តើសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ 2018 និង 2019 មានការប្រែប្រួលឬយ៉ាងណា?

ឯកឧត្តម វង្សី វិសុត្ស រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍នៅក្នុងវេទិកាសាធារណៈស្តីពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយថវិកា សម្រាប់ឆ្នាំ 2018 ឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំខាងមុខ គឺឆ្នាំ 2018 និងឆ្នាំ 2019 មិនមានអ្វីប្រែប្រួលនោះទេ។

ឯកឧត្តមបញ្ជាក់ថា ចំពោះស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា បើទោះបីជាត្រូវទទួលរងនូវសម្ពាធទាំងខាងក្នុង និងខាងក្រៅក៏ដោយ ក៏កម្ពុជានៅតែសម្រេចបាននូវកំណើនក្នុងរង្វង់ 7% នៅក្នុងឆ្នាំ 2017, 2018 និង 2019 ខាងមុខនេះដែរ ដោយសារកម្ពុជាកាន់តែមានមូលដ្ឋានសេដ្ឋកិច្ចដែលរឹងមាំ។ កំណើននេះបានមកដោយសារ ៖1.ការងើបឡើងវិញនៃវិស័យកសិកម្ម 2% ដែលទ្រទ្រង់ដោយកំណើនដំណាំ ជលផល និងការងើបឡើងវិញនៃការចិញ្ចឹមសត្វ។ 2.កំណើនរឹងមាំនៃវិស័យឧស្សាហកម្ម ប្រមាណជា 10.7% ដោយការលូតលាស់ខ្លាំងនៃវិស័យឧស្សាហកម្មមិនមែនកាត់ដេរដែលរួមមានម្ហូបអាហារ និងភេសជ្ជៈ គ្រឿងផ្គុំអេឡិចត្រូនិក គ្រឿងបន្លាស់ គ្រឿងសង្ហារិមជាដើម ទោះបីជាវិស័យកាត់ដេរ និងវិស័យសំណង់មានកំណើនថយចុះបន្តិចក្តី។ 3.កំណើនវិស័យសេវាកម្មប្រមាណជា 6.5% ដោយសារកំណើនលើវិស័យទូរគមនាគមន៍ លក់ដុំនិងលក់រាយ ទោះបីជាមានការបន្តថយចុះកំណើននៃវិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍ក្តី។

ឯកឧត្តមបញ្ជាក់ថា ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជានៅតែបន្តមានស្ថិរភាព និងកាន់តែមានភាពរឹងមាំ។ ជាក់ស្តែងកម្ពុជាបានគ្រប់គ្រងអត្រាអតិផរណាឱ្យស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ពោលគឺប្រមាណ3.5% ក្នុងឆ្នាំ2017នេះ និងប្រមាណជា3.8% ក្នុងឆ្នាំ 2018 ទោះបីជាតម្លៃប្រេង និងម្ហូបអាហារមានការកើនឡើងបន្តិចក្តី៕

Advertisement