ជំនាញចុងភៅកាន់តែត្រូវប៉ាន់នៅកម្ពុជា

ភ្នំពេញៈ ជំនាញផ្នែកចុងភៅនៅកម្ពុជាកាន់តែត្រូវប៉ាន់ហើយ ដោយអ្នកសិក្សាជំនាញនេះអាចរកប្រាក់ចំណូលបានខ្ពស់ដល់ទៅរាប់រយដុល្លារ ឬឈានដល់ខ្ទង់ពាន់ដុល្លារអាមេរិកក៏មាន។

លោកផេង សំអ៊ីម គ្រូបង្ហាត់នៃសាលាបង្រៀនធ្វើម្ហូប «ខ្លូបល» បានឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃម្សិលមិញថា បច្ចុប្បន្នយុវជនសិក្សាជំនាញចុងភៅ និងជំនាញវិជ្ជាជីវៈទេសចរណ៍ផ្សេងៗទៀតមានចំនួនកើនឡើងជាលំដាប់ ដែលគិតចាប់ពីឆ្នាំ 2012 មកដល់បច្ចុប្បន្ន មានចំនួនសិស្សប្រមាណជាង 3ពាន់នាក់ហើយ ដោយក្នុងនោះសិស្សជាជនជាតិបរទេសក៏មានចំនួនច្រើនដែរ។ លោកបន្តថា នៅក្នុងប្រទេសកម្ពុជាអ្នកជំនាញចុងភៅ ដែលមានសមត្ថភាព និងជំនាញពិតប្រាកដស្របតាមស្តង់ដារអន្តរជាតិទៀតនោះ អាចនឹងទទួលបានប្រាក់បៀវត្សរ៍ ឬប្រាក់ចំណូលក្នុងជំនាញនេះយ៉ាងហោចណាស់ចាប់ពីជាង 1០០ដល់ 6០០ដុល្លារអាមេរិក ឬអាចឈានដល់ 1ពាន់ដុល្លារអាមេរិកក៏មាន។

លោកស្រី លឹម វណ្ណៈ អនុប្រធានការិយាល័យហិរញ្ញវត្ថុ នៃវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌាបានមានប្រសាសន៍ឲ្យដឹងផងដែរថា តាមការកត់សម្គាល់ជំនាញវិជ្ជាជីវៈផ្នែកម្ហូបអាហារ និងភេសជ្ជៈ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីយុវជនមកពីតាមបណ្តាខេត្ត ពិសេសយុវជននៅរាជធានីភ្នំពេញបានងាកមកសិក្សាលើជំនាញនេះច្រើន ព្រោះថាជំនាញនេះងាយស្រួលស្វែងរកការងារធ្វើ និងងាយស្រួលបើកអាជីវកម្មខ្លួនផ្ទាល់ដែលអាចរកប្រាក់ចំណូលបានច្រើនគួរសម និងចៀសវាងការធ្វើចំណាកស្រុកបានទៀតផង។

បើយោងតាមលោកលូ ម៉េងសហប្រធានក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍ និងជាមេចុងភៅធំមួយនៅកម្ពុជាបានឲ្យដឹងថា ជំនាញចុងភៅពិតជាជំនាញមួយ ដែលមានការងារច្រើន និងអាចទទួលបានប្រាក់ខែច្រើន ប្រសិនជាពួកគេមានជំនាញ និងទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ ព្រោះបច្ចុប្បន្នចំនួនចុងភៅនៅកម្ពុជាមានការខ្វះខាតនៅឡើយ ដោយសារមានតម្រូវការច្រើនពីអ្នកវិនិយោគផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាននានាកើនឡើងកាន់តែច្រើន។ លោកអំពាវនាវឲ្យយុវជនចូលសិក្សាជំនាញនេះ ដើម្បីទទួលបានការងារល្អ និងជាជំនាញដែលមានការងារច្រើនសម្រាប់ពួកគេ៕

Advertisement