ថ្ងៃបុណ្យ​ និង​ថ្ងៃឈប់​សម្រាក​សាធារណៈ​អាច​នឹង​ត្រូវ​បាន​កាត់បន្ថយ​ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ផលិតភាព​

រាជរដ្ឋាភិបាល​នឹង​កាត់បន្ថយ​ថ្ងៃឈប់​សម្រាក​សាធារណៈ​មួយចំនួន​ដើម្បី​ជំរុញ​ និង​លើកកម្ពស់​ផលិតភាព​ និង​ភាព​ប្រកួតប្រជែង​ និង​បង្កើន​ឯករាជ​ភាព​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​និង​កាត់បន្ថយ​ការពឹងផ្អែក​ទៅលើ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ និង​អាមេរិក​។

ថ្លែង​ក្នុង​សន្និសីទ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​វិ​ស័យ​កសិ​ពាណិជ្ជកម្ម​ប្រកបដោយ​និរន្តរភាព​ និង​ភាព​ប្រកួតប្រជែង​នៅ​កម្ពុជា​ ឯកឧត្តម​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ត្រី​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​នឹង​កាត់បន្ថយ​ថ្ងៃឈប់​សម្រាក​សាធារណៈ​មួយចំនួន​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ សហគ្រាស​ រោងចក្រ​ឧស្សាហកម្ម​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ផលិតភាព​របស់​ខ្លួន​ក្នុង​ការផលិត​ទំនិញ​ផ្គត់ផ្គង់​ឱ្យ​អ្នកនាំ​ចេញ​ និង​ទាន់ពេល​វេលា​នៅ​លើ​ទីផ្សារ​។

ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថា​៖“ថ្មី​ៗនេះ​យើង​មាន​កិច្ចប្រជុំ​មួយ​ក្រោម​ការដឹកនាំ​របស់​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ យើង​ប្រជុំ​ជជែកគ្នា​នូវ​វិធានការ​មួយចំនួន​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​របស់​យើង​ថែមទៀត​ ទោះបី​អឺរ៉ុប​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខ​ទំ​និញ​អ្វី​ៗទាំងអស់​លើកលែងតែ​អាវុធ​ (EBA​)ឬមិន​ដក​ក្ដី​ យើង​អត់​បញ្ហា​ទេ​ កាលណា​យើង​ពង្រឹង​ខ្លួន​យើង​បាន​ អត់​ EBAក៏​យើង​នៅតែ​រស់​ បើ​យើង​ពង្រឹង​ហើយ​ គេ​នៅ​រក្សា​ (EBA​) យើង​កាន់តែ​រឹងមាំ​ និង​កាន់តែ​ខ្លាំង​ជាង​មុន​ ប៉ុន្តែ​បញ្ហា​របស់​យើង​ គឺ​នៅត្រង់​ការ​បង្កើន​ផលិតភាព​”។

ឯកឧត្តម​ ចម​ ប្រសិទ្ធ​ បន្ថែម​ថា​ ផលិតភាព​នៅ​លើ​វិស័យ​កសិកម្ម​ក៏​សំខាន់​ដែរ​ វិស័យ​កសិកម្ម​កម្ពុជា​មាន​កំណើន​ទាប​ បើ​ប្រៀបធៀប​នឹង​វិស័យ​សំណង់​ សេវាកម្ម​ និង​ឧស្សាហកម្ម​។ លោក​ថា​ ពលកម្ម​នៅក្នុង​វិស័យ​កសិកម្ម​ ចូល​មក​វិស័យ​សេវាកម្ម​ ដូច្នេះ​វិស័យ​កសិកម្ម​ក៏​ត្រូវ​ពង្រឹង​ផលិតភាព​ដែរ​។ ឯកឧត្ដម​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖“ដើម្បី​បង្កើន​ផលិតភាព​ រដ្ឋាភិបាល​ប្រហែលជា​ត្រូវ​កាត់​ថ្ងៃបុណ្យ​ឈប់សម្រាក​ ប្រមាណ​ពី​ 7 ទៅ​ 8ថ្ងៃ​ ចាំ​មើល​អនុក្រឹត្យ​ចុងក្រោយ​របស់​រដ្ឋាភិបាល​សិន​ ចាំ​មើល​ពី​ថ្ងៃនេះ​រហូត​ដាច់ខែ​នឹង​មាន​ចេញផ្សាយ​ហើយ​ តើ​យើង​អាច​កាត់​ចំនួន​ថ្ងៃបុណ្យ​ទាន​ប៉ុន្មាន​ មិនបាច់​ឱ្យ​កម្មករ​ឈប់​ដើម្បី​ឱ្យ​មាន​ពេលវេលា​ គ្រប់គ្រាន់​ដើម្បី​ផលិត​ឱ្យ​គេ​យក​ទៅ​លក់​”។

លោក​ កាន់​ គន្ធី​ អគ្គនាយករង​នៃ​ក្រុមហ៊ុន​ AMRU​ RICE​ បាន​ថ្លែង​ថា​ លោក​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​លើ​ការកាត់បន្ថយ​ថ្ងៃបុណ្យ​ឈប់សម្រាក​សាធារណៈ​ ពីព្រោះ​វា​នឹង​ជួយ​ដល់​អ្នកនាំ​ចេញ​បាន​ច្រើន​។ លោក​បន្ថែម​ថា​ អំឡុង​ពេល​បុណ្យ​ឈប់​សម្រាក​ម្តង​ៗ កំពង់ផែ​ ក្រុមហ៊ុន​ដឹកជញ្ជូន​ និង​មន្ត្រី​រាជការ​ត្រូវ​ឈប់សម្រាក​ដែរ​ខណៈ​ពេល​ដែល​បុគ្គលិក​ កម្មករ​នា​ពេលនេះ​មិន​ចាប់អារម្មណ៍​នឹង​ការ​ធ្វើការ​ថែម​ម៉ោង​ទេ​ ដូច្នេះ​វា​ធ្វើ​ឱ្យ​មានការ​កកស្ទះ​ដល់​ដំណើរការ​នាំចេញ​-នាំចូល​។

លោក​ គន្ធី​ ថ្លែង​ថា​៖“ខ្ញុំ​គាំទ្រ​ការកាត់បន្ថយ​ថ្ងៃឈប់​សម្រាក​ ខណៈ​វា​នឹង​ជួយ​វិស័យ​ជាច្រើន​ ជាពិសេស​វិ​ស័យ​កសិ​ពាណិជ្ជកម្ម​ដែល​ធ្វើការ​នាំចេញ​ និង​នាំចូល​ និង​វិស័យ​សម្លៀកបំពាក់​ ស្បែកជើង​ នៅក្នុង​ប្រទេស​ឱ្យ​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់​ជាង​មុន​។ បច្ចុប្បន្ន​ យើង​មាន​ថ្ងៃឈប់​សម្រាក​ពី​ 27ទៅ​ 28ថ្ងៃ​ក្នុង​មួយឆ្នាំ​ ខណៈ​វៀតណាម​មានតែ​ជាង​ 10ថ្ងៃ​ប៉ុណ្ណោះ​ ម្យ៉ាង​យើង​មើលឃើញ​ថា​ ប្រាក់​ឈ្នូល​កើនឡើង​ជាប្រចាំ​ ដូច្នេះ​វា​បញ្ច្រាស់​គ្នា​”។

ដោយឡែក​ អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) ​លោក​ កាំង​ ម៉ូ​នី​កា​ បានឱ្យ​ដឹង​ថា​ លោក​ពិតជា​មាន​ភាព​រីករាយ​ទៅលើ​ការពិចារណា​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​នៅពេល​នេះ​ នៅក្នុង​បរិបទ​នៃ​ការប្រកួត​ប្រជែង​សកល​កាន់តែ​ខ្លាំង​ឡើង​ៗនេះ​។

លោក​ ម៉ូ​នី​កា​ មានប្រសាសន៍​ថា​៖“នេះ​ជា​អ្វី​ដែល​វិស័យ​ឯកជន​បាន​ស្នើសុំ​យូរ​មក​ហើយ​ ថ្ងៃបុណ្យ​ឈប់សម្រាក​កាន់តែ​តិច​ មានន័យថា​ យើង​មាន​ថ្ងៃ​ផលិត​កាន់តែ​ច្រើន​”។

លោក​បន្ត​ថា​ ប្រាក់​ឈ្នូល​កម្មករ​កាន់តែ​កើនឡើង​ខណៈ​ថ្ងៃឈប់​សម្រាក​សាធារណៈ​មាន​ច្រើន​ព្រោងព្រាត​ រួម​ទាំង​អំណាច​សហជីព​ខ្លាំង​រួមផ្សំ​ មិនបាន​ធ្វើ​ឱ្យ​មាន​កំណើន​ផលិតភាព​ទេ​ ម្យ៉ាងវិញទៀត​ថ្ងៃឈប់​សម្រាក​នី​មួយ​ៗមាន​រយៈពេល​វែង​ ដែល​ធ្វើ​ឱ្យ​ចង្វាក់​ផលិតកម្ម​មានការ​ថមថយ​ចុះ​។

ឯកឧត្តម​ ចម​ ប្រសិទ្ធ​បាន​មានប្រសាសន៍​ថា​រដ្ឋាភិបាល​នឹង​ដាក់ចេញ​នូវ​វិធានការ​មួយ​ចំ​នួន​ផ្សេង​ៗទៀត​ ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច​របស់​ខ្លួន​។ ឯកឧត្ដម​បញ្ជាក់​ថា​ បើ​ទោះបីជា​សហគមន៍​អឺរ៉ុប​គំរាម​ដក​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ ឬទុក​នៅ​ដដែល​ ក៏​កម្ពុជា​នៅតែ​ខ្លាំង​។ វិធានការ​នានា​នឹង​ត្រូវ​បាន​ដាក់ចេញ​ ជាពិសេស​ទាក់ទង​នឹង​ការ​លើកកម្ពស់​ផលិតភាព​។

គួរ​បញ្ជាក់​ថា​ នៅដើម​ឆ្នាំ2019នេះ​ រដ្ឋាភិបាល​បានសម្រេច​ដាក់ចេញ​វិធានការ​ជាច្រើន​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​ និង​បង្កើន​ផលិតភាព​របស់​វិស័យ​ឯកជន​ ជាក់ស្តែង​រដ្ឋាភិបាល​បាន​លុបចោល​ ស្ថាប័ន​កាំសាប​ ដែល​ជា​ភ្នាក់ងារ​ដឹកជញ្ជូន​ទំនិញ​កម្ពុជា​ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​របស់​ក្រុមហ៊ុន​ និង​វិស័យ​ឯកជន​។ មិន​តែប៉ុណ្ណោះ​ រដ្ឋាភិបាល​បាន​ផ្ទេរ​ការ​ឈរជើង​របស់​កាំកុងត្រូល​ ចេញពី​គ្រប់​ច្រកព្រំដែន​ទាំងអស់​ កាត់​បន្ថយ​តម្លៃ​ស្គែ​នកុង​តឺន័​រស​ម្រាប់​ការនាំចេញ​-នាំចូល​ចំនួន​ពាក់កណ្តាល​ ដែល​ការសម្រេច​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ខែក្រោយ​នេះ​(ខែមេសា​)។

បន្ថែម​លើ​នេះ​ រដ្ឋាភិបាល​បាន​ព្យួរ​ទុក​នូវ​ការ​បង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន​ 5ឆ្នាំ​ចំពោះ​ក្រុមហ៊ុន​ សហគ្រាស​ដែល​ធ្វើការ​ដាំដុះ​ ផលិត​ កែច្នៃ​ និង​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ឬនាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន​ដូចជា​ អង្ករ​ ពោត​ សណ្តែក​ ម្រេច​ គ្រាប់ស្វាយ​ចន្ទី​ ដំឡូងមី​ និង​កៅស៊ូ​។ មួយវិញទៀត​ អ្នកនាំ​ចេញ​ទាំងអស់​ពុំ​ចាំបាច់​ធ្វើការ​ដាក់ពាក្យ​ស្នើសុំ​លិខិតបញ្ជាក់​ប្រភព​ដើម​ទំនិញ​ទេ​ បើសិនជា​ដៃគូ​បញ្ជាទិញ​ ឬអាជ្ញាធរ​ប្រទេស​គោលដៅ​នាំចេញ​មិនបាន​តម្រូវ​ឱ្យ​មាន​៕

Advertisement