ជំនួប​កូរ៉េ​ខាងត្បូង​-កម្ពុជា​ ជំរុញ​ការ​បើក​ទីផ្សារ​ ទិញ​ផលិតផល​កម្ពុជា​ និង​ផ្តល់​កម្ចី​ 700លាន​ដុល្លារ​

រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​បាន​ផ្ដល់​ហិរញ្ញប្បទាន​ប្រមាណ​ 632លាន​ដុល្លារ​ដល់​កម្ពុជា​ បើ​គិត​ពីឆ្នាំ1996​ មកដល់​ឆ្នាំ2018​ គឺ​ចាប់ពី​ពេល​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើទស្សនកិច្ច​នៅ​កូរ៉េ​ខាងត្បូង​ នា​ខែកក្កដា​ ឆ្នាំ1996​ និង​បានសម្រេច​ឱ្យ​មានការ​ចាប់ផ្ដើម​ឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង2​ ជា​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​។ ក្នុង​នោះ​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ប្រមាណ​ជា​ 300លាន​ដុល្លារ​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-កូរ៉េ​ខាងត្បូង​។

នៅក្នុង​ជំនួប​ធុរកិច្ច​កម្ពុជា​-កូរ៉េ​ខាងត្បូង​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​អះអាង​ដែរ​ថា​៖“ សាធារណរដ្ឋ​កូរ៉េ​បាន​ផ្តល់​កម្ចី​បន្ថែម​ទៀត​ចំនួន​ 700លាន​ដុល្លារ​ដោយ​ផ្ដោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​ធនធានទឹក​ និង​សុខុមាលភាព​សាធារណៈ​ វិស័យ​អប់រំ​ និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ និង​វិស័យ​អភិវឌ្ឍន៍​ជនបទ​ មាន​ជាអាទិ៍​ គម្រោង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អាកាសចរណ៍​ស៊ីវិល​ គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ2​ និង​ផ្លូវជាតិ​លេខ22​ ជាដើម​”។

ថវិកា​ចំនួន​ 700លាន​ដុល្លារ​នេះ​ សម្រាប់​គម្រោង​ឆ្នាំ2019​ ដល់​ឆ្នាំ2023​ ដោយ​បាន​ធ្វើឡើង​ លើ​កិច្ច​ព្រមព្រៀង​ផ្តល់​ឥណទាន​សម្បទាន​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​ លោក​ មូន​ ជេ​អុីន​ (Moon​ Jae​-in​) មកកាន់​កម្ពុជា​។ ក្នុង​វេទិកា​នេះ​ដែរ​ ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ឱ្យ​វិស័យ​ឯកជន​ និង​អ្នក​វិនិយោគ​កូរ៉េ​ដែល​មិនទាន់​បាន​មក​កម្ពុជា​ សូម​អញ្ជើញ​មក​សិក្សា​ស្វែងយល់​អំ​ពី​សក្តា​នុ​ពល​ និង​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា​ ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ នឹង​ទាញ​យក​ផលប្រយោជន៍​ជា​អតិបរមា​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​បញ្ជាក់​ថា​ ការចរចា​ផ្លូវការ​ និង​ធ្វើ​វេទិកា​ធុរកិច្ច​រួមគ្នា​រវាង​កម្ពុជា​ និង​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Moon​ Jae​-in​ ដោយ​ការ​ជជែក​ពិភាក្សា​នេះ​ គឺ​“យើង​នឹង​ខិតខំ​បើក​ទីផ្សារ​ ហើយ​យើង​នឹង​ស្នើ​ឱ្យ​កូរ៉េ​ជួយ​ទិញ​ផលិតផល​របស់​កម្ពុជា​បន្ថែម​ទៀត​”។

យោង​របាយការណ៍​នៃ​ការនាំចេញ​-នាំចូល​របស់​កម្ពុជា​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ បាន​បង្ហាញថា​ នៅ​ឆ្នាំ2018​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​បរទេស​មាន​ចំនួន​សរុប​ 24,985លាន​ដុល្លារ​អាមេរិក​។ ដែល​ក្នុង​នោះ​ នៅ​ឆ្នាំ2018​ ការនាំចេញ​របស់​កម្ពុជា​មានការ​កើនឡើង​ចំនួន10​% ដែល​កំណើន​នេះ​ទទួល​បាន​ពី​ការ​កើនឡើង​នៃ​វិស័យ​កាត់ដេរ​ និង​ការនាំចេញ​ផលិតផល​កសិកម្ម​ និង​ឧស្សាហកម្ម​ តាមរយៈ​ការ​ខិតខំ​បើក​ច្រក​ទីផ្សារ​ នាំចេញ​ទៅកាន់​ជាង​ 147ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ។

សារព័ត៌មាន​របស់​កូរ៉េ​ Yonhap​ News​ Agency​ កាលពីដើម​ឆ្នាំ2019​ នេះ​បាន​បញ្ជាក់​ថា​ យោង​តាម​ទិន្នន័យ​ចងក្រង​ដោយ​ធនាគារ​នីហរ័ណ​អាហរ័ណ​របស់​កូរ៉េ​បានឱ្យ​ដឹង​ថា​ មាន​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ជាង​ 900ក្រុមហ៊ុន​កំពុង​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​ការ​វិនិយោគ​រួម​របស់​ពួកគេ​ចាប់តាំងពី​ឆ្នាំ1968​ រហូតដល់​ខែកញ្ញា​ ឆ្នាំ2018​ បាន​ឈាន​ដល់​ 2.67ពាន់​លាន​ដុល្លារ​។ បើ​តាម​សមាគមពាណិជ្ជ​កម្ម​អន្តរជាតិ​របស់​កូរ៉េ​បានឱ្យ​ដឹង​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ គឺ​មាន​ ចំនួន​ 890លាន​ដុល្លារ​ក្នុង​ឆ្នាំ2018​ ធៀប​នឹង​ 750លាន​ដុល្លារ​ក្នុង​ឆ្នាំ2013​។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ Moon​ Jae​-in​ បាន​ធ្វើទស្សនកិច្ច​ផ្លូវរដ្ឋ​មកកាន់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី14​-16មីនា​ លទ្ធផលជាក់​ស្តែង​ពី​កិច្ច​សហប្រតិបត្តិ​ការ​កំពុង​លេចចេញ​រូបរាង​ឡើង​រវាង​កូរ៉េ​ និង​អាស៊ាន​ ជាក់ស្តែង​ចំនួន​ភ្ញៀវ​ទេសចរ​ ដែល​ធ្វើដំណើរ​រវាង​ប្រទេស​អាស៊ាន​ និង​កូរ៉េ​បាន​កើន​លើស​ 10លាន​នាក់​ ជាលើកដំបូង​កាលពី​ឆ្នាំ2018​។

ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​៖ “តាមរយៈ​វេទិកា​ធុរកិច្ច​កម្ពុជា​កូរ៉េ​នេះ​ អ្នក​វិនិយោគ​កូរ៉េ​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​។ មាន​ចំណុច​វិជ្ជមាន​ជាច្រើន​ ដែល​កូរ៉េ​កំពុង​សហប្រតិបត្តិ​ការ​ជា​យុទ្ធសាស្ត្រ​យូរអង្វែង​តាមរយៈ​ការ​តភ្ជាប់​ ការ​ផ្លាស់​ប្តូរ​ហិរញ្ញវត្ថុ​ ការ​ផ្លាស់​ប្តូរ​ផ្នែក​ព័ត៌មាន​វិទ្យា​ ការ​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ និង​ការជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅវិញទៅមក​ ព្រោះថា​ ការ​មក​វិនិយោគ​នៅ​កម្ពុជា​ ប្រទេស​កូរ៉េ​បាន​ផ្អែក​លើ​សក្តា​នុ​ពល​ និង​ធនធាន​កម្ពុជា​ដែល​មានស្រាប់​ ដែល​កម្ពុជា​មិនទាន់​ទាញ​យក​សក្តា​នុ​ពល​មក​ប្រើប្រាស់​អស់​នៅឡើយ​”។

លោក​ឧកញ៉ា​បាន​បន្ត​ថា​៖“នៅ​កម្ពុជា​មាន​ចិន​ និង​ជប៉ុន​កំពុង​វិនិយោគ​ច្រើន​នៅ​កម្ពុជា​ ហេតុនេះ​គាត់​(កូរ៉េ​)មិន​អាច​នៅ​ស្ងៀម​បានទេ​ គាត់​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​។ ដូច​យើង​បានឃើញ​ស្រាប់ហើយ​ រដ្ឋាភិបាល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ច្រើន​ និង​មាន​ផ្តល់​សម្បទាន​ជាច្រើន​ទៀតផង​”។

លោក​ឧកញ៉ា​បាន​បន្ត​ថា​៖ “កម្ពុជា​មាន​សក្តា​នុ​ពល​ជាច្រើន​ដូចជា​ ទី1ផ្នែក​ទេសចរណ៍​ យើង​មាន​តំបន់ឆ្នេរ​ និង​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​ ទី2ផលិតផល​កសិកម្ម​ ដែល​អ្នក​វិនិយោគ​កូរ៉េ​អាចប​ង្កើត​រោងចក្រ​កែច្នៃ​ដើម្បី​នាំចេញ​បាន​ ទី3​ យើង​មាន​ធនធាន​រ៉ែ​ច្រើន​ដែល​មិនទាន់​កែច្នៃ​ដែល​អាច​ទាក់ទាញ​អ្នក​វិនិយោគ​កូរ៉េ​ចូល​មក​វិនិយោគ​បាន​ និង​ទី4​ កូរ៉េ​កំពុង​មាន​ទិសដៅ​ឆ្ពោះ​មកកាន់​តំបន់​អាស៊ាន​ ព្រោះ​អាស៊ាន​មាន​ទីផ្សារ​ធំ​ណាស់​ ដែល​កូរ៉េ​ក៏​ជាស​មា​ជិ​កអាស៊ាន​បូក​ផង​ដែរ​”។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បន្ត​ថា​ ចំណែក​វិស័យ​ឯកជន​ ក៏​យើង​បាន​ទទួល​វិនិយោគិន​ដែល​មាន​ក្រុម​ហ៊ុន​ធំៗ​ដែល​គាត់​អមដំណើរ​មក​ជាមួយ​ដែរ​ ដើម្បី​សែ្វ​ងយ​ល់​ពី​សក្តា​នុ​ពល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​។ ខាង​សភា​ពាណិជ្ជកម្ម​យើង​ក៏​នឹង​ទទួល​បានការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ ព្រោះ​ជា​យុទ្ធសាស្ត្រ​របស់​កូរ៉េ​ សំដៅ​មក​ភាគ​ខាងត្បូង​ គឺ​មក​ប្រទេស​អាស៊ាន​ ហើយ​កូរ៉េ​ស្ថិតនៅ​ជាស​មា​ជិ​កអាស៊ាន​បូក​ដែរ​ ដូច្នេះ​កូរ៉េ​គាត់​មានលទ្ធភាព​បណ្តាក់​ទុន​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​យើង​។

លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បញ្ជាក់​ទៀត​ថា​៖“ហេតុនេះ​ យើង​សង្ឃឹមថា​ ក្រោយ​វេទិកា​ធុរកិច្ច​នេះ​គាត់​នឹង​បន្ថែម​អ្នក​វិនិយោគ​ថែមទៀត​ ព្រោះ​ប្រទេស​កូរ៉េ​ជា​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​មួយ​ដែរ​នៅ​តំបន់​អាស៊ី​យើង​នេះ​ គាត់​មាន​អ្នក​វិនិយោគ​ច្រើន​លំដាប់​ទី2​ នៅ​កម្ពុជា​”។

សូម​បញ្ជាក់​ថា​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​ក៏បាន​កើនឡើង​ដល់160ពាន់​លាន​ដុល្លារ​ផង​ដែរ​។ រដ្ឋាភិបាល​កូរ៉េ​ចង់​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នេះ​ឱ្យ​បាន​ដល់​ 200ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ2020​ ព្រោះ​តំបន់​អាស៊ាន​ គឺជា​តំបន់​យុទ្ធសាស្ត្រ​ និង​ភូមិសាស្ត្រ​នយោបាយ​ដ៏​សំខាន់​សម្រាប់​កូរ៉េ​ខាងត្បូង​។ តំបន់​នេះ​ជា​មជ្ឈមណ្ឌល​នៃ​ពាណិជ្ជកម្ម​ ការ​វិនិយោគ​ និង​ជា​តំបន់​ឆ្លងកាត់​៕

Advertisement