឡាយ​បាន​ថ្លែង​ថា​ រហូតមកដល់​ពេលនេះ​ ក្នុង​ឆ្នាំនេះ​យើង​ប្រមូល​ផល​បាន​ប្រហែល​ 70​%ហើយ​ ដោយ​គិត​ពី​ពេល​ចាប់ផ្តើម​នៅ​ខែមីនា​ រហូត​ដល់​ចុងខែ​មិថុនា​។

លោក​ប្រធាន​សមាគម​បាន​មានប្រសាសន៍​ទៀត​ថា​៖“ មាន​ក្រុមហ៊ុននាំចេញ​ផលិតផល​ម្រេច3​ កំពុង​ដាក់ពាក្យ​ស្នើសុំ​ចូលរួម​ក្នុង​អង្គការ​ដែល​មាន​ក្រុមហ៊ុន​ចំនួន​ 35​ បាន​ចុះឈ្មោះ​ជាស​មា​ជិ​ក។ យើង​សង្ឃឹមថា​ សមាជិក​ថ្មី​ទាំងនេះ​នឹង​ជួយ​យើង​ពង្រីក​ទីផ្សារ​របស់​យើង​”។ លោក​បាន​បញ្ជាក់​ថា​ សមាជិក​សក្តា​នុ​ពល​ទាំងនោះ​បាន​បង្ហាញថា​ ពួកគេ​ម្នា​ក់ៗ​បាន​ដាក់​ការ​បញ្ជាទិញ​ពី​ម្រេច​ពី​ 2 ទៅ​ 10តោន​ក្នុង​ 1រដូវ​កាល​។

លោក​ ងួន​ ឡាយ​ បាន​ចង្អុលបង្ហាញ​ថា​ ម្រេច​កំពត​ប្រមាណ​ជា50​% ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​សហភាព​អឺរ៉ុប​ ហើយ​ប្រហែល20​% ត្រូវ​បាន​នាំចេញ​ទៅ​កាន់​បណ្តា​ប្រទេស​ដទៃទៀត​ ដែល​ភាគច្រើន​ គឺ​សហរដ្ឋអាមេរិក​ កាណាដា​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ តៃវ៉ាន់​ ហុងកុង​ និង​ប្រទេស​រុស្ស៊ី​ និង​នៅសល់30​% ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​។

ផលិតផល​ម្រេច​កំពត​មាន​ 3ប្រភេទ​ គឺ​ម្រេចខ្មៅ​ដែល​លក់​ក្នុង​តម្លៃ​ប្រហែល​ 15ដុល្លារ​ ម្រេច​ក្រហម​តម្លៃ​ 25ដុល្លារ​ និង​ម្រេចស​តម្លៃ​ 28ដុល្លារ​ក្នុង​ 1គីឡូក្រាម​។ ប្រធាន​សមាគម​ បាន​និយាយ​ថា​តម្លៃ​នេះ​មិនបាន​ផ្លាស់​ប្តូរ​ទេ​ក្នុងរយៈពេល​ 4ឆ្នាំ​ចុងក្រោយ​នេះ​។

គិត​ត្រឹម​ដើមឆ្នាំ2019​ ផ្ទៃដី​ដាំដុះ​ម្រេច​កំពត​មាន​ចំនួន​ 240ហិ​កតា​ ខណៈ​ផ្ទៃដី​ប្រមូល​ផល​មាន​ជាង​100ហិ​កតា​។ តំបន់​ដែល​អាច​ផលិត​ម្រេច​កំពត​បាន​ រួមមាន​ ស្រុក​កំពង់ត្រាច​ ស្រុក​ដងទង់​ ស្រុក​ទឹកឈូ​ ស្រុក​ឈូក​ និង​ក្រុង​កំពត​ ខេត្តកំពត​ ព្រមទាំង​នៅ​ស្រុក​ដំណាក់ចង្អើរ​ និង​ក្រុងកែប​ ខេត្ត​កែប​ផង​ដែរ​។

លោក​ ងួន​ ឡាយ​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​៖ “ថ្វី​ដ្បិតតែ​ឆ្នាំនេះ​អាកាសធាតុ​ល្អ​ជាង​ឆ្នាំមុន​មែន​ ក៏ប៉ុន្តែ​បញ្ហា​ប្រឈម​សំខាន់​របស់​កសិករ​ម្រេច​កំពត​នៅពេល​នេះ​ គឺ​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​ ដែល​អាច​ធ្វើ​ឱ្យ​ចម្ការ​ធំៗ​មួយចំនួន​ត្រូវ​ធ្លាក់ចុះ​ទិន្នផល​ ព្រោះ​មិន​ទទួល​បានការ​ថែទាំ​ដិតដល់​ គឺ​យើង​មក​ជួប​ហានិភ័យ​ច្រើន​លើ​រឿង​ពលកម្ម​។ ពលកម្ម​ក្មេង​ស្រី​ៗ ភាគច្រើន​ចូល​រោងចក្រ​ ហើយ​ប្រុស​ៗដែល​មាន​កម្លាំង​ ភាគច្រើន​ចុះទូក​ ធ្វើ​សំណង់​ និង​ទៅ​ប្រទេស​ថៃ​ ដែល​ធ្វើ​ឱ្យ​កម្លាំង​ពលកម្ម​ថ្លៃ​ខុសពី​មុន​។ យើង​បេះ​ម្រេច​តាំង​ពី​តម្លៃ​ 5ពាន់​ 7ពាន់​ ឬ1ម៉ឺន​រៀល​(ក្នុង​ 1គីឡូក្រាម​)ឥឡូវ​តម្លៃ​ 1ម៉ឺន​ 5ពាន់​ ទៅ​ 1ម៉ឺន​ 7ពាន់​ និង​កន្លែង​ខ្លះ​ 2ម៉ឺន​រៀល​ បាន​គេ​ធ្វើ​”។

ម្រេច​កំពត​ត្រូវ​បាន​សហគមន៍​ចុងភៅ​នៅ​ប្រទេស​បារាំង​ និង​អឺរ៉ុប​ទទួលស្គាល់​ថា​ ជា​ម្រេច​ដែល​មានគុណ​ភាព​ខ្ពស់​ជាងគេ​លើ​ពិភពលោក​។ គុណភាព​លើសគេ​នេះ​ គឺ​ដោយសារ​ម្រេច​កំពត​ត្រូវ​បាន​ដាំដុះ​តាម​លក្ខណៈ​ធម្មជាតិ​ នៅ​តំបន់​ជិត​មាត់សមុទ្រ​ ជា​កន្លែង​ដែល​មាន​បរិស្ថាន​ និង​អាកាសធាតុ​អំណោយផល​ល្អ​។ ការ​ដាំដុះ​ម្រេច​នៅ​ភូមិសាស្ត្រ​ខេត្តកំពត​នេះ​ធ្វើឡើង​តាម​លក្ខណៈ​ប្រពៃណី​សុទ្ធសាធ​ ដោយ​មិន​ប្រើប្រាស់​ជីគីមី​ ឬថ្នាំ​គីមី​សម្លាប់សត្វ​ល្អិត​ឡើយ​។

កាលពី​ឆ្នាំ2016​ កន្លងទៅ​ ម្រេច​កំពត​ត្រូវ​បាន​ចុះ​បញ្ជី​ទទួលស្គាល់​ជា​ទំនិញ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​ ភី​ជី​អាយ​ (PGI​) នៅក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​។ ការ​ទទួលស្គាល់​នេះ​ បាន​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​-ក្លែងបន្លំ​ផលិតផល​ និង​ជួយ​បង្កើន​ភាព​លេចធ្លោ​នៃ​ម្រេច​កំពត​នៅ​លើ​ទីផ្សារ​ផលិតផល​ក្នុង​សហភាព​អឺរ៉ុប​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្នុង​ទីផ្សារ​ដទៃទៀត​ ដោយសារតែ​ផលិតផល​នេះ​មាន​បិទ​ស្លាក​សញ្ញា​បញ្ជាក់​គុណភាព​ ភី​ជី​អាយ​។

បច្ចុប្បន្ន​ សមាគម​បាន​លើកកម្ពស់​ផលិតកម្ម​ម្រេច​កំពត​ ដោយធ្វើ​ការ​ជាមួយ​កសិករ​ចំនួន​ 457គ្រួសារ​ ដោយ​ដាំ​ម្រេច​លើ​ផ្ទៃដី​ប្រមាណ​ជាង​ 200ហិ​កតា​។

ជាក់ស្តែង​ អភិបាលខេត្ត​កំពត​ លោក​ ជាវ​ តាយ​ បាន​ស្នើ​ដល់​វិនិយោគិន​ក្នុង​ និង​ក្រៅប្រទេស​ឱ្យមក​បណ្ដាក់ទុន​វិនិយោគ​ខាង​វិស័យ​កសិកម្ម​នៅក្នុង​ខេត្តកំពត​ ខណៈ​ខេត្ត​មួយ​នេះ​ ជា​ខេត្ត​ដែល​មាន​អំណោយផល​ខ្ពស់​ខាង​ដំណាំ​កសិកម្ម​ សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ និង​ទទួល​បានការ​គាំទ្រ​ខ្ពស់​ពី​អន្តរជាតិ​ផង​ដែរ​ ដូចជា​ម្រេច​កំពត​ ដែល​កំពុង​ល្បី​សុះសាយ​ទូទាំង​ពិភពលោក​ បន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​ដាក់​ផលិតផល​នេះ​ ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នៅ​សហភាព​អឺរ៉ុប​ រួចមក​។

លោក​ ជាវ​ តាយ​ មានប្រសាសន៍​ថា​ ខេត្តកំពត​ជា​ខេត្ត​មាន​សក្ដានុពល​លើ​ដំណាំ​នាំចេញ​មួយចំនួន​ និង​ទទួល​បានការ​គាំទ្រ​ពីទី​ផ្សារ​ក្នុង​ស្រុក​ និង​បរទេស​ផង​ដែរ​ ដូចជា​ដំណាំ​ម្រេច​កំពត​ជាដើម​ ត្រូវ​បាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ និង​កំពុង​មាន​ទីផ្សារ​ខ្ពស់​ពី​អន្តរជាតិ​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​កសិករ​ពង្រីក​ការ​ដាំដុះ​កាន់តែ​ច្រើន​៕

Advertisement