ឆ្នាំមុន ទិន្នផល​ម្រេច​កំពត និង​តម្រូវការ​ទីផ្សារ​ធ្លាក់ចុះ សង្ឃឹម​ឆ្នាំនេះ​នឹង​ល្អប្រសើរ

ផលិតផល​សម្គាល់​ភូមិសាស្ត្រ (Geographical Indications ឬ​GI) ម្រេច​កំពត កាលពី​ឆ្នាំ2018 សម្រេចបាន 69តោន និង​បាន​ផ្គត់ផ្គង់​ទៅឱ្យ​ក្រុមហ៊ុន​ដៃគូ​ចែកចាយ​ប្រមាណ 50តោន បើ​ធៀប​នឹង​ឆ្នាំ​ឆ្នាំ2017 ដែល​ផលិត​បាន 102តោន និង​ចែកចាយ​ទៅកាន់​ទីផ្សារ​បាន 70តោន​នោះ គឺ​បរិមាណ​មានការ​ធ្លាក់ចុះ​ប្រមាណ 32% និង28%តាម​លំដាប់។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ឆ្នាំ2018 របស់​សមាគម​ម្រេច​កំពត។

លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត​បញ្ជាក់ថា៖“ការធ្លាក់ចុះ​ទិន្នផល​នេះ ដោយសារតែ​យើង​អត់​ប្រើ​ថ្នាំ គឺ​ធ្វើ​តាមបែប​ធម្មជាតិ​សុទ្ធសាធ អុីចឹង​វា​ក៏​ប្រែប្រួល​ទៅតាម​ធម្មជាតិ​ដែរ ហើយ​ដំណាំ​ម្រេច វា​ផ្លែ​មួយឆ្នាំ​អត់​មួយឆ្នាំ។ ឧទាហរណ៍​ឆ្នាំ2017 យើង​ទទួលបាន​ទិន្នផល​ច្រើន ដល់​ឆ្នាំ2018 វា​ធ្លាក់ចុះ​មកវិញ។ ដោយឡែក ការធ្លាក់ចុះ​នៃ​តម្រូវការ​វិញដោយសារតែ​ទីផ្សារ​ឥឡូវ​មាន​លក្ខណៈ​ចង្អៀត ធ្វើឱ្យ​ក្រុមហ៊ុន​ជា​ដៃគូ​មាន​តម្រូវ​ការថយចុះ ព្រោះ​ក្រុមហ៊ុន​ខ្លះ​លក់​ម្រេច​ចាស់​មិនទាន់​អស់ពី​ស្តុក​ផង”។

លោក​បាន​លើកឡើងថា ចាប់តាំងពី​ម្រេច​កំពត​បាន​ចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ(GI) និង​ទទួលស្គាល់​ពី​សហភាព​អឺរ៉ុប​មក ធ្វើឱ្យ​ផលិតផល​នេះ​មាន​ទីផ្សារ​ខ្លាំង ហើយ​កសិករ​បាន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ជា​បន្តបន្ទាប់ ដែល​គិត​មកដល់​ឆ្នាំ2018សមាគម​មាន​ផ្ទៃដី​ផលិត​ម្រេច​សរុប​ប្រមាណ250ហិកតា។

គួរ​បញ្ជាក់ថា រហូតមកដល់​បច្ចុប្បន្ន​នេះ សមាជិក​របស់​សមាគម​បាន​កើនឡើង​រហូតដល់ 440គ្រួសារ ចំណែកឯ​អ្នក​ចែកចាយ​ក៏បាន​កើនឡើង​រហូតដល់ 29ក្រុមហ៊ុន​ផងដែរ​ក្នុងឆ្នាំនេះ រីឯ​ផ្ទៃដី​ដាំ​ម្រេច​ក៏បាន​កើនឡើង​រហូតដល់ 250ហិកតា​ដែលមាន​ទីតាំង​នៅក្នុង​ខេត្តកំពត និង​ខេត្ត​កែប។ លោក​បន្ថែមថា ៖“បន្ទាប់ពី​យើង​បង្កើត​សមាគម​ម្រេច​កំពត​មក តម្លៃ​ម្រេច​បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់។ ជាក់ស្ដែង ពីមុន​ម្រេចខ្មៅ​តម្លៃ 5ដុល្លារ​ក្នុង 1គីឡូក្រាមបាន​ឡើងដល់ 15ដុល្លារ ម្រេច​ក្រហម 20ដុល្លារ​ឡើងដល់ 25ដុល្លារ ម្រេចស 18ដុល្លារ ឡើងដល់ 28ដុល្លារ​ក្នុង1គីឡូក្រាម​កាលពី​ឆ្នាំ2018 ហើយ​តម្លៃ​នេះ​មិនទាន់​ប្រែប្រួល​ឡើង​ចុះ​នៅឡើយ​ទេ បើទោះបី​តម្រូវការ​ពី​ដៃគូ​បញ្ជា​ទិញ​បាន​ធ្លាក់ចុះ​ក៏ដោយ”។

យ៉ាងណាក៏ដោយ លោក​រំពឹងថា ទីផ្សារ​នឹង​ល្អ​ឡើងវិញ​នៅ​ឆ្នាំ2019នេះ ដោយសារតែ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​មួយចំនួន​បាន​ទាក់ទង​មក​សមាគម​ដើម្បី​នាំចេញ ខណៈ​បច្ចុប្បន្ន ម្រេច​កំពត​មាន​ទីផ្សារ​នៅ​បណ្តា​ប្រទេស​សមាជិក​សហគមន៍​អឺរ៉ុប និង​អាមេរិក ដូចជា អាល្លឺម៉ង់ អូស្ត្រាលី កូរ៉េ ហុងកុង តៃវ៉ាន់​និង​ជប៉ុន​ជាដើម។

បើតាម​ពាណិជ្ជករ​អ្នក​នាំ​ផលិតផល​នេះ​ទៅកាន់​សហគមន៍​អឺរ៉ុប​បានឱ្យដឹង​កាលពីពេល​កន្លងមក​ថា ម្រេច​កំពត​លក់រាយ​នៅ​ទីផ្សារ​អឺរ៉ុប​មានតម្លៃ​ចាប់ពី150 ដល់200ដុល្លារ​ក្នុង1គីឡូក្រាម  ហើយ​ផលិតផល​នេះ​នៅមាន​វិសាលភាព​ទូលំទូលាយ និង​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​ពង្រីក​ទីផ្សារ​ច្រើន​ទៀត ក៏ប៉ុន្តែ​បើសិនជា​មិនមាន​វិធានការ​ពង្រីក​ឱ្យបាន​ទូលាយ​ទេនោះ វា​នឹង​ដួល​ទៅវិញ។ ក្នុង​កាលៈទេសៈ​នេះ កម្ពុជា​ត្រូវការ​ពង្រីក​ទីផ្សារ​ម្រេច​កំពត​បន្ថែមទៀត យើង​ត្រូវ​អប់រំ​ពលរដ្ឋ​ដែលជា​អ្នក​ផលិត​ម្រេច​ផ្ទាល់​ឱ្យ​ស្គាល់​ពី​សារៈសំខាន់​នៃ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ(GI) បើ​ពុំ​នោះទេ​យើង​មិនអាច​រក្សា​ទីផ្សារ​ម្រេច​កំពត​បាន​ស្ថិតស្ថេរ​នោះទេ ហើយ​ទីផ្សារ​នេះ​នឹង​បាត់បង់​បន្តិចម្ដងៗដោយសារ​ការ​ក្លែងបន្លំ​ម៉ាក និង​មិនបាន​គោរព​ទៅតាម​លក្ខខណ្ឌ​របស់​អ្នកទិញ។

ក្រុម​អ្នក​ផលិត​ម្រេច​ក្នុង​ខេត្តកំពត បានឱ្យដឹងថា បច្ចុប្បន្ននេះ​លោក​ត្រូវ​រក​ឈ្មួញ​មក​ទិញ​ម្រេច​ដោយ​ខ្លួនឯង ព្រោះ​សហគមន៍​ដែល​ធ្លាប់តែ​ទិញ​ម្រេច​ពី​កសិករ មិនបាន​បញ្ជា​ទិញ​ច្រើន​នោះទេ គឺ​ទិញ​តែមួយ​ចំនួន ហើយ​ដោយសារតែ​កសិក​រ​ដាំ​ម្រេច​ក៏​ច្រើន អុីចឹង​ហើយ​ត្រូវ​ចែកគ្នា​ម្នាក់បន្តិចៗ ដើម្បី​លក់​ទៅតាម​ការបញ្ជាទិញ​តាមរយៈ​សមាគម ដោយ​ការលក់​ម្រេច​តាមរយៈ​សមាគម កសិករ​នឹង​ទទួលបាន​តម្លៃ​ស្តង់ដា តែបើ​លក់​ទៅឱ្យ​ឈ្មួញ​ខាងក្រៅ​វិញ តម្លៃ​ត្រូវ​ទាប​ជាង​នេះ តែ​យ៉ាងណា​ក៏ត្រូវ​តែ​លក់​ដែរ​ដើម្បី​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ។

យោងតាម​សៀវភៅ​បន្ទុក ម្រេច​កំពត​បាន​កត់ត្រា​ថា តំបន់​ដែល​អាច​ផលិត​ម្រេច​កំពត​បាន លុះត្រាតែ​ស្ថិតនៅ​ក្នុងស្រុក ឬ​ក្រុង​មួយចំនួន​នៃ​ខេត្តកំពត និង​ខេត្ត​កែប។ តំបន់​ទាំងនោះ​រួមមាន ស្រុក​កំពង់ត្រាច ស្រុក​ដងទង់ ស្រុក​ទឹកឈូ ស្រុក​ឈូក និង​ក្រុង​កំពត​នៃ​ខេត្តកំពត ព្រមទាំង​នៅ​ស្រុក​ដំណាក់​ចង្អើរ និង​ក្រុងកែប ខេត្ត​កែប ផងដែរ។

លោក​ប្រធាន​សមាគម​បានឱ្យដឹងថា បច្ចុប្បន្ន​ដំណាំ​ម្រេច​មិន​ត្រឹមតែ​កសិករ​ជា​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទេ​ដែល​ចាប់អារម្មណ៍​ពង្រីក​ការដាំដុះ​ម្រេច​នោះ នៅមាន​ក្រុមហ៊ុនធំៗដែល​ធ្លាប់​ទិញ​ម្រេច​ពី​កសិករ ក៏បាន​ងាក​មក​វិនិយោគ​លើ​ការដាំ​ដំណាំ​នេះ​ដោយ​ខ្លួនឯង​ដែរ។ ពោលគឺ សូម្បីតែ​វិនិយោគិន​មួយចំនួន​ដែលមាន​ដើមទុន​ច្រើន​ក៏បាន​មករក​ទិញ​ដី និង​ជួល​កម្មករ​ដាំ​ម្រេច​ច្រើន​ផងដែរ អុីចឹង​ហើយ​ទើប​ធ្វើឱ្យមាន​ការកាត់បន្ថយ​ការបញ្ជាទិញ​ពី​កសិករ​តាមរយៈ​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត​នេះ ”។

លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​មកដល់​បច្ចុប្បន្ននេះ​កម្ពុជា​អាច​ផលិត​ម្រេច​មានគុណ​ល្អ រសជាតិ​ឆ្ងាញ់ និង​មានការ​គាំទ្រ​ពី​អ្នក​បរិ​ភាគ​បាន​ហើយ ប៉ុន្តែ​គួរឱ្យ​ស្តាយ​ដែល​ការនាំចេញ​នៅ​មិនទាន់បាន​ច្រើន​នៅឡើយ។ លោក​ឧកញ៉ា​មានប្រសាសន៍ថា “យើង​នឹង​ដោះស្រាយបញ្ហាសំខាន់ៗដែល​កើតឡើង​នៅពេលនេះ និង​មាន​វិធានការ​បន្ថែមទៀត​ដើម្បី​អភិវឌ្ឍ​វិស័យនេះ​ឱ្យ​ល្អប្រសើរ​ឡើង”។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​បាន​ដាក់បញ្ចូល​ផលិតផល​ម្រេច​ទៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ដើម្បី​អភិវឌ្ឍ​ចង្វាក់​តម្លៃ និង​ធ្វើ​ពិ​ធិ​ធ​កម្ម​ការនាំចេញ។ បច្ចុប្បន្ននេះ​ផលិតផល​កសិកម្ម​មួយ​នេះ​បាន និង​កំពុង​ដាំ​ដុះ​នៅក្នុង​ខេត្ត​ចំនួន19 លើ​ផ្ទៃដី​ប្រមាណ​ជាង 6ពាន់​ហិកតា​ដែល​បានផ្ដល់​ទិន្នផល​ជាង 2ម៉ឺន​តោន​ក្នុង​ឆ្នាំ។

លោក​ឧកញ៉ា សុង សារ៉ន បានឱ្យដឹងថា នៅ​កម្ពុជា​ក្នុង​ឆ្នាំ2017 និង2018 កសិករ​អាច​ផលិត​ម្រេចបាន​ប្រមាណ 2ម៉ឺន​តោន ដែល​ជាង95% គឺ​សម្រាប់​នាំចេញ តែដោយសារ​ទីផ្សារ​មិន​ទូលំទូលាយ​ធ្វើឱ្យ​ផលិតផល​មួយ​នេះ​បន្ដ​ជួប​ការលំបាក និង​ខ្វះ​ទីផ្សារ​សម្រាប់​ផ្គត់ផ្គង់។ លោក​ឧកញ៉ា​បន្តថា៖ “បើសិនជា​យើង​អាច​នាំចេញ​ម្រេច 2ម៉ឺន​តោន​ទៅ​ទីផ្សារ​អន្តរជាតិ វា​ស្មើនឹង​តម្លៃ​នាំចេញ​ស្រូវ​អង្ករ​ប្រមាណ​ជា20 ទៅ30ម៉ឺន​តោនឯណោះ‟។

សូម​រំឭកថា ម្រេច​កំពត​ត្រូវបាន​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (GI) នៅ​ឆ្នាំ2010 ហើយ​នៅ​ឆ្នាំ2016ក៏បាន​ចុះបញ្ជី​នៅ​សហភាព​អឺរ៉ុប និង​ប្រទេស​វៀតណាម​ផងដែរ៕

Advertisement