អ្នក​ខេត្តពោធិ៍សាត់​ប្រាប់​ពី​ការដាំ​ដើម​ក្រូចពោធិ៍សាត់ ឱ្យទទួល​បាន​ផល​ល្អ

ដំណាំ​ក្រូចពោធិ៍សាត់​ដែល​ធ្លាប់​សម្បូរ​នៅ​ខេត្តបាត់ដំបង ជា​ផ្លែក្រូច​ដែលមាន​សម្បក​ស្ដើង សាច់​ ឬ​ក្លែប​ធំ​ល្អ និង​មាន​រសជាតិ​ជូរអែម​ឆ្ងាញ់​ដែល​ធ្លាប់មាន​វត្តមាន​នៅលើ​ទីផ្សារ ហើយ​អ្នក​ហូប​ជាប់ចិត្ត​នោះ បច្ចុប្បន្ន​ភាគច្រើន​ជា​ក្រូច​របស់​កសិករ​នៅ​ខេត្តពោធិ៍សាត់ ដោយមាន​ប្រជាពលរដ្ឋ​កាន់តែ​ច្រើនឡើង​នាំគ្នា​ដាំ​ដំណាំ​ហូប​ផ្លែ​មួយ​នេះ ជាពិសេស​មាន​ចម្ការធំៗនៅក្នុង​ស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង។

ដំណាំ​ក្រូចពោធិ៍សាត់​នៅក្នុង​ស្រុក​ភ្នំក្រវាញ​តែង​ហុច​ផល​ល្អ​ខ្លាំងណាស់ ព្រោះ​ដំណាំ​ប្រភេទ​នេះ​ចាប់ផ្ដើម​ទទួលបាន​ផល ក្រោយពី​ដាំ​បាន​រយៈពេល 4ឆ្នាំ ហើយ​វា​មាន​អាយុកាល 9ឆ្នាំ ឬ​អាច​បានយូរ​ជាង​នេះ អាស្រ័យ​លើ​ការថែទាំ និង​របៀប​ដាំ​ដុះរបស់​កសិករ​តាម​តំបន់នីមួយ។ នេះ​បើតាម​ការ​ឱ្យដឹងពី​កសិករ​ដាំ​ដំណាំ​ក្រូចពោធិ៍សាត់​នៅ​ខេត្តពោធិ៍សាត់។

កសិករ​ម្នា​ក់នៅ​ភូមិ​ពាម ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ អ្នកស្រី មួន ចាន់​ធា បាន​ចែករំលែក​បទពិសោធ​ដាំ​ដើម​ក្រូចពោធិ៍សាត់​ផ្ទាល់ខ្លួន​ថាក្រូចពោធិ៍សាត់​អាច​ដាំ​បាន​នៅលើ​ដីកណ្ដេង​ព្រោះ​មិន​ជាំ​ទឹក និង​មាន​ប្រភពទឹក​នៅក្បែរ​ដើម្បី​ស្រោចស្រព។ រណ្ដៅ​សម្រាប់​ដាំ​កូន​ក្រូច ត្រូវ​ជីក​ទំហំ4តឹក4ជ្រុង និង​មាន​ជម្រៅ 4តឹក​ដូចគ្នា បន្ទាប់មក​ត្រូវ​ប្រមូល​សំរាម​ដាក់​ក្នុង​រណ្ដៅ​ដុត​បំពក់​បាត​រណ្ដៅ​ឱ្យបាន​កន្លះ​ខែ​មុននឹង​ដាក់​ដាំ។ ក្នុងករណី​មិន​ប្រើ​ថ្នាំ ជី ឬ​ថ្នាំ​ការពារ អាច​នឹងមាន​សត្វល្អិត​ស៊ី​ឫស​កូនដើម​ក្រូច​នៅតាម​បាត​រណ្ដៅ។

នៅពេល​ដាំ កសិករ​ត្រូវ​ប្រើ​ជីធម្មជាតិ​ដែល​ប្រមូលបាន​ពី​ជុំវិញ​ផ្ទះ ឬ​ជី​ផលិត​ពី​រោងចក្រ​ដើម្បី​ដាក់​ទ្រាប់​បាត​រណ្ដៅ រួច​សឹម​ដាក់​កូន​ក្រូច​ចូល ហើយ​លុប​ដី​ជុំវិញ​គល់​ឱ្យ​ណែន​ល្អ និង​ត្រូវ​ស្រោច​ទឹក​ឱ្យបាន​ជោកជាំ។ នៅពេល​ក្រូច​បាន​អាយុ 6ខែ ឬ 1ឆ្នាំ កសិករ​ត្រូវធ្វើ​ស្មៅ​នៅតាម​គល់​វា​ដោយ​ជម្រះ ឬ​ដកចេញ​ដោយ​ដៃ មិនត្រូវ​កាប់ ឬ​ភ្ជួរ​ដែល​អាច​បណ្ដាល​ឱ្យដាច់​ឫស ធ្វើឱ្យ​កូនដើម​ក្រូច​អន់​មាន​សុខភាព​មិនល្អ និង​កូន​ក្រូច​ខ្លះ​អាច​ងាប់​ទៀតផង។

លោកស្រី​បាន​បន្ថែមថា៖ “បើ​យើង​មាន​ថវិកា យើង​ទិញ​ជី​ដាក់​ទ្រាប់​បាត ហើយ​រំលង​បាន​មួយខែ​បន្ទាប់ពី​ដាំ​រួច ត្រូវ​ចាប់ផ្ដើម​ជី​ដាក់​តាម​គល់​កូនដើម​ក្រូច ដោយពេល​កូន​ក្រូច​នៅ​តូច យើង​ដាក់​ត្រឹម​កន្លះ​គីឡូក្រាម​ក្នុង​មួយ​គុម្ព។ ដល់​ធំ​ឡើង​បាន​អាយុ 1ឆ្នាំ ឬ 2ឆ្នាំ ត្រូវដាក់ 1គីឡូក្រាម​ក្នុង 1ដើម។ ដល់​វា​ធំ​ដូច​បច្ចុប្បន្ននេះ ក្នុង 1ឆ្នាំ​គេ​ដាក់​ជី 2សា​រៀងរាល់ 5ខែ និង​ខែ10 ម្ដង។ ខ្ញុំ​ប្រើ​ជី​ដែល​ល្អ ហើយ​ជី​នោះ​គឺជា​ជីធម្មជាតិ”។

អ្នកស្រី មួន ចាន់​ធា បញ្ជាក់ថា កា​រលះ​សម្អាត​មែក​ក្រូច និង​សម្អាត​ស្មៅ​នៅតាម​គល់​ដើម​ក្រូច ត្រូវធ្វើ​ជាប្រចាំ “យើង​កាត់​ស្មៅ​ចាំង​គល់(ជម្រះ​ស្មៅ​នៅតាម​គល់​ក្រូច)ឱ្យបាន​ល្អ ហើយ​ធ្វើ​កំពែង​ឱ្យ​វា ហើយ​ចាប់ផ្ដើម​បាញ់​ទឹក​ដាក់។ ក្នុង​មួយខែ​ត្រូវធ្វើ​ម្ដង វា​មាន​ផលប្រយោជន៍​ដល់​ដើម និង​ឫស​ដើម្បី​ស្រូប​យកទៅ​ចិញ្ចឹម​ស្លឹក​ឱ្យបាន​ល្អ”។

អ្នកស្រី ចាន់​ធា បានបញ្ជាក់​ទៀតថា៖ “បើ​កសិករ​មើលថែទាំ​ដើម​ក្រូច​បានល្អ​នោះ រយៈពេល3ឆ្នាំក្រោយ​ពេល​ដាំ ក្រូច​នឹង​ចាប់ផ្ដើម​ផ្កា និង​ហុច​ផល​ជាបណ្ដើរៗ ប៉ុន្តែ​ពេលនោះ គេ​មិនគួរ​បណ្ដោយឱ្យ​ក្រូច​ផ្លែ​រាប់រយ​ផ្លែ ក្នុង1ដើម​នោះទេ ព្រោះ​ដើម​ក្រូច​អាយុ 3ឆ្នាំ​នៅ​ខ្ចី​ណាស់ អាច​ប្រឈម​នឹង​ការ​រលើង​ឫស អន់​ដើម ឬ​ងាប់​ជាដើម។ ក្នុង​រយៈពេល​នេះ កសិករ​ត្រូវដាក់​ជីធម្មជាតិ 1គីឡូក្រាម​ក្នុង​មួយ​ដើម ចម្ងាយ​កន្លះ​ម៉ែត្រ​ជុំវិញ​គល់​ក្រូច ដើម្បី​បំប៉ន​ឫស និង​ដើម”។

ដល់​គ្រប់​អាយុ 4ឆ្នាំ ក្រូចពោធិ៍សាត់​ចាប់ផ្ដើម​ផ្ដល់​ផល​ពេញដៃ​តែម្ដង ដោយ​ក្នុង 1ឆ្នាំ​ផ្ដល់​ផល​បាន2ដង។ តែ​ទោះជា​យ៉ាងណា កសិករ​ក៏​មិនគួរ​ទុកឱ្យ​វា​ផ្លែ​ជ្រែក​ពេញ​ដើម​ពេក ដែលនាំឱ្យ​ផ្លែ​មិនសូវ​ធំ និង​មិនសូវ​មានទឹក​ល្អ ឬ​ដើម​ចុះខ្សោយ​នៅ​រដូវ​ប្រមូល​ផលក្រោយៗទៀត។ ស្របពេល​គ្នា​នោះ កសិករ​ត្រូវ​បន្ត​រក្សា​ការ​ស្រោច​ទឹក បន្ថែម​ជី និង​ជម្រះ​ស្មៅ​តាម​គល់​ជាប់​ជានិច្ច ហើយ​ត្រូវ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​ចង្រៃ​កុំឱ្យ​វា​មូរ​ស្លឹក ឬ​ទិច​ក្ដិ​ប​ផ្លែក្រូច​បណ្ដាលឱ្យ​ស្អុយ​ខូច​ទិន្នផល។

បច្ចុប្បន្ន អ្នកស្រី ចាន់​ធា មាន​ក្រូច​ចំនួន 1,700ដើម​ក្នុង​ផ្ទៃដី 4ហិកតា ដែល​អ្នកស្រី​កំពុង​ប្រមូល​ផល។ ក្រូច​ទាំងនេះ អ្នកស្រី​បាន​ម៉ៅ​ទៅឱ្យ​ឈ្មួញ​ក្នុង​ឆ្នាំ 2ដង និង​លក់​ជា​បន្ទាប់បន្សំ​ទៀត។ ចំណែកឯ​តម្លៃ​លក់រាយ​វិញ គឺ1ឡូ ឬ 12ផ្លែ លក់បាន​ចន្លោះ​ពី8ពាន់ ទៅ1ម៉ឺន 6ពាន់​រៀល។ បើ​លក់​គិត​ជា​ផ្លូន (40ផ្លែ)គឺ​ក្នុង 1ផ្លូន​លក់បាន 25,000រៀល ទៅ 30,000រៀល ដោយ​កាលពី​ពេលមុន អ្នកស្រី​ក៏​ធ្លាប់​ដឹក​ន​ទៅ​លក់​នៅ​ផ្សារ​នាគ​មាស នៅ​ទីក្រុង​ភ្នំពេញ​ផងដែរ។

អ្នកស្រី ចាន់​ធា បាន​និយាយមួយៗទាំង​ទឹកមុខ​ញញឹម​ថា៖“ពី​ដើម បើ​គេ​ចង់​ទិញ​ក្រូចពោធិ៍សាត់ គេ​ទៅ​ទិញ​នៅ​ខេត្តបាត់ដំបង តែ​ឥឡូវ​គេ​បើ​ចង់​ទិញ​ក្រូចពោធិ៍សាត់ គេ​អាច​ទិញ​នៅ​ខេត្តពោធិ៍សាត់​បាន​ហើយ ព្រោះ​កសិករ​ជាច្រើន​បាននាំគ្នា​បង្កើន​ការដាំ​ក្រូចពោធិ៍សាត់​នេះ​បាន​រាប់ពាន់​ហិកតា​ឯណោះ និង​មួយចំនួន​បានចាប់ផ្តើម​ហុច​ផល​ជាបណ្តើរៗហើយ​ទៀតផង”។

ចំពោះ​មហិច្ឆតា​នៃ​ការធ្វើ​ចម្ការ​ក្រូចពោធិ៍សាត់​នេះ​អ្នកស្រី​បាន​ប្រាប់ថា បច្ចុប្បន្ន​អ្នកស្រី​បាន និង​កំពុង​ពង្រីក​ការដាំដុះ​ក្រូចពោធិ៍សាត់​បន្ថែមទៀត ដែល​ជ្រើស​រើសយក​ពូជ​ដែល​ល្អ​ដែលមាន​នៅក្នុង​
ស្រុក​ស្រាប់​មក​ដាំ ដោយបាន​ពង្រីក​ផ្ទៃដី​បាន​ប្រមាណ
7ហិកតា​ទៀត ដែល​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ ដើម​ក្រូច​ទាំងនោះ​នឹង​ផ្តល់​ផល និង​បន្ថែម​ប្រាក់ចំណូល​ដល់​អ្នកស្រី​ជាក់​ជាមិនខាន៕

Advertisement