ក្នុងមួយឆ្នាំ FORTE ទទួលបានបុព្វលាភជាង 33លានដុល្លារលើទីផ្សារកម្ពុជា

លោក យក់ ចំរើនឫទ្ឋិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ កម្ពុជា ភីអិលស៊ី (FORTE Insurance) បានឱ្យដឹងថានៅក្នុងឆ្នាំ2016 កន្លងទៅនេះ ក្រុមហ៊ុនធានារ៉ាប់រង ដែលមានវ័យចំណាស់មួយនេះ ទទួលបានបុព្វលាភពីអតិថិជនប្រមាណជាង 33លានដុល្លារលើសេវាកម្មធានារ៉ាប់រងជាច្រើនប្រភេទនៅលើទីផ្សារកម្ពុជា។

លោកមានប្រសាសន៍ថា ក្នុងចំណោមក្រុមហ៊ុនសរុបចំនួន7 នៅលើទីផ្សារឧស្សាហកម្មធានារ៉ាប់រងទូទៅនៅកម្ពុជា ក្រុមហ៊ុនទទូលបានបុព្វលាភសរុបប្រមាណជា 100លានដុល្លារ ពីអតិថិជនក្នុងឆ្នាំ2016 កន្លងទៅនេះ ខណៈដែលក្រុមហ៊ុន FORTE Insurance ទទួលបានចំណែកទីផ្សាររហូតដល់ជាង 47% ដែលជាចំណែកទីផ្សារនាំមុខគេនៅកម្ពុជា។

លោកថា «អ្វីដែលធ្វើឱ្យក្រុមហ៊ុន FORTE អាចទទួលបានបុព្វលាភច្រើនបែបនេះ ដោយសារក្រុមហ៊ុន FORTE Insurance មានវ័យចំណាស់ និងមានទំនុកចិត្តខ្លាំងពីអតិថិជន បើធៀបជាមួយក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗទៀត»។

គួរបញ្ជាក់ថា ក្រុមហ៊ុន FORTE Insurance បានផ្តល់ការធានារ៉ាប់រងជាច្រើនប្រភេទដូចជាធានារ៉ាប់រងទៅលើគ្រោះថ្នាក់ការងារ គ្រោះថ្នាក់នៅពេលបើកបរ ធានារ៉ាប់រងលើសុខភាព រ៉ាប់រងផ្នែកអគ្គិភ័យតាមផ្ទះ អគារតូចធំ រោងចក្រ សហគ្រាស ធានារ៉ាប់រងលើការសាងសង់អគារ និងមានសេវាធានារ៉ាប់រងជាច្រើនប្រភេទផ្សេងទៀត រហូតដល់ជិត 200ប្រភេទ៕

Advertisement