មន្រ្តីជាន់ខ្ពស់ IMF គាំទ្រគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្នរបស់ធនាគារជាតិ

ឯកឧត្តម Mitsuhiro Furusawa អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានថ្លែងគាំទ្រលើការដាក់ចេញនូវគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្នរបស់ធនាគាជាតិនៃកម្ពុជា ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុឱ្យកាន់តែមានគុណភាពនៅកម្ពុជា។

ការថ្លែងគាំទ្រខាងលើ ធ្វើឡើងនៅពេលដែលមន្រ្តីជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី6 – 9 ខែមិថុនា ចុងសប្តាហ៍មុននេះ ដោយបានជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់នៅកម្ពុជា និងឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាលើវិស័យធនាគារ និងសេដ្ឋកិច្ចនៅកម្ពុជា។

ក្នុងជំនួបនោះឯកឧត្តម Furusawa បានគូសបញ្ជាក់ថា ស្ថិរភាពនយោបាយ និងសន្តិភាពជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេស ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបានសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយទទួលបានអត្រាកំណើនជាមធ្យម 7.7% ក្នុងរយៈពេល2ទសវត្សរ៍ចុងក្រោយនេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរឹងមាំនៃវិស័យធនាគារ និងគាំទ្រការដាក់ចេញនូវគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្នរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុដោយបានពង្រឹងគុណភាពឥណទាន ដើមទុន និងសន្ទនីយភាពវិស័យធនាគារ។

ទន្ទឹមនេះ ឯកឧត្តម Furusawa បានបញ្ជាក់ឡើងវិញពីការគាំទ្ររបស់មូលនិធិរូបិយវត្ថុអន្តជាតិ ក្នុងការបន្តជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស ការជួយកសាងធនធានមនុស្ស និងការជួយតាមដានស្ថានភាពសេដ្ឋកិច្ច សំដៅអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

ក្នុងជំនួបដ៏កម្រនេះ ឯកឧត្តមទេសាភិបាល បានជម្រាបជូនពីប្រវត្តិ និងការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យធនាគារកម្ពុជាដែលបានដើរតួនាទីជាអន្តរការីហិរញ្ញវត្ថុយ៉ាងសំខាន់ និងបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ការអភិវឌ្ឍវិស័យធនាគារបានចាប់ផ្តើមពីដើមទសវត្សរ៍ឆ្នាំ 2000 ក្រោយពីការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដែលបានអូសបន្លាយប្រមាណ 30ឆ្នាំ។ ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញតិ្តក្នុងវិស័យធនាគារត្រូវបានពង្រឹងជាលំដាប់ ស្របតាមស្ថានភាពរីកចម្រើន និងស្តង់ដារអន្តរជាតិ។ ក្នុងឱកាសនោះ ឯកឧត្តមទេសាភិបាល ក៏បានថ្លែងអំណរគុណចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិដែលតែងតែគាំទ្រ និងផ្តល់ជំនួយបច្ចេកទេសដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស ការជួយពិនិត្យតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងផ្តល់អនុសាសន៍សំខាន់ៗនាពេលកន្លងមក៕

Advertisement