ក្រុមហ៊ុន​ចិន​ធំ​មួយ​ បោះទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​ខេត្តកំពង់ធំ​

ក្រុមហ៊ុន​ធំ​មួយ​មក​ពី​ប្រទេស​ចិន​ គឺ​ក្រុមហ៊ុន​ BGI​ International​ Investment​ បាន​និង​កំពុង​រៀបចំ​ផ្ទៃដី​ជាង​ 2,000ហិ​កតា​នៅ​ខេត្តកំពង់ធំ​សម្រាប់​ធ្វើការ​ដាំដុះ​ កែច្នៃ​ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម​ ដូចជា​អង្ករ​ ផ្លែស្វាយ​ និង​គ្រាប់ស្វាយ​ចន្ទី​ជាដើម​ ដែល​កិច្ចការ​នេះ​ត្រូវ​បាន​លើកឡើង​ក្នុង​ជំនួប​រវាង​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ និង​លោក​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ BGI​ International​ Investment​។

លោក​ He​ Jian​ ping​ ប្រធាន​ក្រុមហ៊ុន​បាន​អះអាង​ថា​ គម្រោង​វិនិយោគ​នេះ​ ផ្តោត​សំខាន់​ទៅលើ​គោលបំណង​នៃ​ការ​អភិវឌ្ឍ​វិ​ស័យ​កសិកម្មុ​ និង​បាន​បង្ហាញ​ពី​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ ក្នុង​ការកែច្នៃ​ វេច​ខ្ចប់​ ពិសេស​ការ​បំពេញ​ខ្សែ​ចង្វាក់​ផលិតកម្ម​កសិកម្ម​ ពី​ចំណុច​ផ្តើម​ រហូតដល់​ការនាំចេញ​តែម្តង​ ហើយ​អ្វី​ដែល​សំខាន់​នោះ​ គឺ​ក្រុមហ៊ុន​ធ្វើ​ពាណិជ្ជកម្ម​ និង​ទីផ្សារ​កសិផល​តាមរយៈ​ប្រព័ន្ធ​អុីន​ធើ​ណិ​ត ដែល​អាច​កាត់បន្ថយ​ពេលវេលា​ ការ​ចំណាយ​ និង​បង្កើន​ភាព​ទូលំទូលាយ​ជូន​គ្រប់​ភាគី​ពាក់ព័ន្ធ​។

លោក​ He​ Jian​ ping​ បាន​បញ្ជាក់​ផង​ដែរ​ថា​៖“ដើម្បី​ឱ្យ​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​ ក្រុមហ៊ុន​បាន​រៀបចំ​ដី​ជាង​ 2ពាន់​ហិ​កតា​នៅ​ខេត្តកំពង់ធំ​សម្រាប់​ធ្វើការ​ដាំដុះ​ កែច្នៃ​ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម​ ហើយ​គម្រោង​នេះ​ក៏​ទទួល​បានការ​សហការ​គាំទ្រ​ ពី​ក្រសួង​កសិកម្ម​ និង​កិច្ចការ​ជនបទ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផង​ដែរ​”។

ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​បាន​ថ្លែង​ថា​ ចំណងមិត្តភាព​យ៉ាង​ជិតស្និទ្ធ​រវាង​កម្ពុជា​ និង​ចិន​ បាន​នាំមក​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​សម្រាប់​ប្រទេស​កម្ពុជា​ ដោយ​ភាគី​ចិន​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ការ​ផ្តល់​ហិរញ្ញប្បទាន​ និង​បច្ចេកទេស​មកដល់​កម្ពុជា​។

ឯកឧត្តម​បាន​បន្ថែម​ថា​៖“លើ​វិស័យ​កសិកម្ម​ ភាគី​ចិន​ក៏បាន​និង​កំពុង​បន្ត​ផ្តល់​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ភាគី​កម្ពុជា​ផង​ដែរ​ ដោយ​ភាគី​ចិន​បាន​ឯកភាព​បង្កើន​កូតា​នាំចូល​អង្ករ​ពី​កម្ពុជា​រហូតដល់​ 400ពាន់​តោន​។ ទន្ទឹម​នឹង​នេះ​រដ្ឋាភិបាល​ចិន​ ក៏បាន​អនុញ្ញាត​ឱ្យ​ផ្លែ​ចេកអំបូង​លឿង​របស់​កម្ពុជា​ធ្វើការ​នាំចេញ​ឆ្ពោះ​ត្រង់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ ហើយ​សង្ឃឹមថា​ ផលិតផល​កសិកម្ម​មួយចំនួន​ទៀត​ ដូចជា​ផ្លែស្វាយ​ ផ្លែ​មៀន​ ម្រេច​ ផ្លែ​ស្រកានាគ​ ផ្លែ​ដូង​ និង​ទឹកមាត់​ត្រចៀកកាំ​ដែល​ភាគី​ទាំង2​ កំពុងធ្វើការ​ចរចា​អំពី​លក្ខខណ្ឌ​តម្រូវ​ស្តី​ពីអ​នា​ម័យ​ និង​ភូតគាម​អនាម័យ​ នឹងអាច​ធ្វើការ​នាំចេញ​បាន​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​ដែរ​”។

ឯកឧត្តម​ បានឱ្យ​ដឹង​ទៀត​ថា​ ទន្ទឹម​នឹង​នេះ​ ចំនួន​នៃ​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ចិន​មក​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ក៏បាន​និង​កំពុង​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ ដូច្នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​គាំទ្រ​ និង​ស្វាគមន៍​ចំពោះ​បំណង​ និង​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​មក​លើ​វិស័យ​នេះ​ ដោយ​ត្រូវ​សំដៅលើ​ការកែច្នៃ​ វេច​ខ្ចប់​វត្ថុធាតុដើម​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ និង​ការនាំចេញ​៕

Advertisement